អន្តរជាតិ
លោក Biden ចង់​ស្ដារ​​ទំនាក់​ទំនង​ជាមួយ​តំបន់​អាមេរិក​ឡាទីន​នៅឯ​សន្និសីទ​កំពូល
07, Jun 2022 , 8:29 am        
រូបភាព
ដោយ: VOA
វ៉ាស៊ីនតោន-នៅពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ឆ្នាំ​ទៅ​ថា ខ្លួន​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សន្និសីទ​កំពូល​ទ្វីប​អាមេរិក​នៅ​ឆ្នាំ២០២២នេះ ពួក​មន្ត្រី​បាន​សង្ឃឹម​យ៉ាង​ខ្លាំង​ថា សន្និសីទ​កំពូល​នេះ​នឹង​ជួយ​ជួសជុល​ការខូចខាត​នូវ​ទំនាក់ទំនង​ក្នុង​យុគសម័យ​លោក​ប្រធានាធិបតី Trump និង​បញ្ជាក់​ឡើង​វិញ​អំពី​អាទិភាព​របស់​អាមេរិក​អំពី​ឥទ្ធិពល​ដែល​កំពុង​កើន​ឡើង​របស់​ចិន​នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន។ នេះ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

 
ក៏ប៉ុន្តែ ពាក់ព័ន្ធ​នឹង​ជំនួប​នៅ​ក្នុង​ទីក្រុង Los Angelesនៅ​សប្តាហ៍​ខាង​មុខនេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ប្រឈម​នឹង​ការពុះពារ​ដើម្បី​ធ្វើ​ឱ្យ​សន្និសីទ​កំពូល​នេះ​បាន​សម្រេច​ជោគជ័យ។ ​សន្និសីទ​កំពូល​នេះ​ពោរពេញ​ទៅដោយ​បញ្ហា​នៅ​មុនពេលចាប់ផ្តើម​ទៅ​ទៀត។
 
ការមិន​ចុះ​សម្រុង​គ្នា​ខាង​មនោគម​វិជ្ជា​អំពី​ថាតើ​នរណា​ត្រូវ​អញ្ជើញ​ឱ្យ​ចូលរួម ការមន្ទិល​សង្ស័យ​អំពី​ការតាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដល់​តំបន់​អាមេរិក​ឡាទីន និង​ក្តីរំពឹង​តិចតួច​សម្រាប់​កិច្ចព្រមព្រៀង​ដ៏​សំខាន់​លើ​បញ្ហា​នានា​ដូចជា​ការចំណាកស្រុក​និង​កិច្ចសហប្រតិបត្តិ ការ​សេដ្ឋកិច្ច​បាន​ប៉ះពាល់​ដល់​សន្និសីទ​កំពូល​នេះ​រួច​ទៅ​ហើយ។ នេះ​បើ​តាម​ពួក​មន្ត្រី​និង​ពួក​អ្នក​វិភាគ។
 
អតីត​អនុ​រដ្ឋមន្ត្រី​ការបរទេស​ម៉ិកស៊ិក​លោក Andres Rozentalបាន​និយាយ​ថា៖ «ប្រទេស​ទាំង​អស់​នៅ​ទ្វីប​អាមេរិក​បាន​យល់ច្រឡំ​អំពី​ស្ថានភាព​ដោយ​មិន​បាន​រំពឹង​ទុក​ជាមុន​ថា នឹង​មាន​ការឈ្លោះ​ប្រកែក​គ្នា​អំពី​ថាតើ​នរណា​នឹង​ចូលរួម​សន្និសីទ​កំពូល​នោះ»។ លោក​បាន​ជជែក​ឱ្យ​ហេតុផល​ថា សន្និសីទ​កំពូល​នោះ​អាច​មានហានិភ័យ​ដែល​នឹង​ក្លាយ​ជា«ការគ្មាន​ចំណាប់​អារម្មណ៍»។
 
មន្ត្រី​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បានទទួល​ស្គាល់​ថា ការប្រុងប្រៀប​រៀបចំ​មាន​ភាព​ច្របូកច្របល់​ជាងអ្វីដែល​យើង​បាន​គិតទុក​ជា​មុន»។​
ជំនួប​កំពូល​កម្រិត​ទាប​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន បន្ទាប់មក ពួក​មេដឹកនាំ​បាន​ចាប់ផ្តើម​ទៅដល់។ លោក​ប្រធានាធិបតី Biden គ្រោង​នឹង​អញ្ជើញ​ទៅ​នៅ​ថ្ងៃ​ពុធខាង​មុខនេះ​ដើម្បី​បើក​សន្និសីទ​កំពូល​ជា​ផ្លូវការ​ដែល​សហរដ្ឋ​អាមេរិក​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ទី១​ចាប់តាំង​ពី​សន្និសីទ​កំពូល​នោះ​បាន​សម្ពោធ​កាល​ពី​ឆ្នាំ១៩៩៤មក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com