អន្តរជាតិ
ចិន ប្រាប់អូស្រ្តាលីឱ្យប្រយ័ត្នសម្ដី ក្រោយចោទយន្តហោះចិនស្ទាក់យន្តហោះស៊ើបការណ៍អូស្រ្តាលី
07, Jun 2022 , 10:06 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian ។ រូបថត Xinhua
អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian ។ រូបថត Xinhua
ដោយ:
ចិន ព្រមានអូស្រ្តាលីឱ្យនិយាយស្តី និងធ្វើសកម្មភាពដោយប្រយ័ត្នប្រយែង បើមិនដូច្នោះទេនឹងប្រឈមផលវិបាកធ្ងន់ធ្ងរ។ ការព្រមានចេញពីមាត់អ្នកនាំពាក្យក្រសួងការបរទេស Zhao Lijian នៅថ្ងៃទី៦ ខែមិថុនា ធ្វើឡើងមួយថ្ងៃក្រោយក្រុងកង់បេរ៉ា បានចោទយន្តហោះចម្បាំងចិនថា ហោះទៅកៀកយន្តហោះស៊ើបការណ៍អូស្ត្រាលីអំឡុងប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង។

 
កាលពីចុងខែឧសភា យន្តហោះចម្បាំងចិន J-16 បានហោះទៅកៀកយន្តហោះឈ្លបយកការណ៍កងទ័ពដែនអាកាសអូស្រ្តាលី P-8 នៅសមុទ្រចិនខាងត្បូង។​ បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិអូស្រ្តាលីនៅថ្ងៃទី៥ ខែមិថុនា យន្តហោះចិន ធ្វើសកម្មភាពយ៉ាងគ្រោះថ្នាក់ដែលបង្កហានិភ័យដល់សុវត្ថិភាពរបស់យោធាអូស្ត្រាលី ដែលកំពុងធ្វើប្រតិបត្តិការឃ្លាំមើលជាប្រចាំនៅក្នុងតំបន់ដោយស្របតាមច្បាប់អន្តរជាតិ សេរីភាពនាវាចរណ៍ និងសេរីភាពហោះហើរ។
 
យ៉ាងណាមិញ ក្រុងប៉េកាំងនៅថ្ងៃទី៦ ខែមិថុនា បានប្រតិកម្មទៅវិញថា ខ្លួននឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយបំពានលើអធិបតេយ្យភាព និងសន្តិសុខរបស់ចិនក្រោមលេសនៃសេរីភាពការធ្វើនាវាចរណ៍នោះទេ។
 
«ជាថ្មីម្តងទៀត ចិនជំរុញឱ្យអូស្រ្តាលីគោរពផលប្រយោជន៍ស្នូល និងសន្តិសុខជាតិរបស់ចិនឱ្យស្មោះអស់ពីចិត្ត ហើយធ្វើសកម្មភាព ​និងនិយាយស្តីឱ្យប្រុងប្រយ័ត្នដើម្បីចៀសវាងពីការគិតខុសណាមួយដែលបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ»។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian ថ្លែងបែបនេះអំឡុងសន្និសីទប្រចាំថ្ងៃ មុននិយាយការពារទៀតថា យោធាចិនតែងតែធ្វើប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ ស្តង់ដារ និងសុវត្ថិភាពស្របតាមច្បាប់អន្តរជាតិ។ 
 
អំឡុងខែឧសភាដដែល នាវាយកការណ៍ចិនបានបើកចូលកៀកមូលដ្ឋានយោធាអូស្រ្តាលីនៅភាគខាងលិចប្រទេសដែលកាលនោះរដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី Peter Dutton ចាត់ទុកថាជាសកម្មភាពដ៏គឃ្លើនមិនធ្លាប់មាន​ ទោះជាមិនបានបំពានច្បាប់ដែនសមុទ្រអន្តរជាតិក៏ដោយ។ បន្ថែមពីនេះ ក្នុងខែកុម្ភៈ ក្រុងកង់បេរ៉ាបានចោទនាវាចម្បាំងចិនពីការធ្វើសកម្មភាពខ្វះការប្រុងប្រយ័ត្ន និងអាចបង្កគ្រោះថ្នាក់ ក្រោយបាញ់កាំរស្មីឡាស៊ែរដាក់យន្តហោះយកការណ៍របស់ខ្លួន។ ប៉ុន្តែក្រុងប៉េកាំងបានច្រានចោល។
 
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងអូស្រ្តាលី និងចិននៅតែល្អក់កករជុំវិញបញ្ហាជាច្រើនរាប់ចាប់ពីជម្លោះពាណិជ្ជកម្ម ការស៊ើបអង្កេតប្រភពដើមនៃជំងឺកូវីដ-១៩ និងការរិះគន់បញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងជាដើម។ លើសពីនេះ ស្របពេលចិនកំពុងស្វះស្វែងរកកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី និងថ្នាក់តំបន់ជាមួយបណ្តាកោះប៉ាស៊ីហ្វិក អូស្រ្តាលី និងសម្ព័ន្ធមិត្តកាន់តែព្រួយបារម្ភមួយកម្រិតទៀត ហើយព្យាយាមទប់ស្កាត់ឥទ្ធិពលរបស់ចិននៅកោះប៉ាស៊ីហ្វិក៕
 

Tag:
 ចិន
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com