កីឡាជាតិ
ជាតិ
កីឡា នាំឲ្យមនុស្សជាតិមានសាមគ្គីភាព
05, Jun 2022 , 10:59 pm        
រូបភាព
រូបក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបមិត្តជាមួយ ទីម័រ
រូបក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបមិត្តជាមួយ ទីម័រ
និយមន័យនៃពាក្យថាកីឡា គឺជាការប្រកួតប្រជែង ដោយប្រើបច្ចេកទេស កម្លាំងកាយ និងកម្លាំងប្រាជ្ញាដើម្បីទទួលបានជោគជ័យ។ វចនានុក្រមរបស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត បានឲ្យនិយមន័យ ពាក្យនេះ ថាជាការលេងល្បែងកម្សាន្ដផ្សេងៗ។ សកម្មភាពនៃកីឡា មានអត្ថន័យច្រើន និងធំធេងជាងនេះ ដោយតាមរយៈសកម្មភាពកីឡា បានចង់ចំណងមិត្តភាព រវាងសង្គមមួយទៅសង្គមមួយ ប្រទេសមួយទៅប្រទេសមួយទៀត កាន់តែរឹងមាំ។


លោក Conor Nestor គ្រូបង្គោលរបស់ក្លិបព្រះខ័នរាជ ស្វាយរៀង បានឲ្យអត្ថន័យ និងប្រាប់ពីខ្លឹមសារសំខាន់អំពីកីឡា។ កីឡា មានអត្ថន័យធំទូលាយណាស់ មិនមែនគ្រាន់តែជាការប្រកួត ដើម្បីយកជ័យលាភីណាមួយទេ តែក៏ជាការសាងសង់មិត្តភាពរវាងប្រទេសមួយ ទៅប្រទេសមួយទៀត តាមសកម្មភាពកីឡា។ 
 
«កីឡា នាំឲ្យមនុស្សជាតិជួបជុំគ្នា ជាពិសេសកីឡាជួយពង្រឹងនូវសាមគ្គីភាព នៅក្នុងសង្គមមនុស្សជាតិ»។ គ្រូបង្វឹករូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ័បែបនេះ។ 
 
ជាមួយគ្នានេះដែរ លោក ហុក សុចិត្រា អគ្គលេខាធិការក្លិបវិសាខា បានប្រាប់សារព័ត៌មានថ្មីៗថា៖«កីឡាគ្រប់ប្រភេទ គឺជាការប្រកួតប្រជែងដ៍ស្វិតស្វាញដើម្បីជ័យជម្នះ ប៉ុន្តែគ្រប់កីឡាទាំងអស់ កីឡាករ កីឡាការិនីជាទូតដែលនាំឲ្យគ្រប់គ្នាបានស្គាល់គ្នា បានជួបគ្នា បានស្រលាញ់គ្នាដែលជាមនុស្សមិនដែលស្គាល់គ្នាសោះ មកពីទីផ្សេងគ្នា ទ្វីបផ្សេងគ្នា លើពិភពលោកបានស្គាល់គ្នា។ កីឡា គឺទីកន្លែងដែលធ្វើឲ្យយើងបានជួបគ្នា លើពិភពលោក ហើយក៍ជាទី សុខសន្តិភាពដែរ ។ ដូចពាក្យស្លោករបស់កីឡាមួយឃ្លាថា កីឡានាំមកសន្តិភាព។ យើងមានសុខសន្តិភាពបានយើងលេងកីឡាបាន»។
 
ជាឧទាហរណ៍ ការប្រកួតស៊ីហ្គេម ឬ Southeast Asian Games ត្រូវបានបង្កើត ដោយ៦ប្រទេសចូលរួម ភូមា, កម្ពុជា, ឡាវ, ម៉ាឡេស៊ី, ថៃ និងវៀតណាម ដោយបានបង្កើតនៅឆ្នាំ១៩៥៩។ ចាប់តាំងពីពេលបង្កើត រហូតមកទល់ពេលនេះ  ការប្រកួតស៊ីហ្គេម មានការចូលរួមពី១១ប្រទេសក្នុងតំបន់អាស៊ាន។ នេះ គឺជាការឆ្លុះបញ្ចាំងពីផ្នែកមួយនៃការចាប់ផ្ដើមចំណងមិត្តភាពរវៀងប្រទេសក្នុងតំបន់។
 
តាមការប្រកួតព្រឹត្តិការណ៍ក្នុងតំបន់ ប្រទេសដែលជាសមាជិក មានឱកាសយល់ដឹងពី ការរស់នៅ វប្បធម៌ អរិយធម៌របស់ប្រទេសម្ចាស់ផ្ទះ។ ជាពិសេស សេដ្ឋកិច្ចមួយចំនួន ដូចជាវិស័យទេសចរណ៍ ត្រូវបានផ្សព្វផ្សាយដោយទូលាយដល់ប្រតិភូចូលរួម ដែលមកពីប្រទេសជិតខាង៕
 

Tag:
 បាល់ទាត់
  កីឡាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com