ជាតិ
សេដ្ឋកិច្ច
ជំនួយបារាំងជាង ៤៨ម៉ឺនដុល្លារ លើវិស័យអាកាសចរកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការ
03, Jun 2022 , 9:59 pm        
រូបភាព
ក្រុមរដ្ឋលេខាធិការអាកាសចរស៊ីវិល ដឹកនាំដោយលោក ម៉ៅ ហាវណ្ណាល់ ជួបជាមួយលោក ហ្សាក់ ប៉ឺឡេ អគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា  និងប្រតិភូបារាំង។ រូបថត ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា ។
ក្រុមរដ្ឋលេខាធិការអាកាសចរស៊ីវិល ដឹកនាំដោយលោក ម៉ៅ ហាវណ្ណាល់ ជួបជាមួយលោក ហ្សាក់ ប៉ឺឡេ អគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងប្រតិភូបារាំង។ រូបថត ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា ។
ដោយ ៖ ធន់ សេងហុង 
 
គម្រោងជ្រោមជ្រែងផ្នែកបច្ចេកទេស​លើវិស័យអាកាសចរកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការ ។ គម្រោងនេះ ប្រើប្រាស់ថវិកាជាង ៤៨ម៉ឺនដុល្លារ ជាជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងផ្តល់ឱ្យកម្ពុជា ។ នេះបើតាមចុះផ្សាយរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា ​នាថ្ងៃទី០១ ខែឧសភា។


រដ្ឋាភិបាលប្រទេសបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានផ្តល់ថវិកា ៤៥ម៉ឺនអឺរ៉ូ (ប្រមាណជាង ៤៨ម៉ឺនដុល្លារ) ដល់កម្ពុជា សម្រាប់គម្រោងជួយផ្នែកបច្ចេកទេសដល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ គម្រោងនេះ​ ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងជំនួបរវាងលោក ហ្សាក់ ប៉ឺឡេ (Jacque Pellet) ឯកអគ្គរាជទូតបារាំងប្រចាំនៅកម្ពុជា ជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
 
គម្រោងនេះមានគោលដៅពង្រឹងសន្តិសុខ និងសុវត្ថិភាពវិស័យអាកាសចរណ៍ ក៏ដូចជាបញ្ហាបរិស្ថានក្នុងព្រលានយន្តហោះនៅកម្ពុជា។ អ្នក​នាំ​ពាក្យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា លោក ស៊ិន ចាន់សេរីវុត្ថា បានប្រាប់សារព័ត៌មានថ្មីៗនាថ្ងៃទី០៣ ឧសភាថា គម្រោងនេះ ផ្តោតលើផ្នែកសំខាន់ៗចំនួន៤ គឺ ទី១ ពង្រឹង​ផ្នែកសុវត្ថិភាពនៅអាកាសយានដ្ឋាន និងកិច្ចសហប្រតិបត្តិការក្រុមហ៊ុនទេសចរណ៍។​ ចំណែកទី២ ផ្នែកជួសជុល និងថែទាំយន្តហោះ ។ ទី៣ ផ្នែកសុខាភិបាល ដែលផ្តោតសំខាន់ទៅលើការព្យាបាល ​ពិនិត្យសុខភាពអ្នកធ្វើដំណើរ និងចុងក្រោយ សំដៅដល់ការបម្រែបម្រួលអាកាសធាតុ ។
 
លោក ស៊ិន ចាន់សេរីវុត្ថា បានបញ្ជាក់បន្ថែមទៀតថា ៖ «គម្រោងនេះមានរយៈពេលមួយឆ្នាំ ហើយភាគីបារាំងបានបញ្ជូនអ្នកជំនាញបារាំងមួយរូបគឺ លោកស្រី មីស៊ែល ឌីវីល្យេ ប្រចាំការនៅទីក្រុងភ្នំពេញ ក្រៅពីនេះមានអ្នកជំនាញ ៣ -៤នាក់បន្ថែមទៀតដែល ផ្លាស់ប្តូរវេនគ្នាទៅវិញទៅមក »។  
 
ទីភ្នាក់ងារ AFD ប្ដេជ្ញាធ្វើសកម្មភាព១០០ភាគរយ ស្របតាមកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ ដើម្បីជួយជ្រោមជ្រែងគម្រោងនេះ ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូននៃព្រលានយន្តហោះ។
 
កាលពីដើមខែឧសភាកន្លងទៅ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) សន្យាផ្តល់ហិរញ្ញប្បទាន ជាង៣០០លានអឺរ៉ូ (ប្រមាណ៣១៦លានដុល្លារ) ដល់កម្ពុជា សម្រាប់ចូលរួមអភិវឌ្ឍវិស័យកសិកម្ម ថាមពល ទឹក-អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ៕
 
 

Tag:
 បារាំង AFD
© រក្សាសិទ្ធិដោយ thmeythmey.com