អន្តរជាតិ
ទទួលទានស៊ុតមួយថ្ងៃ ១គ្រាប់ ជួយកាត់បន្ថយហានិភ័យជំងឺសរសៃ​ឈាមបេះដូង
05, Jun 2022 , 10:29 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
 
ការសិក្សាថ្មីមួយ បានប​ង្ហាញថា ការទទួលទានស៊ុតមួយថ្ងៃត្រឹម ១គ្រាប់អាចជួយសុខភាព បេះដូងបានយ៉ាងច្រើន ពិសេសគឺកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ជំងឺ​សរសៃឈាមបេះដូងជាទូទៅរួមមាន ជំងឺគាំងបេះដូង ខ្សោយបេះដូង ស្ត្រូក និងថតបេះ​ដូងមិនដំណើរការ ដែលរំខានដល់លំហូរឈាម។

 
ស៊ុត ជាប្រភពនៃសារធាតុកូឡេស្តេរ៉ូល ប៉ុន្តែវាសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន​ផងដែរ។ ការសិក្សាមួយ ដែលធ្វើឡើងក្នុងឆ្នាំ២០១៨ និងបានចេញផ្សាយលើទិនានុប្បវត្តិHeart បានរក​ឃើញថា អ្នកដែលទទួលទានស៊ុតជារៀងរាល់ថ្ងៃ ប្រឈមហានិភ័យជំងឺបេះដូងទាប​ជាង​អ្នកមិនសូវទទួលទានស៊ុតញឹកញាប់។ ថ្មីៗនេះ ការសិក្សាមួយបានពន្យល់បន្ថែមពីលើ​ការសិក្សាចាស់ដែលគ្រាន់តែអះអាងថាស៊ុតជួយដល់សុខភាពបេះដូង។ ការសិក្សាថ្មីនេះ​ បានបកស្រាយថាតើហេតុអ្វីបានជាការទទួលទានស៊ុតអាចជួយសុខ​ភាពបេះដូង និងកាត់បន្ថយ​ហានិភ័យនៃជំងឺសរសៃឈាមបេះដូង។
 
អ្នកនិពន្ធការសិក្សា បានពន្យល់ដោយ​ផ្អែកលើការវិភាគពីអ្នកចូលរួម ៤៧៧៨នាក់ មកពី​មជ្ឈមណ្ឌលសិក្សាជំងឺរ៉ាំរ៉ៃ China Kadoorie Biobank។ លទ្ធផលនៃការវិភាគ បានបញ្ជាក់​ថា បុគ្គលដែលបានទទួលទាន​ស៊ុតក្នុងបរិមាណសមល្មមមួយមានកម្រិតប្រូតេអ៊ីន Apolipoprotein A1 ខ្ពស់ក្នុងឈាម ដែលវាជាប្រូតេអ៊ីននៃរចនាសម្ព័ន្ធសារធាតុកូឡេស្តេរ៉ូល​ល្អ (HDL)។ 
 
ការមានបរិមាណកូឡេស្តេរ៉ូលល្អ (DHL) ច្រើនក្នុងឈាម គឺជារឿងល្អព្រោះកូឡេស្តេរ៉ូល​ប្រភេទនេះនឹងជួយបណ្ដេញកូឡេរ៉ូលផ្សេងៗចេញពីសរសៃឈាម ដែលជួយការពារការកក​ស្ទះកូឡេស្តេរ៉ូលក្នុងសរសៃឈាម ដែលអាចបង្កជំងឺសរសៃឈាម​បេះដូង ដូចជាស្ត្រូក និងគាំងបេះដូង។ ក្នុងការសិក្សា អ្នកដែលបានទទួលទានស៊ុតមិនសូវញឹកញាប់មានកម្រិត​កូឡេស្តេរ៉ូលល្អក្នុងឈាមទាប និងប្រឈមហានិភ័យ​នៃជំងឺបេះដូងខ្ពស់ជាងអ្នកដែលទទួល​ទានស៊ុតទៀងទាត់។ 
 
ហេតុនេះ ការសិក្សាបានលើកទឹកចិត្តឱ្យគ្រប់គ្នា ទទួលទានស៊ុតយ៉ាងហោចណាស់មួយគ្រាប់​ក្នុងមួយថ្ងៃ តាមការណែនាំរបស់អ្នកជំនាញ ដើម្បីជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងជាសកល៕
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com