កីឡាជាតិ
ជាតិ
កីឡាការិនីបាល់ទះ ៣០នាក់ នឹងត្រូវកោះហៅធ្វើតេស្តសមត្ថភាព ត្រៀមស៊ីហ្គេមលើកទី៣២
04, Jun 2022 , 9:59 am        
រូបភាព
ក្រុមបាល់ទះ យុវនារី ក្នុងកម្មវិធីប្រកួតថ្ងៃទិវាសិទ្ធិនារី ៨ មីនា។ (ប្រភព អាំង សិរីពិសិដ្ឋ)
ក្រុមបាល់ទះ យុវនារី ក្នុងកម្មវិធីប្រកួតថ្ងៃទិវាសិទ្ធិនារី ៨ មីនា។ (ប្រភព អាំង សិរីពិសិដ្ឋ)
ដោយ៖ហៀក ឆក 

សហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រៀមកោះហៅកីឡាការិនីបាល់ទះ ៣០នាក់ ធ្វើតេស្តសមត្ថភាពត្រៀមព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣។


សហព័ន្ធកីឡាបាល់ទះកម្ពុជា បាននឹងកំពុងត្រៀមលក្ខណៈសម្រាប់ព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ។ សម្រាប់វិញ្ញាសាបាល់ទះនារី ស៊ីហ្គេមលើកទី៣១ នៅវៀតណាម គឺកម្ពុជាពុំមានវត្តមានទេ ។
 
ដើម្បីលើកកម្ពស់វិស័យកីឡាបាល់ទះនារី និងស្របព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ផងនោះ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រៀមកោះហៅកីឡាការិនីបាល់ទះ ៣០នាក់ ធ្វើតេស្តសមត្ថភាព។
 
ថ្លែងបានប្រាប់សារពត៌មានថ្មីៗ តាមតេឡេក្រាម លោក អាំង សិរីពិសិដ្ឋ បាននិយាយថា៖ «ពាក់ព័ន្ធនឹងការជ្រើសរើសកីឡាការនី ក៏ដូចជាកីឡាករបន្ថែមសម្រាប់ស៊ីហ្គេម២០២៣ លក្ខខណ្ឌនៃការជ្រើសរើស ដូចបានចេញនូវសេចក្តីប្រកាសហ្នឹង ទាក់ទងនឹងកាយសម្បទា កម្ពស់ នារីយើងយកពី ១.៧០ ម៉ែត្រឡើងទៅពេលដែលធ្វើតេស្តជាប់ យើងនឹងនាំគាត់ចូលជំរុំហ្វឹកហាត់ជម្រើសជាតិតែម្តង»។
 
លោកអគ្គលេខាធិការរូបនេះ បានបញ្ជាក់ពីបញ្ហាវិន័យ ការហូបចុក ការស្លៀកពាក់ កាស្នាក់នៅ ពិសេសគឺសីលធម៌ផងដែរ។ លោកបានសង្កត់ធ្ងន់ថា ៖«រយៈពេល ៣ខែក្រោយយើងនឹងធ្វើតេស្តឡើងវិញទាក់ទងទៅនឹង Performent របស់គាត់ តើការរីកចម្រើនរបស់គាត់ដល់កម្រិតណា ? តើការហ្វឹកហាត់របស់គាត់អាចក្លាយជាកីឡាការិនីតំណាងជាតិយើងបានឬអត់? ។ នៅក្នុងនោះវិន័យជាគោលហើយ បន្ទាប់ពីយើងមានកាយសម្បទា មានទេពកោសល្យយ៉ាងខ្លាំងហើយ ប៉ុន្តែបើវិន័យ ការហូបចុក ការស្នាក់នៅ ការស្លៀកពាក់ ការដើរហើរ គាត់ធ្វើមិនបានល្អក៏យើងមិនអាចឲ្យជាប់ជាជម្រើសជាតិបានដែរ ។ ចុងក្រោយគឺសីលធម៌តែម្តងដោយសារគាត់ជាកីឡាការិនីតំណាងឲ្យជាតិរបស់យើង»។ 
 
ប្រភេទវិញ្ញាសា​កីឡាបាល់ទះនារី ត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមកាលពីឆ្នាំ ១៩៧៧ ប៉ុន្តែកម្ពុជា មិនបានចូលរួមប្រកួតឡើយ។ បាល់ទះនារីកម្ពុជា ធ្លាប់ចូលរួមប្រកួតកីឡាស៊ីហ្គេមម្តងកាលពីឆ្នាំ ១៩៧0 ដោយទទួលបានមេដាយ សំរឹទ្ធ។ កីឡាការិនីដែលបានចូលរួមប្រកួតគ្រានោះ រួមមាន ចាន់ លៀងឈីវ, ឈូក វណ្ណា, អៀប សុដានេប, ផាវ យឿន, ថេន សែម, ទេព គឹមហេង និង វ៉ូ អន៕
 

Tag:
 បាល់ទះនារី
© រក្សាសិទ្ធិដោយ thmeythmey.com