អន្តរជាតិ
លោកអាល់បានីស៖ ទំនាក់ទំនងឥណ្ឌូណេស៊ី-អូស្រ្តាលី ត្រូវពង្រឹងដោយផលប្រយោជន៍យុទ្ធសាស្រ្ត
06, Jun 2022 , 5:00 pm        
រូបភាព
លោក អាន់ថូនី អាល់បានីស នាយករដ្ឋមន្រ្តីអូស្រ្តាលី ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី។ រូបភាព៖ Twitter-Anthony Albanese
លោក អាន់ថូនី អាល់បានីស នាយករដ្ឋមន្រ្តីអូស្រ្តាលី ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី។ រូបភាព៖ Twitter-Anthony Albanese
លោក អាន់ថូនី អាល់បានីស នាយករដ្ឋមន្រ្តីអូស្រ្តាលី ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ី នៅថ្ងៃទី៦ ខែមិថុនា​ បានលើកឡើងថា ទំនាក់ទំនងរវាងឥណ្ឌូណេស៊ី និងអូស្រ្តាលី ត្រូវបានពង្រឹងដោយផលប្រយោជន៍សេដ្ឋកិច្ច និងយុទ្ធសាស្រ្ត។ មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលអូស្រ្តាលី ក៏បានប្រកាសចូលរួមក្នុងកិច្ចប្រជុំ G20 ផងដែរ។

 
ឥណ្ឌូណេស៊ី ជាគោលដៅទស្សកិច្ចទីពី២ របស់លោក អាន់ថូនី អាល់បានីស បន្ទាប់ពីឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីអូស្ត្រាលី ក្រោយដំណើរទស្សនកិច្ចនៅជប៉ុន ដែលលោកបានចូលរួមក្នុងកិច្ចប្រជុំភាពជាដៃគូសន្តិសុខចតុភាគី (QUAD)។ បន្ទាប់ពីជំនួបជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក អាល់បានីស បានប្តេជ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយប្រទេស ដែលមានទំហំសេដ្ឋកិច្ចធំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ 
 
«ទំនាក់ទំនងរបស់យើង ត្រូវបានពង្រឹងដោយប្រយោជន៍សេដ្ឋកិច្ច និងយុទ្ធសាស្រ្ត»។ នាយករដ្ឋមន្រ្តីអូស្រ្តាលី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមនៅថ្ងៃទី៦ ខែមិថុនា ដោយសង្កត់ធ្ងន់ពីសារសំខាន់នៃទំនាក់ទំនងរវាងក្រុងកង់បេរ៉ា និងក្រុងហ្សាការតា។ 
 
ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលអូស្រ្តាលី បានបន្តថា ប្រទេសទាំងពីរ មិនត្រឹមតែចងភ្ជាប់គ្នា ដោយកត្តាភូមិសាស្រ្តឡើយ ប៉ុន្តែវាក៏ពាក់ព័ន្ធនឹងជម្រើសផងដែរ ខណៈប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការ និងជាមិត្តយ៉ាងយូរនៅក្នុងប្រវត្តិសាស្រ្ត។ 
 
បន្ថែមពីនេះ លោក អាល់បានីស បានបញ្ជាក់ថា លោកនឹងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ នៅក្នុងអំឡុងខែវិច្ឆិកាខាងមុខ នៅកោះបាលី។ 
 
ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដែលអមដំណើរដោយរដ្ឋមន្រ្តីការបរទេស, រដ្ឋមន្រ្តីពាណិជ្ជកម្ម និងរដ្ឋមន្រ្តីឧស្សាហកម្ម លោក អាល់បានីស បានប្រកាសពង្រឹងភាពជាដៃគូលើហេដ្ឋារចនាសម្ព័ន្ធ និងបម្រែបម្រួលអាកាសធាតុ ក្នុងទំហំទឹកប្រាក់២០០លានដុល្លារជាមួយឥណ្ឌូណេស៊ី។ មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលក្រុងកង់បេរ៉ារូបនេះ បានសន្យាផ្តល់ជំនួយចំនួន៤៧០លានដុល្លារ ក្នុងរយៈពេល ៤ឆ្នាំ ក្រោមកម្មវិធីជំនួយអភិវឌ្ឍបរទេសនៅក្នុងតំបន់ និងទ្វេភាគី (ODA) ក្នុងតំបន់អាស៊ីអាគ្នេយ៍ផង។ 
 
ក្នុងសន្និសីទដដែលនោះ លោក វីដូដូ បានអះអាងថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ បានចូលរួមចំណែកដ៏សំខាន់ សម្រាប់សន្តិភាព និងវិបុលភាពក្នុងតំបន់។ 
 
ប្រធានបទបម្រែបម្រួលអាកាសធាតុ ជារបៀបវារៈសំខាន់មួយក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលអូស្ត្រាលីនៅឥណ្ឌូណេស៊ី។ បញ្ហានេះ​ ក៏ស្ថិតក្នុងគោលនយោបាយរដ្ឋាភិបាលលោក អាល់បានីស ដែរ។ ប្រធានាធិបតីឥណ្ឌូណេស៊ី ក៏បានស្វាគមន៍នាយករដ្ឋមន្រ្តីអូស្រ្តាលី តាមរយៈការជិះកង់ធ្វើពីឬស្សីនៅក្នុងវិមានប្រធានាធិបតី ក្នុងក្រុង Bogor ដែលស្ថិតនៅភាគខាងត្បូងរដ្ឋធានីហ្សាការតាដែរ ដែលនេះសារដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងលើការដោះស្រាយវិបត្តិអាកាសធាតុ៕ 
 

Tag:
 អូស្រ្តាលី
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com