ជាតិ
សុខភាព
កម្ពុជា សម្រេចទិញវ៉ាក់សាំងកូវីដ-១៩ ពីចិន ជាង១០៤លានដូសទៀត
03, Jun 2022 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ រដ្ឋាភិបាលបានប្រើវ៉ាក់សាំងកូវីដ-១៩ ជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីគ្រប់គ្រង និងការពារអាយុជីវិត ក៏ដូចជា​ការការពារ​សុខុមាលភាព​របស់​ប្រជាជន។​ ហេតុដូច្នេះ កម្ពុជា​បានសម្រេចក្នុងការបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ពីប្រទេសចិនប្រមាណ១០៤លានដូសទៀត សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៤ដល់២០២៦។ នេះបើតាមការលើកឡើងរបស់សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន។​

 
រាប់ចាប់ពីថ្ងៃទី៧ឧសភា មកដល់ថ្ងៃទី២មិថុនា ឆ្នាំ២០២២ គឺមានរយៈពេល២៨ថ្ងៃហើយ ដែលកម្ពុជាមិនមានករណីឆ្លងថ្មីនូវជំងឺកូវីដ-១៩ ខណៈប្រទេសក្នុងតំបន់និងពិភពលោកបន្តរងការរាតត្បាតដោយជំងឺនេះ។  បើតាមសម្តេច ហ៊ុន សែន មូលហេតុកម្ពុជា​អាច​ទប់ស្កាត់ជំងឺនេះបាន ព្រោះតែ​រាជរដ្ឋាភិបាល​​ស្វះស្វែងរក​វ៉ាក់សាំង ដើម្បី​ចាក់​ជូន​ពលរដ្ឋ​។ សម្តេចបន្តមានប្រសាសន៍ដូច្នេះ៖«យោងតាម​បទពិសោធដែលយើងមាន វ៉ាក់សាំង គឺជា​យុទ្ធសាស្ត្រ​គន្លឹះ​សម្រាប់​គ្រប់គ្រង ការពារ​អាយុជីវិតប្រជាជនរបស់យើង ក៏ដូចជា​ការពារ​សុខុមាលភាព​របស់​ប្រជាជន​របស់យើង»។
 
ដ្បិតបច្ចុប្បន្ន កម្ពុជាមិនរកឃើញអ្នកឆ្លងថ្មីនូវជំងឺកូវីដ-១៩នេះទៀតក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលនៅតែបន្តអំពាវនាវដល់ពលរដ្ឋទៅទទួលវ៉ាក់សាំង ។ មកដល់ពេលនេះ មានពលរដ្ឋជាង១៥លាននាក់ហើយបានចាក់ដូសមូលដ្ឋាន។  ក្នុងនោះ មានពលរដ្ឋជាង៩,២លាននាក់បានចាក់ដូសទី៣  និងមាន២,៥លាននាក់បានចាក់ដូសទី៤​ ខណៈយុទ្ធនាការចាក់នូវវ៉ាក់សាំងបង្ការកូវីដ-១៩នូវដូសទី៥ នឹងអនុវត្តចាប់ពីថ្ងៃទី៩មិថុនា ឆ្នាំ២០២២ តទៅ។
 
ទោះបីពេលនេះ កម្ពុជាមិនមានការឆ្លងនិងស្លាប់ដោយសារកូវីដ-១៩ទៀតក៏ដោយ ប៉ុន្តែ លោក​ ហ៊ុន សែន បានបញ្ជាក់ថា ​កូវីដ-១៩ ​មិនទាន់​ទៅណា​ឆ្ងាយ​នៅឡើយ​ទេ​។ ប្រមុខរដ្ឋាភិបាលបន្តមានប្រសាសន៍ដូច្នេះ៖ «ដើម្បី​ម្ចាស់ការ​ទុកជាមុន យើង​បាន​សម្រេចចុះ​ហត្ថលេខា ដើម្បី​ទិញ​វ៉ាក់សាំង ដែល​នឹងត្រូវ​វេចខ្ចប់​នៅក្នុង​ប្រទេស​របស់​យើង​ក្នុង​ចំនួន​ ១០៤ ៨៧៣ ១៥៧​ដូស​បន្ថែមទៀត សម្រាប់​តម្រូវការ​បីឆ្នាំ គឺឆ្នាំ២០២៤ដល់ឆ្នាំ២០២៦ ដែលសហគ្រាស​ផលិត​ឱសថ​កម្ពុជា ​សហការ​ជាមួយ​​ក្រុមហ៊ុន​ស៊ីណូវ៉ាក់​របស់​សាធារណរដ្ឋប្រជាមានិតចិន នឹងត្រូវផ្គត់ផ្គង់​ឱ្យ​រាជរដ្ឋាភិបាល​ជិត​ ៣៥​ លាន​ដូស​ក្នុង​មួយឆ្នាំ»​។
 
​ដោយឡែកសម្រាប់ឆ្នាំ២០២២និង២០២៣ កម្ពុជាបន្តប្រើប្រាស់វ៉ាក់សាំង៩លានដូស ដែលមាននៅក្នុងឃ្លាំង និងបន្តប្រើវ៉ាក់សាំងដែលបានពីជំនួយរបស់ប្រទេសផ្សេងៗ ដែលនឹងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់​។ ក្នុងនោះ​ មាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន​១៥​លាន​ដូស, សហរដ្ឋអាម៉េរិកមាន ​ជាង​៥​លាន​ដូស និង​អូស្ត្រាលី សម្រាប់​ចាក់​កូនក្មេង​ចំនួន ​៥០ ​ម៉ឺន​ដូស​។ 
សម្តេច បានបញ្ជាក់ថា​៖ «ដូច្នេះ យើងមានវ៉ាក់សាំង​ជាង​៣០​លាន​ដូស​នេះ។ យើង​មានលទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​វ៉ាក់សាំង​នេះ ​សម្រាប់​ឆ្នាំ​ ២០២២ និង​ ២០២៣ ​ដោយ​មិនមាន​ការខ្វះខាត​វ៉ាក់សាំង​ឡើយ​។ ដោយសារតែ​ជំងឺ​កូវីដ​-១៩ ​មិនទាន់​បាន​បិទ​បញ្ចប់​នៅលើ​ពិភពលោក យើង​ពុំមាន​សុវត្ថិភាព​នោះឡើយ ដូច្នេះ​យើង​ត្រូវ​មាន​ការត្រៀម​បម្រុង​ទុក ដើម្បី​បញ្ចៀស​នូវ​យថាហេតុ​ដ៏អាក្រក់​ណាមួយ ពេល​ខ្វះ​វ៉ាក់សាំង​»​។
 
របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បានបង្ហាញថា គិតត្រឹមថ្ងៃទី៣មិថុនា  កម្ពុជាសម្រេចអត្រា​ចាក់​វ៉ាក់សាំង​កូវីដ​-១៩មាន​ជាង​ ៩៤ភាគរយ បើធៀប​នឹង​ពលរដ្ឋ​សរុប​១៦​លាន​នាក់។ ក្នុងនោះ​ប្រជាជន​អាយុ​ពី​ ១៨​ឆ្នាំ​ឡើង មាន​ចំនួន​ ១០៣,២០ភាគរយ, ​កុមារ​ អាយុ​ពី​ ១២ ​ឆ្នាំ ទៅ​ក្រោម​១៨ឆ្នាំ​ មាន​១០០,៦៣ភាគរយ,  កុមារ​អាយុ​ពី៦ ​ឆ្នាំទៅ​ក្រោម១២ឆ្នាំ មាន​១០៩,១៦ភាគរយ, កុមារ​អាយុ​ ៥ ​ឆ្នាំមាន​ ១៣៣, ១៥ភាគរយ និង​កុមារ​អាយុ​ ៣ ​ឆ្នាំ ដល់​ក្រោម​ ៥​ឆ្នាំ មាន​ ៦៧,០៣ភាគរយ៕​
 
 

Tag:
 វ៉ាក់សាំង
  កូវីដ-១៩
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com