អន្តរជាតិ
ប្រមុខណាតូ៖ ប្រទេសលោកខាងលិច ត្រូវត្រៀមខ្លួនសម្រាប់សង្រ្គាមរយៈពេលវែងជាមួយរុស្ស៊ី
03, Jun 2022 , 10:29 pm        
រូបភាព
លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន។ រូបភាព៖ AFP
លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន។ រូបភាព៖ AFP
ប្រមុខសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg នៅថ្ងៃទី២ ខែមិថុនា បានព្រមាន បណ្តាប្រទេសលោកខាងលិចឱ្យត្រៀមខ្លួនសម្រាប់សង្រ្គាមរយៈពេលយូរ ជាមួយរុស្ស៊ី ខណៈកិច្ចចរចាសន្តិភាពរវាងក្រុងកៀវ និងក្រុងមូស្គូ នៅតែបន្តជាប់គាំង។ បើតាមលោក Stoltenberg សង្រ្គាមអ៊ុយក្រែន នឹងក្លាយជាសង្រ្គាមខូចខាតទាំងសងខាង។ 

 
គិតត្រឹមថ្ងៃទី៣ ខែមិថុនា វាមានរយៈពេល ១០០ថ្ងៃហើយ ដែលសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត ខណៈរុស្ស៊ីកំពុងផ្តោតការវាយប្រហារនៅតំបន់ដុនបាស។ ចំណែកកិច្ចចរចាស្វែងរកសន្តិភាពវិញ ត្រូវបានផ្អាកអស់រយៈពេលជាច្រើនថ្ងៃ។ ស្របពេលរុស្ស៊ី និងអ៊ុយក្រែន មិនទាន់មានដំណោះស្រាយបែបនេះ ប្រមុខសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg បានជំរុញឱ្យបណ្តាប្រទេសលោកខាងលិចត្រៀមខ្លួន សម្រាប់សង្រ្គាមរយៈពេលវែងជាមួយរុស្ស៊ី។ 
 
«យើងត្រូវតែត្រៀមខ្លួនឱ្យរួចរាល់សម្រាប់រយៈពេលវែង»។ លោក Stoltenberg បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជំនួបជាមួយលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី២ ខែមិថុនា ។ លោកបន្តថា អ្វីដែលសម្ព័ន្ធយោធាណាតូបានឃើញ គឺសង្រ្គាមមួយនេះ កំពុងវិវដ្ដជាសង្រ្គាម ដែលបង្កឱ្យមានការខូតខាតសម្រាប់ភាគីទាំងសងខាង។ 
 
នៅចំពោះមុខអ្នកសារព័ត៌មានក្នុងក្រុងវ៉ាស៊ីនតោន អគ្គលេខាធិការអង្គការណាតូរូបនេះ បានបញ្ជាក់ជាថ្មីថា ប្លុកយោធារបស់ខ្លួន មិនចង់ប្រឈមមុខដោយផ្ទាល់ជាមួយរុស្ស៊ីឡើយ ប៉ុន្តែសម្ព័ន្ធយោធាណាតូ មានការទទួលខុសត្រូវ ក្នុងការគាំទ្រអ៊ុយក្រែនឱ្យមានសមត្ថភាពខ្លួន។ បើតាមមេដឹកនាំអង្គការណាតូ អ៊ុយក្រែន បានទទួលរងផលវិបាកជាច្រើនដោយសារតែការការពារប្រទេសរបស់ខ្លួននៅតំបន់ប្រយុទ្ធ ប៉ុន្តែកម្លាំងរុស្ស៊ី ក៏មានរបួស និងស្លាប់ ក្នុងកម្រិតខ្ពស់ដែរ។ 
 
យ៉ាងណា លោក Stoltenberg បានបន្តទៀតថា សង្រ្គាមមួយនេះ នឹងបញ្ចប់ដោយកិច្ចចរចា ប៉ុន្តែកិច្ចចរចានោះ អាចសម្រេចទៅបាន គឺអាស្រ័យលើស្ថានការណ៍ប្រយុទ្ធ៕
 

Tag:
 ណាតូ
  អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com