អន្តរជាតិ
ស្ថានទូត​អាម៉េរិក ​រិះគន់​គុយបា​ជុំវិញ​ការ​រំលោភបំពាន​សេរីភាព​សាសនា
05, Jun 2022 , 8:29 pm        
រូបភាព
ស្ថានទូតអាម៉េរិកប្រចាំនៅគុយបា។ រូបភាព៖ AFP
ស្ថានទូតអាម៉េរិកប្រចាំនៅគុយបា។ រូបភាព៖ AFP
ស្ថានទូតអាម៉េរិកនៅទីក្រុងឡាហាវ៉ាន នៅថ្ងៃទី៣ ខែមិថុនា បានចោទប្រកាន់គុយបាពីបទរំលោភលើសេរីភាពសាសនារបស់ពលរដ្ឋ។ ការចោទប្រកាន់នេះបានធ្វើឡើងបីថ្ងៃមុនកិច្ចប្រជុំកំពូលអាម៉េរិក (SOA) នៅទីក្រុង Los Angeles ខណៈគុយបាមិនត្រូវបានអញ្ជើញ។​

 
ស្ថានទូតអាម៉េរិកប្រចាំគុយបា នៅលើបណ្តាសង្គម Twitter បានបញ្ជាក់ថា ក្នុងអំឡុងពេលតវ៉ាប្រឆាំងរដ្ឋាភិបាល​កាលពីខែកក្កដាឆ្នាំ២០២១ កងកម្លាំងគុយបានប្រព្រឹត្តអំពើហឹង្សា ចាប់ខ្លួន និងយាយីមេដឹកនាំមកពីសហគមន៍សាសនាជាច្រើនដែលចូលរួមក្នុងបាតុកម្មដោយសន្តិវិធីនៅទូទាំងប្រទេស។ ក្រសួង​ការ​បរទេសអាម៉េរិក បានបញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​សេរីភាព​សាសនា​ជុំវិញ​ពិភពលោក។
 
ក្នុងសារដដែល ស្ថានទូតអាម៉េរិកប្រចាំគុយបា ក៏បានលើកឡើងផងដែរពីការសម្រេចចិត្តរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក​ អាន់តូនី ប្លិងខិន កាលពីខែវិច្ឆិកាឆ្នាំមុន ក្នុងការដាក់គុយបានៅបញ្ជីឃ្លាំមើលពិសេសនៃប្រទេសដែលខ្លួនបារម្ភពីសេរីភាពសាសនាក្នុងប្រទេស។ 
 
ខណៈចោទប្រកាន់គុយបាពីបទរំលោភលើសេរីភាពសាសនានេះ ស្ថានទូតអាម៉េរិក បានលើកឧទាហរណ៍ជាច្រើនដូចជា​ ការវាយធ្វើបាបអាចារ្យកាតូលិក Jose Castor Alvarez នៅពេលលោកផ្តល់ជំនួយដល់អ្នករបួសអំឡុងពេលតវ៉ាបាតុកម្ម និងការកាត់ទោសអាចារ្យ Lorenzo Rosales​ ឱ្យជាប់គុក ១០ឆ្នាំ ដោយលោកបានចូលរួមក្នុងការតវ៉ាកាលពិខែមីនាកន្លងទៅ។
 
គួរបញ្ជាក់ថា ការ​រិះគន់​នេះ​កើត​ឡើងនៅបីថ្ងៃមុន​កិច្ច​ប្រជុំ​កំពូល​អាម៉េរិកចាប់​ផ្តើម​នៅ Los Angeles។ លើសពីនេះ អាម៉េរិកមិនបានអញ្ជើញគុយបា នីការ៉ាហ្គា និងវេណេស៊ុយអេឡា ជាប្រទេសដែលអាម៉េរិកចាត់ទុកថាគ្មានលទ្ធិប្រជាធិបតេយ្យចូលរួមក្នុងកិច្ចប្រជុំឡើយ។ កិច្ចប្រជុំ​កំពូល​អាម៉េរិក(SOA) គឺជាកិច្ចប្រជុំមួយ ដែលប្រមូលផ្តុំមេដឹកនាំនៃប្រទេសនានានៅអង្គការរដ្ឋអាម៉េរិក (OAS) ដែលមានសមាជិក ៣៤ ប្រទេសនៅទ្វីបអាម៉េរិក។ កិច្ចប្រជុំនេះ នឹងជជែកពីបញ្ហាប្រឈមជាច្រើន ដែលកំពុងកើតមាននៅពេលបច្ចុប្បន្ន។ 
 
យ៉ាងណាមិញ មេដឹកនាំនៃបណ្តាប្រទេសអាមេរិកឡាទីនមួយចំនួន បានលើកឡើងថាពួកគេនឹងធ្វើពហិកាសម្រាប់កិច្ចប្រជុំនោះ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រទេសដែលអាម៉េរិកមិនបានអញ្ជើញ៕
 

Tag:
 គុយបា
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com