អន្តរជាតិ
អឺរ៉ុប សម្រេចដាក់ទណ្ឌកម្មលើកទី៦ លើរុស្ស៊ី ស្របពេលសង្រ្គាមអ៊ុយក្រែនចូលដល់១០០ថ្ងៃ
04, Jun 2022 , 11:56 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
សហភាពអឺរ៉ុប នៅថ្ងៃទី៣ ខែមិថុនា បានអនុម័តកញ្ចប់ទណ្ឌកម្មលើកទី៦ លើរុស្ស៊ីជាផ្លូវការ ដោយសម្ពាធចុងក្រោយនេះ អឺរ៉ុបផ្តោតលើការហាមឃាត់ប្រេងច្រើនជាង ២ភាគ៣ ពីរុស្ស៊ី រួមទាំងដកធនាគាររបស់រុស្ស៊ីចេញពីប្រព័ន្ធទូទាត់ប្រាក់ SWIFT ផង។

 
បន្ទាប់ពីចរចារយៈពេលជាច្រើនថ្ងៃ សហភាពអឺរ៉ុប បានឯកភាពដាក់ទណ្ឌកម្មកញ្ចប់ទី៦ លើ រុស្ស៊ីនៅថ្ងៃទី៣ ខែមិថុនា។ ទណ្ឌកម្មនេះ នឹងរឹតត្បិតនាំចូលប្រេងឆៅពីរុស្ស៊ីឱ្យបានច្រើនបំផុតក្នុងរយៈពេល ៦ខែ និងហាមឃាត់ការនាំចូលប្រេង ដែលចម្រាញ់រួចពីរុស្ស៊ីទាំងស្រុង ក្នុងរយៈពេល ៨ខែ។ នៅក្នុងឆ្នាំ២០២១ សហភាពអឺរ៉ុបនាំចូលប្រេងឆៅចំនួន ៥១,៥ពាន់លានដុល្លារ និងប្រេងចម្រាញ់រួចចំនួន ២៤,៧ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Hill។ 
 
យ៉ាងណាមិញ ហុងគ្រី, ប៊ុលហ្ការី និងក្រូអាស៊ី ត្រូវបានលើកលែងពីការហាមឃាត់នេះ ដោយសារកាលៈទេសៈពិសេស។ កន្លង ហុងគ្រី បានអះអាងថា ខ្លួនត្រូវការពេលមួយចំនួន ដើម្បីឈប់ពឹងផ្អែកការនាំចូលប្រេងពីរុស្ស៊ី។ 
 
បន្ថែមពីនេះ សហភាពអឺរ៉ុប បានដកធនាគារSberbank របស់រុស្ស៊ីពីប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT ថែមទៀត។ ចំណែកទូរទស្សន៍  Rossiya RTR/RTR Planeta, ទូរទស្សន៍ Rossiya 24 / Russia 24 និងទូរទស្សន៍ TV Centre International ក៏ត្រូវរឹតត្បិតមិនឱ្យផ្សាយនៅទឹកដីសហភាពអឺរ៉ុបដែរ។ 
 
ទាក់ទិននឹងបញ្ហានេះ ប្រមុខការទូតអឺរ៉ុប លោក Josep Borrell បានថ្លែងថា សម្រាប់ទណ្ឌកម្មនេះ សហភាពអឺរ៉ុប បានបង្កើនការរឹតត្បិតសមត្ថភាពរបស់ក្រុងមូស្គូ ក្នុងការទទួលបានប្រាក់ ដើម្បីបង្វែរទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន។ 
 
សូមបញ្ជាក់ថា កញ្ចប់ទណ្ឌកម្មលើកទី៦ នេះ ធ្វើឡើងស្របពេលសង្រ្គាមនៅអ៊ុយក្រែន ឈានចូលដល់ ១០០ថ្ងៃ។ មកទល់ពេលនេះ ប្រជាជនអ៊ុយក្រែនជាច្រើនលាននាក់ បានចាកចេញពីប្រទេស ខណៈប្រជាជនស៊ីវិលជាច្រើនពាន់នាក់ បានរងរបួស និងស្លាប់ ក្នុងសង្រ្គាម។ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន វិបត្តិផ្សេងទៀត បានកើតឡើងដូចជា ការកើនឡើងតម្លៃប្រេង បញ្ហាសន្តិសុខស្បៀង រួមទាំងបញ្ហាសន្តិសុខនៅក្នុងតំបន់ និងអន្តរជាតិផង៕ 
 

Tag:
 អឺរ៉ុប
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com