អន្តរជាតិ
Google ត្រូវសងជំងឺចិត្ត ៥០ម៉ឺនដុល្លារដល់អតីតអ្នកនយោបាយអូស្រ្តាលី ជុំវិញវីដេអូបង្ខូចកេរ្តិ៍ឈ្មោះ
06, Jun 2022 , 6:29 pm        
រូបភាព
លោក John Barilaro អតីតឧបនាយករដ្ឋមន្រ្តីរដ្ឋ New South Wales អូស្រ្តាលី។ រូបភាព៖ AAP
លោក John Barilaro អតីតឧបនាយករដ្ឋមន្រ្តីរដ្ឋ New South Wales អូស្រ្តាលី។ រូបភាព៖ AAP
ដោយ:
តុលាការសហព័ន្ធអូស្រ្តាលី នៅថ្ងៃទី៦ ខែមិថុនា បានសម្រេចឱ្យក្រុមហ៊ុន Google សងជំងឺចិត្ត ក្នុងទំហំទឹកប្រាក់ប្រមាណ ៥០ម៉ឺនដុល្លារ ដល់លោក John Barilaro អតីតឧបនាយករដ្ឋមន្រ្តីរដ្ឋ New South Wales អូស្រ្តាលី បន្ទាប់ពីតុលាការបានរកឃើញថា លោក Barilaro ទទួលរងការវាយប្រហារ និងបំពានតាមប្រព័ន្ធអ៊ីនធឺណិតឥតឈប់ឈរ។

 
តុលាការសហព័ន្ធអូស្រ្តាលី នៅថ្ងៃទី៦ ខែមិថុនា បានប្រកាសឱ្យក្រុមហ៊ុន Alphabet Inc. ដែលជាក្រុមហ៊ុនធំរបស់ Google សងថ្លៃជំងឺចិត្តជាច្រើនម៉ឺនដុល្លារ ទៅអ្នកនយោបាយអូស្រ្តាលី ក្រោមហេតុផលអនុញ្ញាតឱ្យបង្ហោះវីដេអូបែបបំពាន និងរើសអើងជាតិសាសន៍ នៅលើបណ្តាញសង្គម Youtube។ 
 
វីដេអូទាំងពីរនោះ បានបង្ហោះកាលពីឆ្នាំ ២០២០ ដោយអ្នកកំប្លែងជនជាតិអូស្រ្តាលី លោក Jordan Shanks ដែលបានវាយប្រហារ និងបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក John Barilaro អតីតឧបនាយករដ្ឋមន្រ្តីរដ្ឋ New South Wales នៅអូស្រ្តាលី។ លោក Shanks បានចោទលោក Barilaro ថាប្រព្រឹត្តិអំពើពុករលួយ និងប្រើប្រាស់សំឡេងជនជាតិអ៊ីតាលី ដើម្បីលេងសើចលើទ្រព្យសម្បត្តិរបស់លោក Barilaro។ 
 
«ក្រុមហ៊ុន Google បានបរាជ័យក្នុងការប្រកាន់ខ្ជាប់គោលការណ៍របស់ខ្លួនដោយមិនបានធ្វើអ្វីសោះដើម្បីទប់ស្កាត់ការនិយាយបំពាន ការគំរាមតាមប្រព័ន្ធអ៊ីនធឺណិត និងការយាយីរបស់លោក Shank ទៅលើលោក Barilaro»។ នេះបើតាមសេចក្តីសម្រេចរបស់ចៅក្រមអូស្រ្តាលីលោក Steven Rares។ បន្ថែមពីនេះ ក្រុមហ៊ុន Google ត្រូវសងថ្លៃជំងឺចិត្តក្នុងទំហំទឹកប្រាក់សរុបជាង ៥០ ម៉ឺនដុល្លារដល់អ្នកនយោបាយអូស្រ្តាលីរូបនេះថែមទៀត។ 
 
កន្លងមក មេធាវីរបស់ឧបនាយករដ្ឋមន្រ្តីរដ្ឋ New South Wales ក៏បានស្នើឱ្យក្រុមហ៊ុន Google លុបវិដេអូនោះដែរ។ ដោយក្រុមហ៊ុន Google បានបដិសេធមិនលុបចោលវីដេអូទាំងពីរនោះ តុលាការអូស្រ្តាលី បានបញ្ជាក់ថា ក្រុមហ៊ុន Google មានឆន្ទៈចូលរួមជាមួយលោក Shanks ផ្សព្វផ្សាយវីដេអូ ដើម្បីទទួលបានប្រាក់ចំណេញ។ តាមរយៈសាលក្រមរបស់តុលាការ ក្រុមហ៊ុន Google បានប្រានចោលបទចោទបរិហាកេរ្តិ៍ ជាមួយនឹងការអះអាងថា អ្នកប្រើប្រាស់បណ្តាញសង្គម Youtube មានសិទ្ធិបញ្ចេញមតិដោយទៀងត្រង់ ព្រមទាំងគួរតែត្រូវបានការពារក្រោមសិទ្ធិ ក្នុងការរិះគន់អ្នកនយោបាយផង។ 
 
នៅចុងឆ្នាំ២០២១ លោក Barilaro បានផ្សះផ្សា ជាមួយអ្នកកំប្លែងរូបនោះ ដោយមានការកែសម្រួលវីដេអូឡើងវិញ និងទទួលបានថ្លៃជំងឺចិត្តជាង ៧ម៉ឺនដុល្លារ។ ដោយសារតែវីដេអូនោះ វាបានធ្វើឱ្យលោក Barilaro ត្រូវលាលែងពីអាជីពអ្នកនយោបាយ មុនពេលកំណត់៕
 

Tag:
 អូស្រ្តាលី
  Google
© រក្សាសិទ្ធិដោយ thmeythmey.com