កីឡាជាតិ
ជាតិ
AFC Asian Cup ៖​ កម្ពុជា មានចំណាត់ថ្នាក់ទាបជាងគេ ក្នុងពូល D
04, Jun 2022 , 3:33 pm        
រូបភាព
រូបជម្រើសជាតិកម្ពុជា អរគុណដល់អ្នកគាំទ្រកម្ពុជា បន្ទាប់ពីយកឈ្នះទីម័រ ខាងកើត ២-១
រូបជម្រើសជាតិកម្ពុជា អរគុណដល់អ្នកគាំទ្រកម្ពុជា បន្ទាប់ពីយកឈ្នះទីម័រ ខាងកើត ២-១
ការប្រកួត AFC Asian Cup 2023 វគ្គជម្រុះក្នុងពូល នឹងធ្វើចាប់ពីថ្ងៃទី៨-១៤ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុង Kolkata ប្រទេសឥណ្ឌា។ កម្ពុជា ស្ថិតនៅក្នុងពូល D ត្រូវប្រកួតជាមួយឥណ្ឌា នៅថ្ងៃទី៨ មិថុនា។ ក្នុងចំណោមពូលD នេះ កម្ពុជា មានចំណាត់ថ្នាក់បាល់ទាត់ទាបជាងគេ។




យោងតាមចំណាត់ថ្នាក់របស់សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ ឬហៅកាត់ថា FIFA កម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់លេខ១៧១ ដោយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២។ កម្ពុជា ធ្លាប់មកត្រឹមលេខ១៦២ នៅឆ្នាំ១៩៩៨។ ការគិតលើចំណាត់ថ្នាក់នេះ គឺគិតពិន្ទុ នៃការប្រកួតផ្សេងៗ ទាំងមិត្តភាព និងពានរង្វាន់អន្ដរជាតិផ្សេងៗទៀត។
 
ដោយឡែក៣ប្រទេសផ្សេងទៀត ហុងកុង ស្ថិតនៅចំណាត់ថ្នាក់១៤៧ ប្រហាក់ប្រហែល និង អាហ្វហ្គានីស្ថាន ចំណាត់ថ្នាក់លេខ១៥០ ខណៈ ឥណ្ឌា ជាប្រទេសដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេ ត្រឹមលេខ១០៦។
 
នេះជាការបង្ហាញខ្លួនលើកទី២ សម្រាប់កម្ពុជា ក្នុងពានរង្វាន់ AFC Asian Cup ក្រោយពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ១៩៧២។ ការប្រកួតក្នុងឆ្នាំនោះ ថៃ ធ្វើជាម្ចាស់ផ្ទះ កម្ពុជា ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះលើ គុយវ៉ែត ៤-០ ។ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ កម្ពុជា ចាញ់អ៊ីរ៉ង២-១ ។ ហើយកម្ពុជា ក៏ត្រូវមកលេងដណ្ដើមចំណាត់លេខ៣ ជាមួយថៃ។ កាលណោះកម្ពុជា ចាញ់ថៃ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ លទ្ធផល ៣-៥ ក្រោយពេលលទ្ធផលបញ្ចប់ការប្រកួតពេញម៉ោង ២-២។ 
 
កម្ពុជា ធ្លាប់ប្រកួតមិត្តភាពជាមួយ ឥណ្ឌា នៅឆ្នាំ២០១៧ ដោយចាញ់ឥណ្ឌា ២-៣។ ហុងកុង និង អាហ្វហ្គានីស្ថាន ធ្លាប់ប៉ះ កម្ពុជា ៤លើកដូចគ្នា។ ក្នុងនោះ កម្ពុជា បានចាញ់ ហុងកុង ៣លើក ស្មើ១លើក ដោយ៤ប្រកួតនោះ ២ប្រកួតជាក្របខ័ណ្ឌ ជម្រុះជើងឯកពិភពលោក និង២លើកទៀតជាមិត្តភាព។ សម្រាប់ កម្ពុជា ធ្លាប់ចាញ់អាហ្វហ្គានីស្ថាន ចំនួន៣ប្រកួត និងឈ្នះ១ប្រកួត។ ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយឥណ្ឌា នៅថ្ងៃទី៨ មិថុនា ក្នុងព្រឹត្តិការណ៍ AFC Asian Cup វគ្គជម្រុះពូល D ដោយ សឿយ វិសាល នឹងធ្វើជាប្រធានក្រុមកីឡាករជម្រើសជាតិ។ កម្ពុជា ប៉ះជាមួយ ហ៊ុងកុង នៅថ្ងៃទី១១ មិថុនា មុនប្រកួតជាមួយ អាហ្វហ្គានីស្ថាន ថ្ងៃទី១៤ មិថុនា៕
 

Tag:
 បាល់ទាត់
  AFC
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com