ជាតិ
សង្គមជាតិ
ចប់វិទ្យាល័យនៅស្វីស យុវជន ទេពខេមរិន្ទ បន្តជាប់អាហារូករណ៍ថ្នាក់បរិញ្ញាបត្រនៅនូវែលសេឡង់
04, Jun 2022 , 7:59 pm        
រូបភាព
យុវជប ចាន់ ទេពខេមរិន្ទ បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នៅប្រទេស្វីស។ រូបភាពផ្ដល់ដោយ លោក ចាន់ ទេពខេមរិន្ទ។
យុវជប ចាន់ ទេពខេមរិន្ទ បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នៅប្រទេស្វីស។ រូបភាពផ្ដល់ដោយ លោក ចាន់ ទេពខេមរិន្ទ។
ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅប្រទេសស្វីស យុវជន ចាន់ ទេពខេមរិន្ទ បន្តជាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រលើជំនាញស្ថាបត្យកម្មនៅសាកលវិទ្យាល័យមួយកន្លែង ក្នុងប្រទសនូវែលសេឡង់។  ការសិក្សាលើជំនាញនេះ ទេពខេមរិន្ទ តាំងចិត្តនាំយកនូវចំណេះថ្មីៗមកចូលរួមអភិវឌ្ឍវិស័យស្ថាបត្យកម្មនៅកម្ពុជា។

 
យុវជន ចាន់ ទេពខេមរិន្ទ ទទួលបានអាហារូករណ៍សិក្សានៅបរទេសនៅបន្តបន្ទាប់ ចាប់ពីកម្រិតវិទ្យាល័យដល់មហាវិទ្យាល័យ។ បច្ចុប្បន្ន យុវជនរូបនេះជានិស្សិតកំពុងសិក្សាលើជំនាញស្ថាបត្យកម្ម នៅសាកលវិទ្យាល័យ​ Auckland University ប្រទេសនូវែលសេឡង់ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅប្រទេសស្វីស នាអំឡុងឆ្នាំ២០២១។ 
 
ទេពខេមរិន្ទ បានបញ្ជាក់ថា រូបលោកបានចាកចេញពីស្រុកកំណើតទៅសិក្សានៅបរទេសតាំងពីអាយុ១៦ឆ្នាំមកម្លេះ​។ យុវជនមានដើមកំណើតមកពីខេត្តសៀមរាបរូបនេះ បន្តប្រាប់ពីមូលហេតុដែលខ្លួនសម្រេចទៅសិក្សានៅបរទេសមកកាន់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ ៖​ «ខ្ញុំគិតថាទៅ[រៀន]ក្រៅប្រទេសមានឱកាសច្រើនជាង! ការអប់រំគេល្អជាងយើង! អ៊ីចឹង ការបញ្ចប់ថ្នាក់វិទ្យាល័យនៅខាងក្រៅប្រទេស ហើយយើងបន្តនៅសាកលវិទ្យាល័យ ក៏វាងាយស្រួលដែរ»។ ក្រៅពីមានគំនិតបែបនេះ​ ទេពខេមរិន្ទ ក៏បានទទួលការជំរុញផ្សេងៗពីមិត្តភក្តិដោយផ្ទាល់និងប្រយោល ផងដែរ។ 
 

រូបភាពផ្ដល់ដោយ លោក ចាន់ ទេពខេមរិន្ទ។

បើតាមយុវជនវ័យ២០ឆ្នាំរូបនេះ បន្ទាប់ពីទទួលបានអាហារូបករណ៍ទៅសិក្សាប្រទេសស្វីសហើយនោះ ជីដូន-ជីតា ដែលជាអាណាព្យាបាលផ្ទាល់របស់ខ្លួន ហាក់ស្ទាក់ស្ទើរក្នុងការបញ្ជូនរូបលោកឱ្យទៅសិក្សានៅបរទេស ព្រោះគិតថា ការផ្ដល់អាហារូបករណ៍ដោយផ្ទាល់ពីសាលារៀនបែបនេះ គឺជារឿងបោកប្រាស់។ ទេពខេមរិន្ទ បានរម្លឹកពីអតីតកាលយ៉ាងខ្លីថា ​​៖ «ដំបូងឡើយគ្រួសារខ្ញុំអត់សូវគាំទ្រទេ ព្រោះអី្វអាហារូបករណ៍ហ្នឹង វាមិនដូចអាហារូបករណ៍ទូទៅទេ ដែលមិនមែនប្រកាសប្រឡងជ្រើសរើសសិស្ស។ ការ[ឱ្យអាហារូបករណ៍]នេះ គឺធ្វើឡើងក្នុងរបៀបស្ងាត់ៗ។ អ៊ីចឹង! គាត់ស្មានតែខ្ញុំចាញ់បោកគេ»។  
 
ការរៀនសូត្ររបស់ ទេពខេមរិន្ទ នៅស្វីសកន្លងមក គឺខាងសាលាជាអ្នកទទួលបន្ទុកចំណាយលើថ្លៃសិក្សា ថ្លៃស្នាក់នៅ រួមទាំងថ្លៃអាហារ៣ពេល ក្នុងមួយថ្ងៃផងដែរ។ ប៉ុន្តែសម្រាប់ថ្លៃសំបុត្រយន្តហោះ និងការចំណាយផ្សេងៗ គឺជាបន្ទុកផ្ទាល់របស់យុវជនរូបនេះ។​​ បន្ទាប់ពីអាណាព្យាបាល សម្រេចឱ្យ ទេពខេមរិន្ទ ទៅសិក្សានៅបរទេសចាប់តាំងពីឆ្នាំ២០១៨មក យុវជនរូបនេះ បានព្យាយាមសម្របខ្លួនក្នុងមជ្ឈដ្ឋានរស់នៅថ្មីក្នុងទឹកដីប្រទេសស្វីស។  អារម្មណ៍ពេលទៅដល់ទឹកដីប្រទេសស្វីស ក្នុងថ្ងៃដំបូង​ដើម្បីបន្តការសិក្សានោះ ទេពខេមរិន្ទ​ បាននិយាយថា៖«ខ្ញុំភ័យផងសប្បាយផង! ទៅកន្លែងមួយដែលយើងមិនដែលស្គាល់ ហើយត្រូវទៅម្នាក់ឯង។ ការរស់នៅនោះរាងពិបាកតិច ព្រោះអីខ្ញុំនៅស្វីសនៅជាប់ព្រំដែនប្រទេសបារាំង។ ដូច្នេះគេប្រើភាសាបារាំង ហើយខ្ញុំអត់ចេះបារាំងសោះ។ ដូច្នេះការរស់នៅប្រចាំថ្ងៃវារាងពិបាក។ ឯការរៀនអីធម្មតាទេ ព្រោះប្រើភាសាអង់គ្លេស»។ ​
 
បន្ទាប់ពីចំណាយពេលសិក្សានៅស្វីសបាន៣ឆ្នាំ យុវជន ទេពខេមរិន្ទ បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យរបស់ខ្លួនយ៉ាងជោគជ័យ ដោយទទួលបានចំណាត់ថ្នាក់លេខ២​។ លទ្ធផលពីការសិក្សាដ៏ល្អ​ប្រសើរនេះ បានធ្វើយុវជនខ្មែររូបនេះ មានឱកាសទទួលបានអាហារូបករណ៍ ដើម្បីបន្តសិក្សាថ្នាក់បរិញ្ញាបត្រនៅតាមសាកលវិទ្យានានា រហូតចំនួន១៧កន្លែង ដែលស្ថិតនៅក្នុងប្រទេសអូស្ត្រាលី អង់គ្លេស កាណាដា អាម៉េរិក និងនូវែលសេឡង់។ ចំពោះការបន្តសិក្សាថ្នាក់បរិញ្ញាបត្រនេះ ទេពខេមរិន្ទ​ សម្រេចចូលរៀននៅសាកលវិទ្យាល័យមួយកន្លែង ក្នុងប្រទសនូវែលសេឡង់ លើជំនាញស្ថាបត្យកម្ម ទៅតាមសេចក្ដីប្រាថ្នារបស់ខ្លួន តាំងពីកុមារភាពមក។ 


រូបភាពផ្ដល់ដោយ លោក ចាន់ ទេពខេមរិន្ទ។

ក្រៅពីរៀនពូកែហើយនោះ ទេពខេមរិន្ទ ក៏មានទេពកោសល្យខ្ពស់លើផ្នែកគំនូរ ​ផងដែរ។ យុវជនរូបនេះ   មានក្តីស្រមៃចង់ក្លាយជាស្ថាបត្យករចំណានមួយរូប ដោយយក លោក វណ្ណ ម៉ូលីវណ្ណ បិតាស្ថាបត្យកម្មខ្មែរជានិមិត្តរូបរបស់ខ្លួន។ និស្សិតឆ្នាំទីមួយលើជំនាញស្ថាបត្យកម្មនៅប្រទេសនូវែលសេឡង់រូបនេះ បានបន្ថែម ថា៖ «[ខ្ញុំ]ស្រឡាញ់ផ្នែកគូរប្លង់តាំងពីតូច! ហើយខ្ញុំគិតថាស្ថាបត្យកម្មនៅខ្មែរនៅមានការខ្វះខាតនៅឡើយ ដូច្នេះប្រទេសយើងអភិវឌ្ឍន៍ទៅ តម្រូវការផ្នែកស្ថាបត្យកម្មកាន់តែខ្លាំង»។ 
 
បញ្ញវ័នរូបនេះ បានដាក់ចិត្តដាក់កាយខ្ពស់ក្នុងការរៀនសូត្រលើជំនាញនេះ ដើម្បីក្លាយជាធនធានមនុស្សដែលមានគុណភាព សម្រាប់បម្រើជាតិមាតុភូមិកម្ពុជា និងចូលរួមរក្សានូវស្ថាបត្យកម្ម បែបខ្មែរមិនឱ្យបានគង់វង្ស។ យុវជន ចាន់ ទេពខេមរិន្ទ​ បន្តលើកឡើងបែបនេះ៖  «ខ្ញុំមានក្ដីស្រមៃចង់បើកក្រុមហ៊ុនស្ថាបត្យកម្មមួយនៅកម្ពុជា។ ឥឡូវយើងមើលផ្ទះល្វែង ភាគច្រើនជាប្រទេសបែបអឺរ៉ុប មិនសូវជាមានក្បាច់ខ្មែរទេ ការសាងសង់ក៏មានកម្រិត។ បច្ចុប្បន្ន ខ្ញុំរៀន ខ្ញុំបញ្ចូលរវាងការរចនាម៉ូត(Design) បែបលោកខាងលិច ជាមួយការរចនាម៉ូតបែបខ្មែរ»៕ 
 
 
 

Tag:
 ចាន់ ទេពខេមរិន្ទ
  អាហារូបករណ៍
  សៀមរាប
  BBC
© រក្សាសិទ្ធិដោយ thmeythmey.com