អន្តរជាតិ
តួកគី ផ្លាស់ប្តូរឈ្មោះរបស់ខ្លួននៅអង្គការសហប្រជាជាតិជា «តួកគីយេ»
05, Jun 2022 , 7:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
តួកគី នឹងត្រូវបានស្គាល់ថា គួកគីយេ (Türkiye) នៅអង្គការសហប្រជាជាតិ បន្ទាប់ពីអង្គការអន្តររដ្ឋាភិបាលមួយនេះ ឯកភាពទទួលសំណើជាផ្លូវការពីរដ្ឋាភិបាលក្រុងអង់ការ៉ា។ នីតិវិធី នៃការផ្លាស់ប្តូរឈ្មោះនេះ បានចាប់ផ្តើមតាំងពីឆ្នាំមុនមកម្លេះ។

 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu Agency អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកStephane Dujarric បានបញ្ជាក់ពីការទទួលលិខិតពីលោក Mevlüt Çavuşoğlu រដ្ឋមន្រ្តីការបរទេសតួកគី។ បើតាមលោក Dujarric តួកគី នឹងប្តូរឈ្មោះជា តួកគីយេ ចាប់ពីពេលអង្គការសហប្រជាជាតិទទួលបានលិខិតមួយនោះ។
 
ប្រធានាធិបតីតួកគី​ លោក តៃយីប អ៊ែរដូហ្កាន់ កន្លងមក បានជំរុញឱ្យផ្លាស់ប្តូរពីការប្រើប្រាស់តួកគីទៅជា តួកគីយេ ដើម្បីឱ្យមានការទទួលស្គាល់ពីអន្តរជាតិ។ កន្លងមក លោក អ៊ែរដូហ្កាន់ បានបញ្ជាឱ្យប្រើឈ្មោះ តួកគីយេ ឱ្យតំណាងវប្បធម៌ និងតម្លៃរបស់ប្រទេសខ្លួន។ លើសពីនេះ រដ្ឋមន្រ្តីតួកគី ចាប់ផ្តើមប្រើ គួកគីយេ នៅក្នុងឯកសារផ្លូវការថែមទៀត។ នៅក្នុងឆ្នាំ១៩២៣ មុនពេលទទួលបានឯករាជ្យ តួកគី ក៏បានហៅខ្លួនឯងថា តួកគីយេដែរ។ 
 
ទូរទស្សន៍ TRT នៅក្នុងឆ្នាំ២០២១ បានចុះផ្សាយថា វាមានហេតុផលមួយចំនួន ដែលតួកគី ត្រូវប្តូរឈ្មោះបែបនេះ។ ក្នុងនោះមានដូចជា ឈ្មោះប្រទេសមួយនេះ ត្រូវបានហៅដូចគ្នា នឹងឈ្មោះបក្សីមួយប្រភេទ។ ម្យ៉ាងនៅក្នុងវចនានុក្រម Turkey មានន័យ អាក្រក់ ឬមនុស្សភ្លីភ្លើ៕ 
 

Tag:
 តួកគី
  UN
© រក្សាសិទ្ធិដោយ thmeythmey.com