ជាតិ
ជាង៣ឆ្នាំគម្រោងអង្កេតតាមដានសុខភាពសត្វព្រៃ រកឃើញសត្វព្រៃឈឺ និងងាប់ជាង១០០ករណី
04, Jun 2022 , 11:29 am        
រូបភាព
ដោយ:
ភ្នំពេញ៖ គម្រោងអង្កេតតាមដានសុខភាពសត្វព្រៃនៅប្រទេសកម្ពុជានៅចន្លោះឆ្នាំ២០១៨ ដល់២០២២ រកឃើញសត្វព្រៃឈឺ​ និងស្លាប់ជាង១០០ករណី។ សកម្មភាពនៃការតាមដានសុខភាពសត្វព្រៃនេះ ធ្វើឡើងក្នុងគោលបំណងសិក្សារកមេរោគដែលអាចកើតលើសត្វព្រៃ ដើម្បីទប់ស្កាត់ការឆ្លងឱ្យទាន់បានពេលវេលា។



គម្រោងអង្កេតតាមដានសុខភាពសត្វព្រៃ WildHealthNet ធ្វើឡើងនៅតាមតំបន់ទន្លេមេគង្គក្រោមរួមមានកម្ពុជា ឡាវ និងវៀតណាម ដើម្បីស្រាវជ្រាវ ពិនិត្យតាមដាន និងរាយការណ៍អំពីប្រភេទជំងឺឆ្លងដែលគ្រោះថ្នាក់ ជាពិសេសEDPs ដែលកើតលើសត្វព្រៃ។ នៅប្រទេសកម្ពុជាគម្រោងនេះចាប់ផ្ដើមនៅចុងឆ្នាំ២០១៨ និងត្រូវបញ្ចប់នៅចុងខែមិថុនាឆ្នាំ២០២២។ គម្រោងនេះ​ គាំទ្រដោយទីភ្នាក់ងារកាត់បន្ថយការគំរាមកំហែងនៃសហរដ្ឋអាមេរិក។
  

រូបភាពដោយ អង្គការ WCS

លោក ជា សុខា ប្រធានក្រុមសុខភាពសត្វព្រៃ និងទីប្រឹក្សាគោលនយោបាយសុខភាពតែមួយនៃអង្គការWCS បានលើកឡើងថា សកម្មភាពអង្កេតតាមដានសុខភាពសត្វព្រៃនៅទូទាំងប្រទេស នៅតំបន់ដែលមានសត្វព្រៃ។ កន្លងមកការងារនេះ បានសហការនៅតាមខេត្តមួយចំនួនដូចជា ខេត្តកំពត តាកែវ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី និងបណ្តាខេត្តផ្សេងទៀត។ បើតាមលោក ជា សុខា សកម្មភាពអង្កេតតាមដានសុខភាពសត្វព្រៃ បានធ្វើការបណ្ដុះបណ្ដាលនៅទីវាលលើការអង្កេត និងតាមដានសុខភាពសត្វព្រៃប្រមាណ៤០០នាក់ ដែលភាគច្រើនជាឧទ្យានុរក្ស។
 
«ការងារនេះ យើងធ្វើការជាមួយសត្វព្រៃ នៅក្នុងតំបន់ការពារមួយចំនួន។ មានន័យថា ក្នុងករណីណាមានសត្វព្រៃឈឺឬងាប់ យើងតម្រូវឱ្យក្រុមការងារតាមគោលដៅជូនដំណឹង និងយកសំណាក់ដើម្បីពិនិត្យរកមេរោគ និងដើម្បីដឹងពីមូលហេតុ ដែលសត្វឈឺឬងាប់»។ នេះជាពន្យល់របស់លោក សុខា ដោយបន្ថែមថា លទ្ធផលដែលគួរឱ្យកត់សម្គាល់ក្នុងសកម្មភាពរបស់គម្រោងនៅឆ្នាំ២០២១ ក្រុមការងារបានរកឃើញ មេរោគចំនួនបីដែលកើតលើសត្វព្រៃ នៅក្នុងតំបន់ការពារ។


រូបភាពដោយ អង្គការ WCS

នៅចុងខែធ្នូ ឆ្នាំ២០២០ ក្រុមការងារនៅក្នុងខេត្តរតនគិរី បានរកឃើញករណីជ្រូកព្រៃងាប់ ដោយបានយកសំណាក់មកពិនិត្យ រួចឃើញថាជ្រូកព្រៃនោះមានផ្ទុកជំងឺបេសជ្រូកអាហ្វ្រិក។ បន្ទាប់មកទៀត នៅអំឡុងខែកញ្ញា ឆ្នាំ២០២១ មានការរាយការណ៍ថាមានសត្វទន្សោងមួយក្បាលឈឺនៅខេត្តព្រះវិហារ  បន្ទាប់មកក្រុមការងារបានយកសំណាក់មកពិនិត្យ និងឃើញថាទន្សោងនោះមានជំងឺដុំពកស្បែក និងមានករណីផ្ទុះជំងឺផ្តាសាយ H5N1 នៅក្នុងតំបន់បឹងស្នេហ៍ទួលព័ន្ធតាឡីផងដែរ »។
 
ទាក់ទងនឹងករណីខាងលើ លោក សុខា អះអាងថា ការរកឃើញរោគសញ្ញាមេរោគនៅក្នុងចំណោមសត្វព្រៃ ពិតជាមានសារៈសំខាន់ ដែលអាចឱ្យប្រជាជន និងក្រសួងបានដឹង និងអាចទប់ស្កាត់ការរីករាលដាលបន្តបន្ទាប់។ ប្រធានក្រុមសុខភាពសត្វព្រៃ និងទីប្រឹក្សាគោលនយោបាយសុខភាពតែមួយនៃអង្គការWCSរូបនេះ លើកឡើងដូច្នេះ៖« ជាក់ស្ដែងដូចយើងពិនិត្យឃើញមានទន្សោងមានជំងឺដុំពក  យើងមិនអាចយកវ៉ាក់សាំទៅចាក់ឱ្យទន្សោងក្តី ក៏យើងបានជជែករកវិធីសាស្រ្តធ្វើយ៉ាងណា ការពារសត្វក្នុងស្រុកដែលស្ថិតនៅជុំវិញតំបន់ការពារសត្វព្រៃ»។
 


រូបភាពដោយ អង្គការ WCS

នៅចុងខែមិថុនាជំនួយថវិកាសម្រាប់គម្រោងនេះ នឹងត្រូវបញ្ចប់។ ប៉ុន្ដែលោក សុខា ពិតជាចង់ឱ្យក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ រួមជាមួយនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល បន្តការងារនេះ ទោះបីជាមិនមានជំនួយថវិកាក្តី។ «ទោះជាគម្រោងមានជំនួយថវិកាត្រូវបានបញ្ចប់ ប៉ុន្ដែយើងកំពុងស្វែងរកការគាំទ្រឱ្យអនុវត្តបន្តពីស្ថាប័នរដ្ឋ លើកិច្ចការងារនេះ។ ក្រុមការងារកំពុងស្នើឱ្យក្រសួងដែលជាប់ពាក់ព័ន្ធ​ធ្វើបន្តទោះគ្មានជំនួយថវិកា។ លទ្ធផល យ៉ាងណាយើងនឹងបញ្ជាក់នៅពេលបន្ទាប់»។ នេះជាការលើកឡើងរបស់លោក ជា សុខា៕
 
 
 
 

Tag:
 សត្វព្រៃ
  គម្រោងអង្កេតតាមដាន
  ទន្លេមេគង្គក្រាម
© រក្សាសិទ្ធិដោយ thmeythmey.com