អន្តរជាតិ
ការសិក្សា៖ ការឡើងកម្ដៅផែនដីបង្កើនហានិភ័យនៃជំងឺរាតត្បាតថ្មី
05, Jun 2022 , 8:29 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
តាមការសិក្សាថ្មីមួយ ការកើនឡើងកម្ដៅផែនដីមិនត្រឹមតែបង្កឱ្យមានគ្រោះធម្មជាតិប៉ុណ្ណោះ​ទេ វាបានបង្កឱ្យមានវីរុសថ្មី និងជំងឺឆ្លងថ្មីកើនឡើងនៅថ្ងៃអនាគត។ បម្រែបម្រួលអាកាស​ធាតុនឹងធ្វើឱ្យពពួកសត្វជាច្រើនប្រភេទ រួមទាំងមនុស្សផ្លាស់ប្ដូរទីលំនៅទៅកន្លែងត្រជាក់​ដែលសមស្របសម្រាប់ជីវិត។ ដំណើរនេះបានធ្វើឱ្យវីរុសថ្មីៗ ប្រហែល ៤ពាន់ប្រភេទដែលរស់នៅ​ជាមួយសត្វ មាន​ឱកាស ខ្ពស់ក្នុងការចម្លងមកមនុស្ស និងបង្កជាជំងឺរាតត្បាតផ្សេងៗ។

 
នៅពេលនិយាយអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ មនុស្សគ្រប់គ្នា តែងនឹកដល់គ្រោះធម្មជាតិ ក៏ដូចជាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់។ យ៉ាងណាមិញ ផល​វិបាកនៃបម្រែបម្រួលអាកាសធាតុ នឹងចូលរួមបង្កើតវីរុស​ថ្មី ដែលបង្កជាជំងឺថ្មីថែមទៀត។ ការកើន​ឡើងកម្ដៅផែនដី នឹងជំរុញឱ្យពពួកសត្វផ្លាស់ប្ដូរលំ​នៅ ខណៈមនុស្សក៏ធ្វើដូចគ្នា។ ជាលទ្ធ​ផល វីរុសដែលរស់នៅជាប់នឹងសត្វមានឱកាសខ្ពស់ ក្នុងការ​ឆ្លងមកមនុស្ស ហើយបង្កជាជំងឺរាត​ត្បាតថ្មី។ ការសិក្សាមួយដែលចុះផ្សាយលើទិនានុប្បវត្តិ Nature បានបង្ហាញបែបនេះ។
 
យ៉ាងហោចណាស់ វីរុសចំនួន១ម៉ឺនប្រភេទ​មានសមត្ថភាពចម្លងទៅកាន់មនុស្ស និងសត្វ ប៉ុន្តែបច្ចុប្បន្នវាទើបតែចម្លងតិចតួចប៉ុណ្ណោះក្នុងចំណោមសត្វ។  ដោយឡែក ក្រុមអ្នកស្រាវជ្រាវ​ បានរកឃើញថា ការកើនឡើងកម្ដៅផែនដី ទំនងជាអាចបង្កើនឱកាសឱ្យវីរុស​ប្រហែល ៤ពាន់ប្រភេទមានឥទ្ធិ​ពលឆ្លង​មកកាន់មនុស្សនៅឆ្នាំ២០៧០។ ក្នុងចំណោមសត្វជាច្រើន​ដែលបានសិក្សា សត្វប្រចៀវ​ជា​សត្វដែលបង្កហានិភ័យនៃការចម្លងវីរុសខ្លាំងជាងគេ ព្រោះវា​ជាសត្វដែល​អាចហើរបាន។ 
 
អ្នកជំនាញអាកាសធាតុបានអះអាងថា បណ្តាប្រទេសអាហ្រ្វិក និងអាស៊ី គឺជាអ្នកប្រឈមមុខ​នឹងការគំរាមកំហែងដ៏ធំបំផុតនៃការកើនឡើងវីរុសថ្មី។ បណ្តាប្រទេស​អាហ្រ្វិក និងអាស៊ី តែងក្លាយជាអ្នករងគ្រោះខ្លាំងជាងគេ ដោយសារបញ្ហាបរិស្ថាន ខណៈ​ប្រទេសទាំងនេះ បានចូលរួមចំណែកបង្កើតបញ្ហា បរិស្ថានតិចតួចប៉ុណ្ណោះ។ ជាក់ស្ដែង ជំងឺឆ្លង​ជាច្រើនរួមមានជំងឺអេដស៍ ជំងឺអ៊ីបូឡា និងជំងឺកូវីដ-១៩ បានរាលដាលយ៉ាងខ្លាំងពីសត្វមក​មនុស្ស ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ 
 
ស្របពេលពិភពលោកកំពុងប្រែប្រួលជារៀងរាល់ថ្ងៃ ការវិវដ្តនៃជំងឺឆ្លងត្រូវបានអ្នកវិទ្យា​សាស្ត្រ​អះអាងពីការប្រែប្រួលរបស់វាទៅរកសភាពកាន់តែអាក្រក់។ នៅថ្ងៃអនាគត ពិភពលោកមិនត្រឹមតែក្ដៅជាងមុនទេ មនុស្សលោកក៏មានបញ្ហាសុខភាពច្រើនជាងមុនដែរ៕
 

Tag:
 បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com