អន្តរជាតិ
អ៊ុយក្រែន រិះគន់ប្រធានាធិបតីបារាំង ដែលទទូចកុំឱ្យបំបាក់មុខរុស្ស៊ី
05, Jun 2022 , 4:11 pm        
រូបភាព
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ រូបភាព៖ AFP
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ រូបភាព៖ AFP
ប្រមុខការទូតអ៊ុយក្រែន នៅថ្ងៃទី៤ ខែមិថុនា បានថ្កោលទោសប្រធានាធិបតីបារាំង ដែលបានអំពាវនាវកុំអោយបំបាក់មុខរុស្ស៊ី ដើម្បីទុកផ្លូវស្តារទំនាក់ទំនងការទូតនៅក្រោយពេលសង្រ្គាមអ៊ុយក្រែនត្រូវបញ្ចប់។ បើតាមមន្រ្តីជាន់ខ្ពស់អ៊ុយក្រែនរូបនេះ ការអំពាវនាវរបស់ប្រធានាធិបតីបារាំង មានតែធ្វើឱ្យបារាំងអាម៉ាស់មុខប៉ុណ្ណោះ។

 
ក្នុងកិច្ចសម្ភាសជាមួយកាសែតក្នុងតំបន់មួយ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី៤ ខែមិថុនា បានលើកឡើងថា ពិភពលោក មិនត្រូវបង្អាប់រុស្ស៊ីឡើយ ដើម្បីទុកផ្លូវរៀបចំទំនាក់ទំនងការទូតឡើងវិញ នៅពេលការប្រយុទ្ធគ្នានៅអ៊ុយក្រែន ត្រូវបានបញ្ចប់។ លោកម៉ាក្រុង បានចាត់ទុកបារាំង មានតួនាទី ជាអ្នកសម្របសម្រួល ដើម្បីឱ្យក្រុងមូស្គូ និងក្រុងកៀវ ឈានដល់កិច្ចចរចាបញ្ចប់ជម្លោះ។ 
 
ប៉ុន្មានម៉ោងបន្ទាប់ពីការបញ្ជាក់បែបនេះ ប្រមុខការទូតអ៊ុយក្រែន លោក Dmytro Kuleba បានរិះគន់លោកម៉ាក្រុងយ៉ាងខ្លាំង​ ជុំវិញការទទូចឱ្យទុកមុខដោយរុស្ស៊ី។ 
 
«ការអំពាវនាវឱ្យបញ្ចៀសការបំបាក់មុខរុស្ស៊ី មានតែធ្វើឱ្យបារាំងអាម៉ាស់មុខ...»។ លោក Kuleba បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ដោយសាររុស្ស៊ី បានធ្វើឱ្យអាម៉ាស់ខ្លួនឯង ហេតុនេះបណ្តាប្រទេសផ្សេងទៀត យល់ល្អមានតែធ្វើឱ្យរុស្ស៊ីស្ថិតនៅកន្លែងដែលគួរនៅ។ 
 
កន្លងមក លោក ម៉ាក្រុង បានជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាច្រើនលើក ដើម្បីជជែកពីការបញ្ឈប់សង្រ្គាម ការបើកច្រកមនុស្សធម៌ និងបញ្ហាផ្សេងទៀត។ យ៉ាងណាមិញ ប្រធានាធិបតីបារាំង នៅតែមិនអាចបញ្ចុះបញ្ចូលឱ្យសមភាគីរុស្ស៊ី បញ្ឈប់សង្រ្គាមនៅអ៊ុយក្រែនបានឡើយ។ 
 
មកទល់ពេលនេះ វាមានរយៈពេលជាង ១០០ថ្ងៃហើយ ដែលសង្រ្គាមនៅតែអូសបន្លាយ ខណៈប្រជាជនអ៊ុយក្រែនជាច្រើនពាន់នាក់ បានរងរបួស និងស្លាប់។ ចំណែកកិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តជាប់គាំង ស្របពេលប្រធានាធិបតីអ៊ុយក្រែន ទាមទារជួបចរចាផ្ទាល់ជាមួយលោក ពូទីន តែម្តង៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com