អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង ប្តេជ្ញាឆ្លើយតបនឹងសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើងឱ្យបានតឹងរ៉ឹង
06, Jun 2022 , 3:50 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព៖ AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព៖ AFP
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នៅថ្ងៃទី៦ ខែមិថុនា បានសន្យាឆ្លើយតបសកម្មភាពបង្កអរិភាពរបស់កូរ៉េខាងជើងឱ្យបានតឹងរ៉ឹងបំផុត បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលប៉ាលីស្ទិកចម្ងាយខ្លីចំនួន៨គ្រាប់។



 
ស្ថានការណ៍ឧបទ្វីបហាក់កាន់តែក្តៅ ដោយសារកូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ ក្នុងរយៈពេលចុងក្រោយ។ គ្រាន់តែក្នុងថ្ងៃទី៥ ខែមិថុនា ក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលប៉ាលីស្ទិកចម្ងាយខ្លីចំនួន៨គ្រាប់ឯណោះទៅសមុទ្រខាងកើត។ នេះជាការបាញ់មីស៊ីលលើកទី៣ ចាប់តាំងពីលោក យូន សុកយ៉ល ឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង។ មួយថ្ងៃបន្ទាប់កូរ៉េខាងត្បូង បានដំឡើងសាច់ដុំរបស់ខ្លួនដាក់កូរ៉េខាងជើងវិញ តាមរយៈការបាញ់មីស៊ីលយុទ្ធសាស្រ្តចំនួន​ ៨គ្រាប់វិញជាមួយអាម៉េរិក។ 
 
មេដឹកនាំកូរ៉េខាងត្បូង បានប្តេជ្ញាដាក់ចេញវិធានការម៉ត់ចត់ ចំពោះការបាញ់មីស៊ីលពីសំណាក់កូរ៉េខាងជើង ហើយរដ្ឋាភិបាលក្រុងសេអ៊ូល នឹងពង្រឹងសមត្ថភាពការពារសន្តិសុខបន្ថែម។ 
 
«រដ្ឋាភិបាលរបស់យើង នឹងឆ្លើយតបឱ្យបានតឹងរ៉ឹងចំពោះសកម្មភាពបង្កអរិភាពរបស់កូរ៉េខាងជើង»។ លោក យូន បានសង្កត់ធ្ងន់បែបនេះនៅក្នុងទិវារំឭកគុណប្រជាជនកូរ៉េខាងត្បូង ដែលស្លាប់ក្រោមបុព្វហេតុជាតិនៅថ្ងៃទី៦ ខែមិថុនា នៅទីបញ្ចុះសពជាតិក្នុងក្រុងសេអ៊ូល។ បើតាមមេដឹកនាំរូបនេះ កូរ៉េខាងត្បូង ហ៊ានធានាមិនឱ្យមានការធ្វេសប្រហែស ក្នុងការការពារជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនខ្លួនឡើយ។ 
 
ក្រោមរដ្ឋបាលថ្មី ក្រុងសេអ៊ូល ហាក់បង្ហាញជំហយ៉ាងតឹងរឹងចំពោះកូរ៉េខាងជើង ពោលគឺខុសពីរដ្ឋបាលរបស់លោក មូន ចេអ៊ីន ដែលបានស្វែងរកកិច្ចចរចាសន្តិភាពជាមួយក្រុងព្យុងយ៉ាង។ ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងលោក​ យូន បានឯកភាពចាប់ផ្តើមកិច្ចពិភាក្សាលើការពង្រីកសមយុទ្ធយោធាផងដែរ៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com