អន្តរជាតិ
ប្រមុខការទូតនូវែលសេឡង់ ប្រាប់អគ្គរដ្ឋទូតចិនពីក្ដីបារម្ភជុំវិញស្ថានការណ៍នៅតំបន់ប៉ាស៊ីហ្វិក
03, Jun 2022 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ Nanaia Mahuta ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ Nanaia Mahuta ។ រូបថត AFP
ដោយ:
រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ Nanala Mahuta បានជួបជាមួយអគ្គរដ្ឋទូតចិនប្រចាំនូវែលសេឡង់ Wang Xiaolong នៅថ្ងៃទី២ ខែមិថុនា ដោយជជែកពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ប៉ាស៊ីហ្វិកដែលកំពុងក្ដៅ។ ក្នុងជំនួបនេះ លោក Wang បានបញ្ជាក់ជាថ្មីជំហររបស់ចិនប្រឆាំងសេចក្តីថ្លែងការណ៍រួមថ្មីៗនេះរបស់មេដឹកនាំនូវែលសេឡង់ និងអាម៉េរិក ឯលោកស្រី Mahuta បង្ហាញក្តីបារម្ភជុំវិញកិច្ចព្រមព្រៀងសន្តិសុខរបស់ចិនជាមួយកោះសូឡូម៉ុន។

 
ទាក់ទងជាមួយប្រមុខការទូតនូវែលសេឡង់ លោក Wang Xiaolong បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា លោកបានបញ្ជាក់គោលជំហរជាថ្មីរបស់ចិនក្នុងការប្រឆាំងនឹងសេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្រ្តី ចាស៊ីនដា អាឌើន និងប្រធានាធិបតី ចូ បៃឌិន នៅសេតវិមានដែលបានលូកលាន់ចូលកិច្ចការចិន។ លោកលើកឡើងថា ការបន្តកិច្ចសន្ទនារវាងប្រទេសទាំងពីរពិតជាចាំបាច់ណាស់នាពេលនេះ។
 
«យើងក៏បាននិយាយផងដែរអំពីវិធីដែលនូវែលសេឡង់ និងចិនអាចធ្វើការរួមគ្នាដើម្បីគាំទ្រការអភិវឌ្ឍរួមជាមួយដៃគូកោះប៉ាស៊ីហ្វិក»។ អគ្គរដ្ឋទូតចិនប្រចាំនូវែលសេឡង់សរសេរបែបនេះនៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី៣ ខែមិថុនា។
 
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់នៅល្ងាចថ្ងៃទី២ ខែមិថុនា លោកស្រី Nanala Mahuta ចាត់ទុកជំនួបនេះ ជាឱកាសដ៏មានប្រយោជន៍ដើម្បីពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និងសារសំខាន់នៃការសន្ទនាដោយបើកចំហ និងប្រកបដោយស្ថាបនាទាំងផ្នែកសហប្រតិបត្តិការ និងជំហរដែលខុសគ្នា។ លើបញ្ហាតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់នៅតែបញ្ជាក់ពីក្តីបារម្ភជុំវិញកិច្ចព្រមព្រៀងសន្តិសុខរវាងកោះសូឡូម៉ុន និងចិន។ 
 
សេចក្តីលម្អិតនៃកិច្ចព្រមព្រៀងនេះមិនបានបង្ហាញជាសាធារណៈឡើយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យសម្ព័ន្ធមិត្តអាម៉េរិកបារម្ភ គឺលទ្ធភាពដែលចិនអាចនឹងពង្រាយកងកម្លាំងនៅលើកោះ។ ប៉ុន្តែ កន្លងមក ចិន និងសូឡូម៉ុនបានច្រាលចោលការលើកឡើងបែបនេះ។
 
តំបន់ប៉ាស៊ីហ្វិកត្រូវបានមើលឃើញថា ជាតំបន់យុទ្ធសាស្រ្តដែលប្រទេសមហាអំណាចកំពុងតែស្វះស្វែងប្រជែងឥទ្ធិពល។ សំណើកិច្ចព្រមព្រៀងសន្តិសុខ និងពាណិជ្ជកម្មថ្នាក់តំបន់របស់ចិនជាមួយរដ្ឋប៉ាស៊ីហ្វិកទាំង ១០ រឹតតែធ្វើឱ្យនូវែលសេឡង់ អូស្រ្តាលី និងអាម៉េរិកព្រួយបារម្ភថែមទៀតពីសន្តិសុខក្នុងតំបន់នេះ។ 
 
សូមបញ្ជាក់ថា លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ក៏ធ្វើទស្សនកិច្ចនៅប៉ាពូអាស៊ីនូវែលហ្គីណេដែលជាទិសដៅចុងក្រោយនៃដំណើរទស្សនកិច្ច ៨ប្រទេសក្នុងរយៈពេល១០ ថ្ងៃនៅកោះប៉ាស៊ីហ្វិក។ ខណៈរដ្ឋមន្រ្តីការបរទេសអូស្រ្តាលីលោកស្រី Penny Wong ក៏បានបញ្ចប់ដំណើរទស្សនកិច្ចនៅកោះប៉ាស៊ីហ្វិកចំនួនបីដែរ៕
 
 

Tag:
 នូវែលសេឡង់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com