ជាតិ
កញ្ញា គឹម ឌីណា៖ ការនិពន្ធប្រលោមលោកបែបស្នេហា រួមចំណែក​ស្រាយបញ្ហាយុវជនក្នុងសង្គម
04, Jun 2022 , 8:59 am        
រូបភាព
កញ្ញា គឹម ឌីណា អ្នកនិពន្ធសៀវភៅប្រលោមលោកបែបស្នេហា
កញ្ញា គឹម ឌីណា អ្នកនិពន្ធសៀវភៅប្រលោមលោកបែបស្នេហា
ដោយ៖ ​ សឿន លក្ខិណា
 
ជាង៥ឆ្នាំមកហើយ​ ដែល​កញ្ញា គឹម ឌីណា ចាប់យកអាជីពជាអ្នកតែងនិពន្ធសៀវភៅប្រលោមលោកបែបស្នេហា។ ស្នាដៃប្រលោមលោកនីមួយៗរបស់កញ្ញា ​ឌីណា គឺមានបង្កប់នូវសារអប់រំ និងលើកទឹកចិត្តដល់អ្នកមានបញ្ហាឬវិបត្តិស្នេហាឱ្យក្រោកឈររឹងមាំឡើងវិញ ដើម្បីសម្រេចគោលដៅអនាគតរបស់ខ្លួន។ កញ្ញា បានចាត់ទុក ការនិពន្ធសៀវភៅប្រលោមបែបស្នេហានេះ គឺជាចំណែកមួយក្នុងការជួយមនុស្ស ជាពិសេសយុវជននៅក្នុងសង្គម ឱ្យឆ្លងផុតពីវិបត្តិស្នេហា។​

 
កញ្ញា គឹម ឌីណា ពីអ្នកចូលចិត្តអានសៀវភៅ ក្លាយអ្នកនិពន្ធរឿងប្រលោមលោកបែបស្នេហាដ៏ចំណាន ចាប់តាំងពីឆ្នាំ២០១៧មក។   ​ស្នាដៃ​ប្រលោមលោក​បែប​មនោសញ្ចេតនារបស់​ឌី​ណា មាននិយាយអំពីបញ្ហាស្នេហា បញ្ហា​របស់​ស្ត្រី រួមទាំងរឿង​អប់រំជាច្រើនទៀត​ ដើម្បីជំរុញទឹកចិត្តមនុស្សឱ្យជម្នះនូវឧបសគ្គនានា​ដែលកើតចេញពីវិបត្តិស្នេហា។ 
 
ដ្បិត បច្ចុប្បន្នការតែងនិពន្ធរឿងប្រលោមលោកស្នេហា មិនសូវទទួលបានឱ្យតម្លៃពីសង្គមខ្មែរក្តី ប៉ុន្តែ កញ្ញា​ ឌីណា នៅតែរីករាយក្នុងការតែងនិពន្ធរឿងប្រភេទនេះឡើង ដោយចាត់ទុកថា ស្នាដៃរបស់ខ្លួន គឺជាចំណែកមួយដែលអាចជួយដល់សង្គមបាន ផងដែរ។  អ្នកនិពន្ធវ័យ៣០ឆ្នាំរូបនេះនិយាយប្រាប់សារព័ត៌មានថ្មីៗថា៖ «នៅក្នុងសង្គមរបស់យើង អ្នកខ្លះមិនសូវឱ្យតម្លៃទៅលើអ្នកនិពន្ធរឿង[ប្រលោមលោកបែបស្នេហា]ទេ ដោយគិតថា អ្នកសរសេររឿងប្រភេទហ្នឹង អត់បានជួយអ្វីដល់សង្គមទេ។ ប៉ុន្តែ​ បើយើងក្រលែងមើលរឿងជាក់ស្តែងក្នុងសង្គមយើងវិញ! អ្នកខ្លះពេលបាត់បង់ស្នេហាបានធ្វើបាបខ្លួនឯង  បោះបង់ចោលគ្រួសារ ការងារ និងក្តីសុបិន ហើយឈានដល់ការសម្លាប់ខ្លួនឯង ក៏មានដែរ។ អ៊ីចឹង! ខ្ញុំគិតថាបញ្ហាទាំងហ្នឹង​គឺសំខាន់ណាស់ ប្រសិនជាយើងអាចប្រើប្រាស់ស្នាដៃរបស់យើង​ក្នុងការជួយលើកទឹកចិត្តដល់អ្នកមានបញ្ហាស្នេហាឱ្យក្រោកឈរមកវិញបាន! ខ្ញុំគិតថា នេះជាចំណែកមួយដែលជួយមនុស្សនៅក្នុងសង្គមរបស់យើង»។​
 
ស្នាដៃប្រលោមលោកបែបស្នេហារបស់កញ្ញា ឌីណា ដែលត្រូវបានបោះពុម្ពជាសៀវភៅលក់នៅតាមបណ្ណាគារក្នុងរាជធានីភ្នំពេញនិងនៅតាមបណ្ដាខេត្តមួយចំនួននោះរួមមាន៖ រឿងភរិយាខ្ញុំអាយុ១៨ឆ្នាំ,​​ ស្នេហ៍អស់ពីហឫទ័យ, មនុស្សបាក់ទឹកចិត្ត, ផ្ការីកវិញទេ!  និងសៀវភៅ៖ ថាម៉េចយើងស្រលាញ់គ្នា! ជាដើម។  សៀវភៅនីមួយៗដែលកញ្ញា ឌីណា និពន្ធឡើង បានបង្កប់នូវគំនិតវិជ្ជមានជាច្រើន រួមទាំងបានឆ្លុះបញ្ចាំងនូវទិដ្ឋភាពជាក់ស្តែង​មួយចំនួននៅក្នុងសង្គម ដើម្បីឱ្យអ្នកអានស្វែងយល់ពីបញ្ហានិងដំណោះស្រាយនានា ដែលកើតចេញពីរឿងស្នេហា​។ 
 
បើតាមកញ្ញា ឌីណា គំនិតនៃការសរសេរសៀវភៅប្រលោមលោកនីមួយៗ គឺអាចកើតចេញពីអារម្មណ៍ផ្ទាល់របស់អ្នកនិពន្ធដែលបានឆ្លងកាត់រឿងរ៉ាវនាពេលកន្លងមក ឬរឿងរ៉ាងនានាដែលកំពុងកើតឡើងនៅក្នុងសង្គម។​​ អ្នកនិពន្ធសៀវភៅប្រលោមលោកបែបស្នេហារូបនេះ បានបញ្ជាក់ថា  ៖ «[ការតែងនិពន្ធ] ពេលខ្លះវាអាចជាអារម្មណ៍ដែលយើងជួបប្រទះ ដែលអាចជាភាពឈឺចាប់ សេចក្ដីរំភើបរីករាយ ជាដើម។ ពេលខ្លះយើងមើលរឿងរបស់គេ! យើងចាប់បានចំណុចណាមួយ ដែលជាចន្លោះប្រហោងរបស់គេ គឺយើងយកមកអភិវឌ្ឍឱ្យក្លាយទៅជារឿងមួយដែលកាន់តែមានន័យ។ ប៉ុន្តែមិនមែនន័យថា យើងយកគំនិតរបស់គេមកសរសេរជាសៀវភៅនោះទេ»។  
 
ក្រៅពីនេះ កញ្ញា ឌីណា តែងតែរៀនសូត្រ​ និងទទួលយកនូវគំនិតថ្មីៗជានិច្ច​ តាមរយៈការអានរឿងប្រលោមលោកផ្សេងៗ និងមើលភាពយន្តនានា ដើម្បីអភិវឌ្ឍសមត្ថភាពតែងនិពន្ធរបស់ខ្លួនឱ្យកាន់តែប្រសើរ។  «ខ្ញុំមើលប្រលោមលោកក្តី ឬ មើលភាពយន្តក្តី​ នៅពេលដែល[ខ្ញុំ]ប៉ះឃ្លាឬប្រយោគណាមួយដែលខ្ញុំពេញចិត្តខ្លាំង គឺខ្ញុំតែងតែកត់ទុក ពីព្រោះចំណុចហ្នឹង វាអាចអភិវឌ្ឍទៅជាConcept story[គំនិតរឿង] បាននៅពេលក្រោយទៀត»​។
 
កញ្ញា ឌីណា បានលើកឡើងបែបនេះ  ដោយបន្តរៀបរាប់ថា​៖ «នៅពេលយើងទំនេរ គឺយើងអាចយកអ្វីដែលបានកត់ត្រាហ្នឹងមកមើលឡើងវិញ! ហើយប្រសិនជាបរិបទនៃសង្គមរបស់យើង​ស្រាប់តែមានរឿងណាមួយត្រូវជាមួយនឹងអ្វីដែលយើងបានកត់ត្រាទុកហ្នឹង! ហើយយើងមានជំនក់ទៅលើរឿងហ្នឹង!​ គឺអាចចាប់ផ្តើមសរសេរជាសាច់រឿងបានហើយ!»៕
 

Tag:
 និពន្ធសៀវភៅ
  កញ្ញា គឹម ឌីណា
  BBC
© រក្សាសិទ្ធិដោយ thmeythmey.com