កីឡាជាតិ
ជាតិ
ម្ចាស់មេដាយសំរិទ្ធកីឡាចំបាប់៖ យើងត្រូវការប្រកួតច្រើនដើម្បីបន្សាំសមត្ថភាព
04, Jun 2022 , 6:59 pm        
រូបភាព
កីឡាការិនី ឌិន សំណាង បង្គោលខៀវ ប្រកួតលើកីឡាចំបាប់ វិញ្ញាសាទំងន់ ៥០គីឡូក្រាម រូប BTV
កីឡាការិនី ឌិន សំណាង បង្គោលខៀវ ប្រកួតលើកីឡាចំបាប់ វិញ្ញាសាទំងន់ ៥០គីឡូក្រាម រូប BTV
អត្ដពលិកចំបាប់កម្ពុជា សម្រេចបានត្រឹមតែមេដាយសំរិទ្ធការប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ។ ពួកគេមិនសូវសប្បាយចិត្តចំពោះលទ្ធផលនេះឡើយ។


កីឡាការិនី ឌិន សំណាង និងកីឡាករ ហេង វុទ្ធី ជម្រើសជាតិចំបាប់កម្ពុជា បង្ហាញអារម្មណ៍មិនសូវពេញចិត្តចំពោះមេដាយសំរិទ្ធ ដែលអ្នកទាំងពីរ បានឈ្នះក្នុងការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម ដោយសារភាពភ័យខ្លាចអំឡុងពេលប្រកួត។ 
 
កីឡាការិនី ឌិន សំណាង ម្ចាស់មេដាយសំរិទ្ធចំបាប់ទម្ងន់៥០គីឡូក្រាម បាននិយាយថា ការប្រកួតដណ្ដើមមេដាយស៊ីហ្គេមនេះ រូបគេមានអារម្មណ៍ភ័យបន្តិច ដោយសារតែខ្វះបទពិសោធន៍ ទើបធ្វើរូបនាងសម្រេចបានលទ្ធផលមិនបានល្អនេះ។ កីឡាការិនី ឌិន សំណាង ប្រកួតចាញ់​ម្ចាស់ផ្ទះវៀតណាម កីឡាការិនី T. Nguyen ។


 កីឡាការិនី ឌិន សំណាង បន្ទាប់ពី ពិធីបំពាក់មេដាយ រូបពី កាំង ដែនពិសិដ្ឋ

កីឡាការិនីចំបាប់រូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា៖«សមត្ថភាពកីឡាការិនីបរទេស ប្រហាក់ប្រហែលកម្ពុជាដែរ តែយើងនៅស្ទើកម្លាំងកាយបន្ដិច តែខ្ញុំគិតថា យើងអាចប្រកួតបាន។ តែការទៅប្រកួតលើកនេះ ខ្ញុំមានការភ័យផង និងខ្លាចដៃគូប្រកួតផង ដោយសារមុនពេលចេញទៅប្រកួត យើងមិនសូវមានបទពិសោធន៍ច្រើន។ ម្យ៉ាងក្រោយពេលកូវីដ-១៩ មិនសូវមានការប្រកួត ខ្ញុំ ត្រូវការ ការប្រកួតជាច្រើនដើម្បីបានបទពិសោធន៍។»។
 
ដោយឡែកកីឡាករ ហេង វុទ្ធី ម្ចាស់មេដាយសំរិទ្ធកីឡាចំបាប់ ប្រភេទទម្ងន់៨៦គីឡូក្រាម ក៏បានចាញ់កីឡាករហ្វីលីពីន នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។ សម្រាប់ វុទ្ធី កីឡាចំបាប់ ជាកីឡាដែលត្រូវការបច្ចេកទេស និងប្រើកម្លាំង ហើយត្រូវការប្រកួតច្រើន ដើម្បីបន្សាំសមត្ថភាព។ «ប្រសិនមានតែកម្លាំង ខ្វះបច្ចេកទេស ក៏មិនអាចឈ្នះគេបានដែរ។ មួយរយៈពេលចុងក្រោយមកនេះ ដោយបញ្ហាកូវីដ-១៩ យើងមិនសូវមានការប្រកួតទេ ដែលជាហេតុធ្វើឲ្យយើង មានការភ័យខ្លាចជាមួយដៃគូ។ កម្រិតកីឡាករ កីឡាការិនីរបស់យើង គឺមិនខុសគ្នាប៉ុន្មានទេ ជាមួយបរទេស តែគ្រាន់តែយើងមិនសូវជឿជាក់។»។ វុទ្ធី បានប្រាប់សារព័ត៌មានថ្មីៗបែបនេះ។


 កីឡាករ ហេង វុទ្ធី រូបពី លោក កាំង ដែនពិសិដ្ឋ

កម្ពុជា ទទួលបានមេដាយសរុប៦៣គ្រឿង ក្នុងនោះមាន មាស៩, ប្រាក់១៣ និងសំរិទ្ធ៤១គ្រឿង។ សហព័ន្ធកីឡាជាតិ និង អត្ដពលិក អាចវាយតម្លៃចំណុចខ្លាំង និងចំណុចខ្វះខាត ដើម្បីបំពេញបន្ថែម សម្រាប់ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នាឆ្នាំ២០២៣។
 

Tag:
 កីឡាចំបាប់
  ស៊ីហ្គេម
  កីឡាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com