សុខភាព
អន្តរជាតិ
តើកញ្ឆាប៉ះពាល់ដល់សុខភាព ឬជួយសុខភាព?
06, Jun 2022 , 8:29 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
កន្លងមក គ្រប់គ្នាសុទ្ធតែបានដឹងថា កញ្ឆាជាពពួករុក្ខជាតិផ្ទុកសារធាតុញៀនដែលអាចប៉ះ​ពាល់ដល់សុខភាពមនុស្ស ហើយថែមទាំងចាត់ទុកជាផលិតផលខុសច្បាប់នៅប្រទេសជា​ច្រើនក្នុងពិភពលោក។ យ៉ាងណាមិញ តាមការចុះផ្សាយលើវិទ្យាស្ថានសុខភាពជាតិរបស់​អាម៉េរិក បានបង្ហាញថា មនុស្សបានប្រើប្រាស់កញ្ឆាជាឱសថព្យាបាលជំងឺយូរជាង៣ពាន់​ឆ្នាំមកហើយ។ ទោះយ៉ាងនេះក្ដី រដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក មិនទាន់ចាត់ទុកថា​កញ្ឆាជា​ឱសថព្យាបាលជំងឺ ដែលមានប្រសិទ្ធភាពប្រកបដោយសុវត្ថិភាពឡើយ។

 
ភាពមិនច្បាស់លាស់នៃផលប៉ះពាល់របស់កញ្ឆានៅតែបន្តកើតមានក្នុងសង្គម។ កញ្ជាត្រូវ​គេជឿថាអាចព្យាបាលជំងឺជាច្រើនបានយ៉ាងមានប្រសិទ្ធភាព។ ហេតុនេះ វាបានជំរុញឱ្យ​ប្រទេសជាច្រើនព្យាយាមធ្វើឱ្យកញ្ឆាជាផលិតផលស្របច្បាប់សម្រាប់ប្រើក្នុងស្រុក។ បច្ចុប្បន្ន ប្រទេសជាច្រើន បានហាមឃាត់ការប្រើប្រាស់កញ្ឆាទាំងស្រុង ប៉ុន្តែប្រទេសខ្លះ បានអនុញ្ញាតឱ្យប្រើស្របច្បាប់ ពិសេសសម្រាប់វិស័យវេជ្ជសាស្ត្រ។
 
ការសិក្សាថ្មីមួយដែលបានចុះផ្សាយនៅលើទិនានុប្បវត្តិ Addiction បានរកឃើញថាការប្រើប្រាស់កញ្ឆា កំពុងកើនឡើងយ៉ាងខ្លាំងនៅទូទាំងអាម៉េរិក តែទោះបីមានការកើនឡើងក្ដី វា​មិនមែនរដ្ឋទាំងអស់ចង់ឱ្យ​ផលិតផលកញ្ឆាស្របច្បាប់ឡើយ ព្រោះវាជារឿងព្រួយបារម្ភ​សម្រាប់​ពិភពលោក។ នេះដោយសារ រដ្ឋបាលចំណីអាហារនិងឱសថ មិនទាន់ចាត់ទុកកញ្ឆា​ជាឱសថព្យាបាលជំងឺដែលមានប្រសិទ្ធភាពប្រកបដោយសុវត្ថិភាព​ឡើយ។
 
ជាការពិត តាមការស្រាវជ្រាវជាច្រើនកន្លងមក កញ្ឆាអាចបង្កឱ្យមនុស្សមានបញ្ហា​សុខភាពដូចជា​បញ្ហាសុខភាពផ្លូវចិត្ត ជំងឺផ្លូវដង្ហើម ថយចុះសមត្ថភាពខួរក្បាល មានហានិ​ភ័យគាំងបេះដូង និងបញ្ហាជាច្រើនទៀត។ ផលប៉ះពាល់នៃការប្រើកញ្ឆាភាគច្រើនកើតលើ​អ្នកប្រើសម្រាប់ការកំសាន្តអារម្មណ៍ដែលនាំឱ្យញៀនរហូតប្រើលើសកម្រិត។
 
ផ្ទុយទៅវិញ វាក៏មានការស្រាវជ្រាវជាច្រើនទៀតរកឃើញពីអត្ថប្រយោជន៍ដែរ ពិសេស​សម្រាប់ប្រើក្នុងវិស័យវេជ្ជសាស្ត្រ។ កញ្ឆាត្រូវបានប្រើប្រាស់ជាឱសថសម្រាប់កាត់បន្ថយ​ការឈឺចាប់ ព្យាបាលអាការៈមួយចំនួន​បណ្ដាលមកពីបញ្ហាផ្លូវចិត្តរួមមានការបាក់ទឹកចិត្ត ការថប់អារម្មណ៍ និងស្ត្រេសជាដើម។
 
នេះដោយសារកញ្ឆាអាចធ្វើឱ្យមនុស្សមានអារម្មណ៍​ធូរស្រាល ក្រោយប្រើវា តែការប្រើលើសចំនួនកំណត់នឹងបង្កឱ្យមានបញ្ហាផ្លូវចិត្តលើស​ដើម។ មួយវិញទៀត កញ្ឆាក៏ត្រូវបានប្រើ​សម្រាប់ការព្យាបាលជំងឺមហារីក និងជំងឺឆ្កួតជ្រូក​នៅពេលកោសិកាខួរក្បាលបំពេញនាទី​មិនត្រឹមត្រូវ។ ​
 
ដូច្នេះ កញ្ឆាគឺជាផលិតផលដែលល្អចំពោះសុខភាពផង និងប៉ះពាល់សុខភាពផង។ វាអាស្រ័យទៅលើការប្រើប្រាស់របស់មនុស្សបានត្រឹមត្រូវដែរឬទេ។ ប្រសិនបើអ្នកប្រើវា​សម្រាប់ព្យាបាលជំងឺតាមការណែនាំរបស់គ្រូពេទ្យជំនាញ នោះវានឹងផ្តល់ប្រយោជន៍ដល់​សុខភាព តែបើអ្នកប្រើវាមិនត្រឹមត្រូវតាមការណែនាំ ឬប្រើលើសកំណត់ដើម្បីការសប្បាយ​ជាដើមនោះ វានឹងបង្កផលប៉ះពាល់ដល់សុខភាព។ ហេតុនេះហើយទើបប្រទេសមួយចំនួន​បានអនុម័តច្បាប់ឱ្យផលិតផលកញ្ឆាស្របច្បាប់ ខណៈខ្លះទៀតនៅចាត់ទុកកញ្ឆាជាផលិត​ផល​ខុសច្បាប់នៅឡើយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com