អន្តរជាតិ
លោក Biden អង្វរ​សុំ​សភា​​​​ឱ្យ​អនុម័ត​ច្បាប់​រឹត​បន្តឹង​ការ​ប្រើប្រាស់​អាវុធ​នៅ​អាមេរិក
05, Jun 2022 , 9:29 am        
រូបភាព
លោក​ Joe Biden ថ្លែង​ទៅ​កាន់​ប្រទេស​ជាតិអំពី​ការ​បាញ់​ប្រហារ​ចុងក្រោយ​នៅ​អាមេរិក ពី​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា
លោក​ Joe Biden ថ្លែង​ទៅ​កាន់​ប្រទេស​ជាតិអំពី​ការ​បាញ់​ប្រហារ​ចុងក្រោយ​នៅ​អាមេរិក ពី​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា
ដោយ: VOA
សេតវិមាន - ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​អង្វរ​ស្នើសុំ​សភាអាមេរិកតាម​រយៈ​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​មួយ​នៅ​សតវិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ដើម្បី​អនុម័ត​វិធានការ​រឹត​បន្តឹង​ការប្រើប្រាស់​អាវុធនៅក្នុង​សហរដ្ឋ​អាមេរិក​ ដើម្បី​ទប់ស្កាត់​ការ​បាញ់​សម្លាប់​ដ៏​ប្រល័យដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​អាមេរិក​មាន​ការ​ភ័យ​រន្ធត់ជា​ខ្លាំង​ ហើយ​លោក​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​រឹត​បន្តឹង​ជា​ថ្មី​ដែលនឹង​ជួយ​ការពារ​កុំ​ឱ្យ​មាន​អំពើ​ហិង្សា​ទាក់ទិននឹង​ការ​ប្រើ​ប្រាស់​អាវុធ​នោះ។

 
លោក Biden បាន​ជំរុញ​សភា​អាមេរិក​ឱ្យ​ប្រើប្រាស់​ឡើងវិញ​នូវ​បម្រាមស្តីពីការ​ហាមឃាត់​ការ​ប្រើ​អាវុធ​ពាក់​កណ្តាល​ស្វ័យប្រវត្តិឆ្នាំ១៩៩៤ ហើយ​ដែល​បាន​ផុត​សុពលភាព​កាលពី​ឆ្នាំ​២០០៤។
 
លោក​និយាយ​ថា៖ «ប្រសិន​បើ​យើង​មិន​អាចហាមឃាត់​ដល់​ការ​ប្រើ​អាវុធ​វាយប្រហារនោះ​ទេ​ យើង​ត្រូវដំឡើង​អាយុ​អ្នកមាន​សិទ្ធិ​អាច​ទិញ​អាវុធ​បាន​ពី​អាយុ​១៨ឆ្នាំ​ទៅ​អាយុ​២១ឆ្នាំវិញ។ លោក​បាន​កត់​សម្គាល់​ថា ខ្មាន់​កាំភ្លើងដែល​បាន​បាញ់​ប្រហារនៅ​ក្នុង​ទីក្រុង Uvalde ក្នុង​រដ្ឋ Texas កាល​ពី​ខែ​មុន​បាន​ទិញ​អាវុធ​ស្វ័យប្រវត្តិ​២ដើម​នៅ​ពេល​ដែល​ជន​ដៃដល់​រូប​នោះ​ បាន​ឈាន​ដល់​អាយុ​ដល់​១៨ឆ្នាំ​ភ្លាម​ ហើយ​បាន​ប្រើប្រាស់​អាវុធ​នោះ​បាញ់​សម្លាប់សិស្ស​សាលា​១៩នាក់​និង​គ្រូបង្រៀន​២នាក់​និង​ធ្វើ​ឱ្យ​របួស​១៧នាក់​ផ្សេង​ទៀត។
 
លោក​ប្រធានាធិបតី​អាមេរិក Joe Biden ថ្លែង​ទៅ​កាន់​ប្រទេស​ជាតិអំពី​ការ​បាញ់​ប្រហារ​ចុងក្រោយ​នៅ​អាមេរិក ពី​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២២។
 
លោក​ប្រធានាធិបតី​អាមេរិក Joe Biden ថ្លែង​ទៅ​កាន់​ប្រទេស​ជាតិអំពី​ការ​បាញ់​ប្រហារ​ចុងក្រោយ​នៅ​អាមេរិក ពី​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២២។
 
លោក Biden ក៏​បាន​ជំរុញ​ឱ្យ​ចាត់​វិធានការ​ផ្សេងៗ​ទៀត ​ដូច​ជាការ​ពង្រឹង​ការ​ត្រួតពិនិត្យ​មើល​ប្រវត្តិរូបរបស់​អ្នក​ទិញ​កាំភ្លើង​និង​អនុវត្ត​នូវអ្វី​ដែល​ហៅ​ថា ច្បាប់​ដែលអនុញ្ញាត​ឱ្យ​អាជ្ញាធរ​អាច​ដកហូត​អាវុធដើម្បី​រក្សា​ទុក​មួយអន្លើ​សិន ប្រសិន​បើ​អ្នក​ប្រើប្រាស់​អាវុធ​ទាំង​នោះ​អាចបង្ក​ជា​គ្រោះថ្នាក់​ឬ​ធ្វើការ​គំរាមកំហែង​ឬ​មាន​បញ្ហា​ផ្លូវចិត្តមិន​នឹងនរជាដើម​ ក៏​ដូចជា​ការ​ប្រើ​ច្បាប់ស្តីពី​ការ​រក្សា​ទុកអាវុធដោយ​សុវត្ថិភាព​ផង​ដែរ។
 
លោក​បាន​បន្ថែម​ទៀត​ថា៖ «គេ​ត្រូវយក​អាវុធ​មក​រក្សា​ទុក។ បិទ​សោ​អាវុធ​ទាំង​នោះ។ ប្រសិន​បើ​អ្នក​មិនព្រម​ទេ​ ហើយ​មាន ​ហេតុការណ៍អាក្រក់​កើត​ឡើង​នោះ អ្នក​ត្រូវ​ទទួល​ខុស​ត្រូវលើ​បញ្ហាទាំង​នេះ»។
 
លោក​ក៏​បានជំរុញ​ឱ្យលុបចោលនូវ​អភ័យ​ឯកសិទ្ធិ​ដែល​ការពារ​ដល់​អ្នកផលិត​អាវុធ​ឱ្យ​រួច​ផុត​ពី​ការ​ទទួល​ខុសត្រូវ​នោះ។
 
វិធានការដែល​លោក Biden បាន​ស្នើ​ឡើង​ទាំង​នោះ​មិន​ទំនង​ថា​នឹង​អាចទទួល​បាន​ការ​គាំទ្រ​ នៅ​ក្នុង​សភា​អាមេរិក​ដែល​មានការ​បែកបាក់​គ្នា​ដោយបញ្ហា​នយោបាយ​នោះ​ទេ​ហើយ​សមាជិក​សភា​អាមេរិកជា​ច្រើន​បាន​ខ្វែង​គំនិត​គ្នា​ជុំវិញការ​បង្កើត​ច្បាប់​ដើម្បី​គ្រប់គ្រង​អាវុធ​នេះអស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។
 
ទន្ទឹម​នឹង​នេះ​ដែរ គណបក្ស​សាធារណរដ្ឋ​បាន​ថ្កោលទោស​ការ​បាញ់​ប្រហារនិង​អំពើ​ហិង្សា​ដោយ​សារ​ការ​ប្រើ​អាវុធ ក៏ប៉ុន្តែ​តែងតែ​រាំង​ខ្ទប់​ពី​គោល​បំណង​នៃ​ការ​បង្កើត​ច្បាប់​គ្រប់គ្រង​អាវុធ​ដោយ​និយាយ​ថា ច្បាប់គ្រប់គ្រង​អាវុធ​ដែលគណបក្ស​ប្រជាធិបតេយ្យ​គាំទ្រ​នោះបានរំលោភ​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​អាមេរិក​ដែល​មាន​សិទ្ធិ​កាន់កាប់​និង​ប្រើ​ប្រាស់​អាវុធ​ហើយដែលមាន​ចែងនៅក្នុងវិសោធនកម្ម​ទី២​នៃ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក​ទៀត​ផង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com