ជាតិ
បេក្ខជនបោះឆ្នោតមិនត្រូវធ្វើសកម្មភាពបង្កអសន្តិសុខ ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមឡើយ
03, Jun 2022 , 6:49 pm        
រូបភាព
រូបភាព សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ប្រាជ្ញ ចន្ទ ប្រធាន​គណកម្មាធិការជាតិរៀបចំការបោះឆ្នោត។
រូបភាព សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ប្រាជ្ញ ចន្ទ ប្រធាន​គណកម្មាធិការជាតិរៀបចំការបោះឆ្នោត។
​ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ បេក្ខជនបោះឆ្នោត មិនត្រូវធ្វើសកម្មភាពកៀរគរ ដើម្បីធ្វើសកម្មភាពក្នុងចេតនាបង្កអសន្តិសុខសង្គម ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមនោះឡើយ។ នេះបើតាមសេចក្ដីណែនាំ គ.ជ.ប ចុះថ្ងៃទី២ មិថុនា ឆ្នាំ២០២២។

 
​គណកម្មាធិការរៀបចំការបោះឆ្នោត មានគោលបំណងធានាឲ្យដំណើរការនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ប្រព្រឹត្តទៅដោយរលូន ស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់ ធានាបាននូវសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាព ដោយគ្មានអំពើហឹង្សា និងគ្មានការគំរាមកំហែង។ 
 
សេចក្ដីណែនាំដដែល បានឲ្យដឹងថា បេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវចូលរួមក្នុងកិច្ចការពារថែរក្សាបរិយាកាស សន្ដិសុខសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតឲ្យបានល្អប្រសើរ ។ 
 
មួយវិញទៀត បេក្ខជនមិនត្រូវធ្វើសកម្មភាពណាមួយដែលផ្ទុយពីគោលការណ៍នៃច្បាប់បោះឆ្នោត និងបទបញ្ជា ក្រមសីលធម៌សម្រាប់គណបក្សនយោបាយ និងបេក្ខជនក្នុងដំណើរការបោះឆ្នោតនោះឡើយ។
 
គ.ជ.ប និង គ.ស.អ សង្ឃឹមយ៉ាងមុតមាំថា« គ្រប់គណបក្សនយោបាយ បេក្ខជន ដែលមានឈ្មោះបោះឆ្នោត និងសាធារណជនទាំងអស់ អាជ្ញាធរមានសមត្ថកិច្ច និង គ.ជ.ប ព្រមទាំងយន្តការ រចនាសម្ព័ន្ធនៃ គ.ស.អ និងសហការអនុវត្តតាមសេចក្ដីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយគ្មានអំពើហឹង្សា គ្មានការគំរាមកំហែង និងមានសុវត្ថិភាព ក្នុងព្រឹត្តិការណ៍បោះឆ្នោតនេះ»។​
 
 
 
 

Tag:
 គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com