អន្តរជាតិ
មនុស្សរាប់រយនាក់នៅតៃវ៉ាន់ ប្រមូលផ្តុំរំឭកខួបការបង្រ្កាបនៅទីលានធានអានមិន ៣៣ឆ្នាំមុន
05, Jun 2022 , 2:01 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ:
ប្រជាជនរាប់រយនាក់នៅតៃវ៉ាន់ បានប្រមូលផ្តុំគ្នានៅថ្ងៃទី៤ ខែមិថុនា ដើម្បីរំឭកព្រឹត្តិការណ៍ដែលចិនបានបង្រ្កាបក្រុមតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីលានធានអានមិន កាលពី៣៣ឆ្នាំមុន ស្របពេលអ្នកដែលហ៊ានរៀបចំការរំឭកព្រឹត្តិការណ៍នេះនៅហុងកុង នឹងត្រូវចាត់វិធានការក្រោមច្បាប់សន្តិសុខជាតិ។ ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី Tsai Ing-Wen បានរិះគន់ថា នេះជាការព្យាយាមលុបបំបាត់ការចងចាំជាប្រព័ន្ធនៅហុងកុង ខណៈរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកអាន់តូនី ប្លីងខិនបញ្ជក់់ថា ព្រឹត្តិការណ៍នេះ មិនត្រូវបានគេបំភ្លេចឡើយ។

 
៣៣ ឆ្នាំមុននៅថ្ងៃទី៤ ខែមិថុនា គឺជាថ្ងៃដែលកងទ័ពចិនបើកការបាញ់ប្រហារដើម្បីបង្រ្កាបទៅលើសិស្សនិស្សិតចិន ដែលធ្វើបាតុកម្មទាមទារសិទ្ធិសេរីភាព​ និងលទ្ធិប្រជាធិបតេយ្យ នៅទីលានធានអានមិន កណ្តាលទីក្រុងប៉េកាំង។ ចិនមិនបានបញ្ចេញតួលេខមនុស្សស្លាប់ពិតប្រាកដក្នុងព្រឹត្តិការណ៍នេះឡើយ ប៉ុន្តែសាក្សី និងក្រុមសិទ្ធិមនុស្សអះអាងថា ចំនួនអ្នកស្លាប់នោះអាចមានរហូតដល់រាប់ពាន់នាក់។
 
អាជ្ញាធរចិនបានធ្វើគ្រប់យ៉ាង ដើម្បីលុបបំបាត់​ការចងចាំ និងមិនឱ្យរំឭកខួបនៃព្រឹត្តិការណ៍នេះឡើយ។វិធានការទាំងនោះរាប់ចាប់ពីលុបចោលរបាយការណ៍ព័ត៌មាន និងការឆ្លើយឆ្លងគ្នាទាក់ទិននឹងរឿងរ៉ាវនេះតាមប្រព័ន្ធអ៊ីនធឺណិត ចាប់ខ្លួន និងបង្ខំឱ្យអ្នករៀបចំការតវ៉ានិរទេសខ្លួន ព្រមទាំងឃ្លាំមើលអ្នកដែលមានសាច់ញាតិស្លាប់ក្រោមការបង្រ្កាបនេះយ៉ាងដិតដល់ទៀតផង។
 
ស្របពេលព្រឹត្តិការណ៍រំឭកខួបនេះត្រូវបានហាមឃាត់នៅចិន ប្រជាជនហុងកុងបានរៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំជាង៣០ឆ្នាំ ដើម្បីទាមទារឱ្យអាជ្ញាធរចិនទទួលខុសត្រូវចំពោះទង្វើដ៏ព្រៃផ្សៃកាលពីឆ្នាំ ១៩៨៩។ ប៉ុន្តែ បន្ទាប់ពីអាជ្ញាធរចិនបានអនុម័តច្បាប់សន្តិសុខជាតិនៅហុងកុងឆ្នាំ២០២០មក ការប្រមូលផ្តុំគ្នារៀបចំព្រឹត្តិការណ៍នេះក៏ត្រូវបានហាមឃាត់ ដោយរដ្ឋាភិបាលហុងកុង បានអះអាងថាជាការរឹតបន្តឹង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ 
 
មកទល់ពេលនេះ មានតែកោះតៃវ៉ាន់ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យទេទើបអាចប្រារព្ធព្រឹត្តិការណ៍នេះបានដោយសេរី។ នៅថ្ងៃទី៤ ខែមិថុនា មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្រុងតៃប៉ិ ដើម្បីរំឭកដល់ការបង្ក្រាបបង្ហូរឈាមរបស់យោធាចិនលើបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីលានធានអានមិន។ លើសពីនេះ ក្រុមសកម្មជនថែមទាំងបានដំឡើងទម្រង់ថ្មីនៃរូបសំណាក Pillar of Shame ផងដែរដែលជារូបសំណាករំឭកដល់បាតុករនៅទីលានធានអានមិន។ កន្លងមក រូបសំណាកប្រភេទនេះ ត្រូវបានសាកលវិទ្យាល័យហុងកុងដកចេញពីបរិវេណ កាលពីខែធ្នូ ឆ្នាំ២០២១ ក្រោយឈរទីនោះអស់ជាង២ ទសវត្សរ៍មកហើយ។
 
«នេះជានិមិត្តសញ្ញាដែលបង្ហាញពីតម្លៃ ក៏ដូចជាភាពផុយស្រួយនៃលទ្ធិប្រជាធិបតេយ្យក្នុងពេលតែមួយ ហើយបញ្ជាក់ពីការខ្វល់ខ្វាយរបស់ប្រជាជនចំពោះការគាំទ្រលទ្ធិប្រជាធិបតេយ្យ បើមិនដូច្នេះទេ អ្នកផ្តាច់ការនៅគ្រប់ទីកន្លែងនឹងគិតថា ប្រជាជនមិនខ្វល់»។ លោក Jeremy Chiang អ្នកនិពន្ធមួយរូបវ័យ ២៧ឆ្នាំដែលបានចូលរួមព្រឹត្តិការណ៍នៅទីលានសេរីភាពក្រុងតៃប៉ិ នៅថ្ងៃទី៤ ខែមិថុនា បានលើកឡើងបែបនេះ។ 
 
ចំណែកនៅហុងកុងវិញ ដូចរាល់សព្វដង ប៉ូលិសរាប់រយនាក់បានដើរល្បាតនៅឧទ្យាន Victoria ទីដែលប្រជាជនធ្លាប់ប្រមូលផ្តុំប្រារព្ធពិធីដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការប្រមូលផ្តុំណាដែលគ្មានការអនុញ្ញាត។ ទន្ទឹមនេះ មេដឹកនាំហុងកុង លោកស្រី ការី ឡាំបានប្រកាសនៅសប្តាហ៍នេះថា ព្រឹត្តិការណ៍ណាមួយដែលត្រូវបានធ្វើឡើងដើម្បីរំឭកដល់ការបង្រ្កាបឆ្នាំ ១៩៨៩ នឹងត្រូវស្ថិតក្រោមច្បាប់សន្តិសុខជាតិ។ 
 
ពាក់ព័ន្ធនឹងរឿងនេះ ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-Wen រិះគន់ថា ការរំឭកការចងចាំរួមថ្ងៃទី៤​ ខែមិថុនា ត្រូវបាលលុបចោលជាប្រព័ន្ធនៅហុងកុង។ ប៉ុន្តែ លោកស្រីបានបង្ហោះនៅលើបណ្តាញសង្គម Facebook និងInstagram ថា ការប្រើកម្លាំងវាយប្រហារដ៏សាហាវបែបនោះ មិនអាចលុបការចងចាំរបស់ប្រជាជនបានឡើយ។
 
រីឯ នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី៤ ខែមិថុនា រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកអាន់តូនី ប្លីងខិនហៅការបង្រ្កាបនៅទីលានធានអានមិនថា ជាការវាយប្រហារដ៏ឃោរឃៅ ហើយថាសេចក្តីក្លាហានរបស់បុគ្គលទាំងនោះមិនត្រូវបានគេបំភ្លេចឡើយ។ ខណៈអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បញ្ជាក់ជាថ្មីថា រឿងនេះគឺគ្រាន់តែជាឧប្បត្តិហេតុ​នយោបាយ​ទេ៕
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com