អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនជាមួយទីម័រខាងកើត
04, Jun 2022 , 10:29 pm        
រូបភាព
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ខាងឆ្វេង) ជាមួយសមភាគីទីម័រខាងកើត លោកស្រី Adaljiza Magno។ រូបភាព៖ AFP
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ខាងឆ្វេង) ជាមួយសមភាគីទីម័រខាងកើត លោកស្រី Adaljiza Magno។ រូបភាព៖ AFP
ដោយ:
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី៣ ខែមិថុនា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើវិស័យជាច្រើនជាមួយរដ្ឋមន្រ្តីការបរទេសទីម័រខាងកើត ក្នុងអំឡុងទស្សនកិច្ចរបស់លោកនៅរដ្ឋអាស៊ីអាគ្នេយ៍មួយនេះ។ ទីម័រខាងកើត ជាប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកវ៉ាងនៅបណ្តាកោះប៉ាស៊ីហ្វិក ដែលលោកស្វះស្វែងរកកិច្ចព្រមព្រៀងទាំងថ្នាក់តំបន់ និងទ្វេភាគី។

 
ទីម័រខាងកើត គឺជារដ្ឋអាស៊ីអាគ្នេយ៍តែមួយគត់ដែលរដ្ឋមន្រ្តីការបរទេសចិន លោក​វ៉ាង យី ដាក់បញ្ចូលក្នុងដំណើរទស្សនកិច្ច ១០ថ្ងៃនៅកោះប៉ាស៊ីហ្វិក។ នៅថ្ងៃទី៣ ខែមិថុនា ប្រមុខការទូតចិនរូបនេះ បានទៅដល់ទីម័រខាងកើត ដែលជាទិសដៅចុងក្រោយ ដើម្បីពង្រឹងទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងរដ្ឋអាស៊ីអាគ្នេយ៍មួយនេះ។
 
ក្នុងពិធីចុះហត្ថលេខាមួយនៅរដ្ឋធានីឌីលី លោកវ៉ាង បានជួបជាមួយប្រមុខការទូតទីម័រខាងកើត លោកស្រី Adaljiza Magno ដោយភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនលើវិស័យកសិកម្ម ភាពជាដៃគូក្នុងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស និងសេដ្ឋកិច្ច។ ប្រទេសទាំងពីរនេះ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការបញ្ជូនក្រុមពេទ្យចិនទៅទីម័រខាងកើតដែរ ប៉ុន្តែមិនមែនកិច្ចព្រមព្រៀងលើបញ្ហាសន្តិសុខ ឬយោធាទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
 
«ទំនាក់ទំនងទ្វេភាគីរវាងទីម័រខាងកើត និងចិនគឺល្អប្រសើរណាស់ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច»។ រដ្ឋមន្ត្រីសេដ្ឋកិច្ចលោក Joaquim Amaral ប្រាប់អ្នកកាសែតបែបនេះ។ បើតាមលោក Joaquim Amaral ទំនាក់ទំនងដ៏ជិតស្និទ្ធដែលក្រុងឌីលី និងក្រុងប៉េកាំង បានកសាងកន្លងមកមានសារសំខាន់ណាស់ ដោយសំដៅទៅលើតួនាទីដ៏មានសក្តានុពលរបស់ចិនក្នុងការជួយជ្រោមជ្រែងប្រទេសនេះឱ្យបានចូលជាសមាជិកប្លុកអាស៊ាន។
 
ក្រុងឌីលីមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួតជាមួយក្រុងប៉េកាំងតាំងពីប្រកាសឯករាជ្យពីឥណ្ឌូណេស៊ីឆ្នាំ២០០២ មកម្ល៉េះ។ បើទោះយ៉ាងនេះក្តី លោក Jose Ramos-Horta ដែលទើបតែស្បថចូលកាន់តំណែងជាប្រធានាធិបតីទីម័រខាងកើតកាលពីខែមុន ហាក់ដូចជាមានបំណងរក្សាគោលជំហររបស់ប្រទេសឱ្យនៅចំណុចកណ្តាលរវាងមហាអំណាចអាម៉េរិក និងចិន។
 
អំឡុងសុន្ទរកថាស្បថចូលតំណែង ប្រធានាធិបតីទីម័រខាងកើតបានសន្យាពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយចិនបន្ថែមទៀត ខណៈសរសើរពីតួនាទីរបស់ក្រុងវ៉ាស៊ីនតោនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទីម័រខាងកើត៕
 
 

Tag:
 ចិន
  ទីម័រខាងកើត
© រក្សាសិទ្ធិដោយ thmeythmey.com