អន្តរជាតិ
លោកពូទីន ព្រមានវាយប្រហារគោលដៅថ្មី បើអ៊ុយក្រែនទទួលបានមីស៊ីលថ្មីពីលោកខាងលិច
06, Jun 2022 , 2:00 pm        
រូបភាព
លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៥ ខែមិថុនា បានព្រមានថា រុស្ស៊ីនឹងវាយប្រហារគោលដៅថ្មី ប្រសិនបើអ៊ុយក្រែនទទួលបានប្រព័ន្ធអាវុធដ៏ទំនើប ដែលអាចបាច់បានចម្ងាយឆ្ងាយពីបណ្តាប្រទេសលោកខាងលិច។ ការបញ្ជាក់បែបនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយអាម៉េរិកយល់ព្រមផ្ដល់ប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយឱ្យអ៊ុយក្រែន។


 
 
អាម៉េរិក នៅចុងខែឧសភា កន្លងទៅ ប្រកាសផ្តល់ប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយទៅអ៊ុយក្រែន ប៉ុន្តែហាមបាញ់ចូលរុស្ស៊ី។ ប្រព័ន្ធមីស៊ីលប្រភេទនេះ ស្ថិតក្នុងកញ្ចប់​ជំនួយ​យោធាទំហំ ​៧០០​លានដុល្លារ។ ជាមួយនឹងជំនួយនេះ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ​ក៏ព្រមានវាយប្រហារលើគោលដៅថ្មី នៅក្នុងដីអ៊ុយក្រែន ហើយថែមទាំងចាត់ទុកថាការបញ្ជូនអាវុធថ្មីមកអ៊ុយក្រែនពីសំណាក់ប្រទេសលោកខាងលិច ធ្វើឡើងក្នុងគោលបំណងឱ្យជម្លោះកាន់តែអូសបន្លាយយូរប៉ុណ្ណោះ។ 
 
«ក្រុងមូស្គូ នឹងពិចារណាឱ្យម៉ត់ចត់ រួមទាំងប្រើប្រាស់អាវុធរបស់យើង...ដើម្បីវាយប្រហារគោលដៅ ដែលយើងមិនទាន់បានវាយប្រហារ»។ លោកពូទីន បានសង្កត់ធ្ងន់បែបនេះ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍រុស្ស៊ី Rossiya-1 នៅថ្ងៃទី៥ ខែមិថុនា។ យ៉ាងណាមិញ មេដឹកនាំរុស្ស៊ីរូបនេះ មិនបានបញ្ជាក់ពីទីតាំងនោះឱ្យបានច្បាស់លាស់ឡើយ ប៉ុន្តែទំនងជាចង់សំដៅដល់ឃ្លាំងទុកប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយ ឬអាវុធទំនើបៗ ដែលលោកខាងលិចផ្តល់ឱ្យ ខណៈកន្លងមករុស្ស៊ីវាយប្រហារទីតាំងយោធាជាច្រើនរបស់អ៊ុយក្រែនដូចជាទីបញ្ជាការ ទីតាំងស្តុកអាវុធនានា។ 
 
 
កន្លងមក មន្ត្រីរុស្ស៊ី ក៏រិះគន់ថា ការផ្តល់អាវុធទំនើបៗពីសំខាន់លោកខាងលិចឱ្យអ៊ុយក្រែន មានតែធ្វើឱ្យស្ថានការណ៍ជម្លោះកាន់តែអាក្រក់។ ផ្ទុយពីការលើកឡើងរបស់មន្រ្តីខ្លួន ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍នោះ លោកពូទីន បានអះអាងថា ប្រព័ន្ធអាវុធទាំងនោះ នឹងមិនធ្វើឱ្យផ្លាស់ប្តូរស្ថានភាពនៅតំបន់ប្រយុទ្ធឡើយ។ បើតាមលោកពូទីន ជំនួយយោធា ដែលផ្តល់ឱ្យក្រុងកៀវ ជាចេតនាក្នុងការអូសបន្លាយជម្លោះប៉ុណ្ណោះ។ 
 
ត្រង់ចំណុចនេះ ប្រមុខរដ្ឋរុស្ស៊ី បានឌឺដងថា ជំនួយអាវុធពីអាម៉េរិក និងសម្ព័ន្ធមិត្ត ត្រូវបំផ្លាញដោយរុស្ស៊ី  ហើយវាមិនមែនជារឿងថ្មីឡើយ។ 
 
ការព្រមានរបស់លោកពូទីនខាងលើ ធ្វើឡើងស្របពេលមានការផ្ទុះ៤ឬ៥កន្លែង នៅក្នុងក្រុងកៀវ។ តាមការបញ្ជាក់របស់អភិបាលក្រុងកៀវ លោក Vitali Klitschko ក្នុងប្រព័ន្ធ Telegram ទៅកាន់សារព័ត៌មាន Al Jazeera ការផ្ទុះបានកើតឡើងនៅខណ្ឌ Dniprovskyi និងខណ្ឌDarnytskyi ហើយមានមនុស្សរបួសយ៉ាងហោចណាស់ម្នាក់។ 
 
ក្រសួងការពារជាតិរុស្ស៊ី បានចេញមុខបញ្ជាក់ថា ខ្លួនបានវាយប្រហារលើរថក្រោះ និងរថពាសដែកផ្សេងទៀតនៅជាយក្រុងកៀវ ដែលត្រូវបានផ្តល់ដោយប្រទេសលោកខាងលិច៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com