អន្តរជាតិ
ជនជាតិ​រ៉ូហ៊ីងយ៉ា​ជិត​៥៩​នាក់ ត្រូវ​ក្រុមជួញដូរយកទៅទុកចោល​លើ​កោះរបស់​ថៃ
06, Jun 2022 , 9:29 pm        
រូបភាព
យោធាថៃផ្ដល់អាហារឱ្យជនជាតិរ៉ីហ៊ីងយ៉ាដែលត្រូវបោះបង់ចោលនៅលើកោះ Dong ។ រូបថតកងទ័ពជើងទឹកថៃ
យោធាថៃផ្ដល់អាហារឱ្យជនជាតិរ៉ីហ៊ីងយ៉ាដែលត្រូវបោះបង់ចោលនៅលើកោះ Dong ។ រូបថតកងទ័ពជើងទឹកថៃ
ជនជាតិរ៉ូហ៊ីងយ៉ា៥៩នាក់ ត្រូវបានរកឃើញនៅលើកោះមួយនៅថៃ។ មនុស្សទាំង​៥៩នាក់នេះ ប្រាប់ប៉ូលិសថៃថា ខ្លួនត្រូវបានក្រុមអ្នកជួញដូរ​ទុកចោលនៅលើកោះនេះ ខណៈពួកគេមានបំណងឆ្លងដែនទៅម៉ាឡេស៊ី។


ជារៀងរាល់ឆ្នាំ ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ដែលត្រូវបានធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងដោយយោធាមីយ៉ាន់ម៉ា បានប្រថុយជីវិតរបស់ពួកគេក្នុងការធ្វើដំណើរជាច្រើនខែ ដើម្បីឆ្លងដែនដោយខុសច្បាប់ទៅម៉ាឡេស៊ីតាមដែនសមុទ្រថៃ។
 
មន្រ្តីប៉ូលិសថៃ ឧត្តមសេនីយឯក Surachet Hakpan អះអាងថា ក្រុមជនជាតិ​រ៉ូហ៊ីងយ៉ា​ជិត​៦០​នាក់នេះត្រូវបានរកនៅលើកោះ Dong ក្នុងខេត្ត Satun ភាគខាងត្បូងប្រទេសនៅថ្ងៃទី៤ ខែមិថុនា។ ក្នុងចំណោមនេះមាន៥នាក់ជាកុមារ។ បើតាមប៉ូលិសថៃ ពួកគេត្រូវបានចោទប្រកាន់ពីបទឆ្លងដែនដោយខុសច្បាប់ ហើយអាចប្រឈមនឹងការនិរទេសទៅកាន់យ៉ាន់ម៉ាវិញ បន្ទាប់ពីមានការកាត់ទោសពីតុលាការ។
 
«យើងកំពុងផ្តល់ជំនួយមនុស្សធម៌ ហើយនឹងស៊ើបអង្កេតថា តើពួកគេជាជនរងគ្រោះនៃការជួញដូរមនុស្ស ឬពួកគេឆ្លងដែនដោយខុសច្បាប់»។ លោក Surachet បានលើកឡើងបែបនេះ។ ពេលរកឃើញនោះ ប៉ូលិសថៃអះអាងថា ជនជាតិ​រ៉ូហ៊ីងយ៉ាទាំង៥៩នាក់ ហាក់ដូចជាស្រេកឃ្លានខ្លាំង ហើយទំនងជាមិនបានទទួលទានអាហារចន្លោះពី៣​ទៅ៥ថ្ងៃមកហើយ។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP ជនជាតិ​រ៉ូហ៊ីងយ៉ាទាំងនេះប្រាប់មន្រ្តីថៃថា​ ទូករបស់ពួកគេស្ថិតក្នុងចំណោមទូកចំនួនបីដែលផ្ទុកមនុស្សប្រមាណ១៧៨នាក់ ដែលបានចាកចេញពីមីយ៉ាន់ម៉ា និងបង់ក្លាដែស។ ក្នុងការធ្វើដំណើរនេះ ពួកគេត្រូវបង់ប្រាក់ឱ្យភ្នាក់ងារជួញដូរប្រហែល១១០០​ដុល្លារក្នុងម្នាក់។ លើសពីនេះ ពួកគេក៏បញ្ជាក់ថា​ នៅពេលមកដល់កោះ Dong អ្នកបើកទូកបានប្រាប់ពួកគេថា បាន​ទៅដល់ម៉ាឡេស៊ីហើយ។ 
 
ក្នុងសេចក្តីថ្លែងការណ៍របស់ប៉ូលិសថៃ ទូកពីរដំបូងដែលផ្ទុកមនុស្សចំនួន១១៩នាក់ ត្រូវបានបញ្ឈប់ និងចាប់ខ្លួនដោយអាជ្ញាធរម៉ាឡេស៊ី។
 
ចាប់តាំងពីផ្ទុះការបង្រ្កាបដោយយោធាមីយ៉ាន់ម៉ានៅឆ្នាំ២០១៧ និងការធ្វើទុក្ខបុកម្នេញជាហូរហែ ប្រជាជនរ៉ូហ៊ីងយ៉ារាប់រយពាន់នាក់បានព្យាយាមភៀសខ្លួនចេញពីប្រទេស។ ម៉ាឡេស៊ីដែលជាប្រទេសសម្បូរប្រជាជនមូស្លីមបានក្លាយជាគោលដៅសំខាន់សម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាដែលភៀសខ្លួនពីមីយ៉ាន់ម៉ា ឬជំរំជនភៀសខ្លួននៅបង់ក្លាដែស៕
 

Tag:
 រ៉ូហ៊ីងយ៉ា ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com