អន្តរជាតិ
ស្របពេលរងការរិះគន់រឿងមីស៊ីល កូរ៉េខាងជើង ឡើងធ្វើជាប្រធានសន្និសីទរំសាយសព្វាវុធ
03, Jun 2022 , 7:29 pm        
រូបភាព
លោក Han Tae Song ប្រេសិតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិក្នុងក្រុងហ្សឺណែវ។ រូបភាព៖ AFP
លោក Han Tae Song ប្រេសិតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិក្នុងក្រុងហ្សឺណែវ។ រូបភាព៖ AFP
កូរ៉េខាងជើង បានឡើងធ្វើជាប្រធានផ្លាស់វេននៃសន្និសីទស្តីពីការរំសាយសព្វាវុធ ដែលជាភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ ស្របពេលរងការរិះគន់យ៉ាងខ្លាំងជុំវិញការសាកល្បងមីស៊ីលជាច្រើនលើក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែមិថុនា។

 
ស្របពេលរងការរិះគន់រឿងបាញ់មីស៊ីលផ្អើលពិភពលោក​ កូរ៉េខាងជើង បានឡើងធ្វើជាប្រធានផ្លាស់វេនសន្និសីទលុបបំបាត់សព្វាវុធដែលមានសមាជិកចំនួន៦៥ប្រទេស នៅក្នុងខែមិថុនា។ កូរ៉េខាងជើង បានក្លាយជាប្រធានសន្និសីទដែលមានមូលដ្ឋាននៅក្រុងហ្សឺណែវមួយនេះ តាមរយៈលំដាប់ឈ្មោះប្រទេសជាភាសាអង់គ្លេស។ 
 
ក្នុងកិច្ចប្រជុំលើកដំបូងនៅក្នុងខែមិថុនា អគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវ លោកTae Song Han បានថ្លែងថា កូរ៉េខាងជើង មានកិតិ្តយស ដែលបានឡើងធ្វើជាប្រធាននៃសន្និសីទរំសាយសព្វាវុធ។ កូរ៉េខាងជើង នឹងអង្គុយកៅអីប្រធានមួយនេះរហូតដល់ថ្ងៃទី២៤ ខែមិថុនា។
 
«កូរ៉េខាងជើង នៅតែប្តេជ្ញាចូលរួមក្នុងសន្តិភាពសកល និងការរំសាយសព្វាវុធ»។ ប្រេសិតកូរ៉េខាងជើង បានបញ្ជាក់បែបនេះ ដោយបន្ថែមថា សន្និសីទមួយនេះ ជាវេទិកាចរចារំសាយអាវុធបែបពហុភាគីនិយមតែមួយគត់ និងដើរតួនាទីដ៏សំខាន់ ក្នុងការធានាសន្តិសុខ និងសន្តិភាពសកល។ 
 
ដោយតំណាងឱ្យរដ្ឋសមាជិកប្រមាណ ៥០ផ្សេងទៀត អូស្រ្តាលីបានអះអាងក្នុងកិច្ចប្រជុំនោះថា ខ្លួន និងរដ្ឋផ្សេងទៀត នៅតែចូលរួមក្នុងកិច្ចប្រជុំ។ ប៉ុន្តែរដ្ឋទាំងនោះ បានបង្ហាញក្តីបារម្ភពីសកម្មភាពរបស់កូរ៉េខាងជើង ដែលបន្តបាញ់មីស៊ីល រួមទាំងអភិវឌ្ឍន៍អាវុធប្រល័យលោក ដោយធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃសន្និសីទអន្តរជាតិនេះ។ 
 
ត្រង់ចំណុចនេះ អូស្រ្តាលី បានជំរុញឱ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងកម្មវិធីនុយក្លេអ៊ែរទាំងអស់ ដើម្បីស្ថិរភាពក្នុងតំបន់។ មិនតែប៉ុណ្ណោះ រដ្ឋទាំងនោះ ក៏បានជំរុញឱ្យក្រុងព្យុងយ៉ាងចូលជាសមាជិកសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ និងទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិផង។ កូរ៉េខាងជើង បានដើរចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរនៅក្នុងឆ្នាំ២០០៣ និងទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ នៅឆ្នាំ១៩៩៤។ 
 
បន្ទាប់ពីកូរ៉េខាងជើងឡើងធ្វើជាប្រធានសន្និសីទស្តីពីការរំសាយសព្វាវុធ អ្នកជំនាញបានមើលឃើញថា រូបភាពបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់មុខមាត់ និងភាពជឿជាក់របស់អង្គការសហប្រជាជាតិ៕ 
 

Tag:
 កូរ៉េខាងជើង
  UN
© រក្សាសិទ្ធិដោយ thmeythmey.com