សុខភាព
អន្តរជាតិ
ការធ្វើការហួសកម្លាំង អាចប្រឈមហានិភ័យនៃការស្លាប់ខ្ពស់
05, Jun 2022 , 9:29 pm        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
ការធ្វើការហួសកម្លាំង ឬការធ្វើការច្រើនម៉ោង លើសពី ៥៥ម៉ោងក្នុងមួយសប្តាហ៍ អាចធ្វើឱ្យ​មនុស្សប្រឈមហានិភ័យនៃការស្លាប់ ដោយសារជំងឺជាច្រើនរួមមានស្ត្រូក ឬត្បៀតសរសៃ​ឈាមបេះដូងជាដើម។ ជាការល្អ អ្នកជំនាញបានណែនាំឱ្យមនុស្សទាំងអស់ធ្វើការមួយថ្ងៃ ៨ម៉ោង ឬ ៣៥ទៅ៤០ម៉ោងក្នុងមួយសប្តាហ៍។

 
ការខិតខំធ្វើការ គឺជាទង្វើល្អមួយដើម្បីឈានទៅរកភាពជោគជ័យ។ យ៉ាងណាមិញ ការធ្វើ​ការច្រើនម៉ោងពេកមិនបានផ្តល់ផលល្អឡើយ។ វាអាចធ្វើឱ្យមនុស្សប្រើកម្លាំងលើសកម្រិត​ដែលបង្កផលប៉ះពាល់ដល់សុខភាពក្នុងរយៈពេលវែង។ ជាពិសេស ក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត មនុស្សបានប្រឈមការធ្វើការហួសកម្លាំងខ្លាំងជាងធម្មតា ដោយសារការធ្វើ​ការពីផ្ទះ។ មនុស្សជាច្រើនមិនបានបែងចែកម៉ោងធ្វើការ និងម៉ោងសម្រាកច្បាស់លាស់ទេ។ 
 
កង្វល់ដ៏ធំបំផុតមួយទាក់ទងនឹងការធ្វើការងារហួសកម្លាំង គឺមនុស្សអាចមានបញ្ហាស្ត្រេស។ នេះក៏ព្រោះតែការមានបញ្ហាស្ត្រេសរ៉ាំរ៉ៃ ត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន​ដែលសុទ្ធតែអាចធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត ដូចជាជំងឺបាក់ទឹកចិត្ត ជំងឺទឹកនោមផ្អែម មានសម្ពាធឈាមខ្ពស់ មានបញ្ហា​ប្រព័ន្ធរំលាយអាហារ ជំងឺបេះដូង មានជំងឺសួតរ៉ាំរ៉ៃ និងជំងឺ​មហារីក។ 
 
អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារធ្វើការ​លើសកម្លាំងថា មានចំនួន ជាង៧ម៉ឺននាក់ក្នុងឆ្នាំ ២០១៦។ ការសិក្សាបានផ្តោតទៅលើ​បញ្ហាជំងឺ២ គឺជំងឺស្ត្រូក និងជំងឺត្បៀតសរសៃឈាម ហើយបានរកឃើញថា អ្នកដែលធ្វើការ​លើសពី ៥៥ម៉ោងក្នុងមួយសប្តាហ៍ បានប្រឈមហានិភ័យនៃជំងឺស្ត្រូក ៣៥ភាគ​រយ ខណៈ​ប្រឈមហានិភ័យនៃការស្លាប់ដោយជំងឺត្បៀតសរសៃឈាម ១៧ភាគរយ។ នេះជាអត្រា​ហានិភ័យធៀបនឹងអ្នកដែលបានធ្វើការត្រឹម ៣៥ ទៅ ៤០ម៉ោងក្នុងមួយសប្តាហ៍។ 
 
តាមការពន្យល់របស់អ្នកជំនាញ នៅពេលមនុស្សមានបញ្ហាស្ត្រេសដោយសារការធ្វើការហួស​កម្លាំង រាងកាយផលិតអរម៉ូនករទីសូល (Hormone Cortisol) កាន់តែច្រើន។ ការណ៍នេះ​នឹងបង្កើនហានិភ័យនៃជំងឺគាំងបេះដូង និងស្ត្រូក។ លើសពីនេះ ការស្ត្រេសខ្លាំងក៏បានធ្វើឱ្យ​មនុស្សមានបញ្ហាឈឺសាច់ដុំ ឈឺខ្នង និងចុករួយ ក ជាដើម។ 
 
គួរបញ្ជាក់ថា ការធ្វើការហួសកម្លាំងបានកើតឡើងចំពោះប្រជាជននៅជុំវិញពិភពលោក ខណៈប្រទេស​អាស៊ីដែលប្រឈមបញ្ហានេះធ្ងន់ធ្ងរជាងគេមានដូចជា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់។ លើសពីនេះ ការសិក្សាបានបង្ហាញថាស្ត្រីមានហានិភ័យប្រឈមនឹងការធ្វើការ​លើសកម្លាំងច្រើនជាងបុរសដោយសារស្ត្រីត្រូវមានទំនួលខុសត្រូវការងារផ្ទះបន្ថែម៕ 
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com