អន្តរជាតិ
ប្រមុខការទូតរុស្ស៊ី រិះគន់ប្រទេសអឺរ៉ុបដែលមិនបើកដែនអាកាសសម្រាប់ទស្សនកិច្ចខ្លួនទៅស៊ែប៊ី
07, Jun 2022 , 11:59 am        
រូបភាព
លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី។ រូបភាព៖ Tass
លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី។ រូបភាព៖ Tass
ប្រមុខការទូតរុស្ស៊ី​ នៅថ្ងៃទី៦ ខែមិថុនា បានថ្កោលទោសបណ្តាប្រទេសអឺរ៉ុបមួយចំនួន ដែលបានបដិសេធបើកដែនអាកាសឱ្យលោកធ្វើទស្សនកិច្ចនៅស៊ែប៊ី។ លោក ឡាវរ៉ូវ ក៏ត្រូវលុបចោលទស្សនកិច្ចរបស់ខ្លួន។

 
ប៊ុលហ្ការី, ម៉ាសេដ្វានខាងជើង និងម៉ុងតេណេហ្គ្រោ បានបដិសេធសំណើពីរុស្ស៊ីដើម្បីអនុញ្ញាតឱ្យលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ប្រើប្រាស់ដែនអាកាសប្រទេសទាំងបី ដើម្បីធ្វើទស្សនកិច្ចនៅស៊ែប៊ី។ ដោយមានការបដិសេធបែបនោះ ប្រមុខការទូតរុស្ស៊ី ក៏លុបគម្រោងទស្សនកិច្ចនៅប្រទេស ស្ថិតក្នុងតំបន់អឺរ៉ុបភាគអាគ្នេយ៍មួយនេះ។ 
 
ប្រមុខការទូតរុស្ស៊ី បានរិះគន់ប្រទេសទាំង៣ យ៉ាងខ្លាំង និងចាត់ទុកការជំទាស់នោះ ជាការដកហូតសិទ្ធិរបស់រដ្ឋអធិបតេយ្យ។ 
 
«នេះជាការដកហូតសិទ្ធិរបស់រដ្ឋអធិបតេយ្យ ក្នុងការអនុវត្តគោលនយោបាយការបរទេស»។ លោក ឡាវរ៉ូវ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូ នៅក្រុងមូស្គូ ក្នុងថ្ងៃទី៦ ខែមិថុនា។ ពាក់ព័ន្ធនឹងការបិទផ្លូវអាកាសនេះ មន្រ្តីជាន់ខ្ពស់រុស្ស៊ីរូបនេះ បានយល់ថា វាជារឿងដែលលោកមិននឹកស្មានដល់។ 
 
ស៊ែប៊ី ជាដៃគូដ៏ជិតស្និទ្ធមួយរបស់រុស្ស៊ីក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ទំនាក់ទំនងប្រទេសទាំងពីរនៅតែល្អ បើទោះរុស្ស៊ី បានធ្វើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនក៏ដោយ។ កន្លងមក រដ្ឋាភិបាលក្រុងបែលក្រាដ មិនបានប្រើពាក្យរិះគន់ធ្ងន់ៗ និងដាក់ទណ្ឌកម្មលើរុស្ស៊ីអ្វីឡើយ។ 
 
បើទោះទស្សនកិច្ចទៅស៊ែបត្រូវលុបចោលមែន ប៉ុន្តែលោក ឡាវរ៉ូវ បាននិយាយការពារថា ទំនាក់ទំនងក្រុងមូស្គូ និងក្រុងបែលក្រាដ មិនត្រូវបានបំផ្លាញឡើយ ហើយប្រមុខការទូតរុស្ស៊ីបានអញ្ជើញសមភាគីស៊ែប៊ី លោក Nikola Selakovic ទៅរុស្ស៊ីជំនួសវិញ។
 
ក្នុងថ្ងៃដដែលនោះ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ក្រុងមូស្គូជឿថា ការបិទដែនអាកាសពីសំណាក់ប៊ុលហ្ការី, ម៉ាសេដ្ឋាន និងម៉ុងតេណេហ្គ្រោ នឹងមិនអាចបញ្ឈប់រុស្ស៊ី ពីការទំនាក់ទំនងជាមួយបណ្តាប្រទេសដទៃឡើយ។ 
 
គួររំឭកថា នៅចុងខែកុម្ភៈកន្លងទៅ ប្រមុខការទូតរុស្ស៊ីរូបនេះ ក៏បានសម្រេចលុបចោលទស្សនកិច្ចនៅក្រុងហ្សឺណែវ ដើម្បីចូលរួមក្នុងកិច្ចពិភាក្សារំសាយអាវុធដែរ បន្ទាប់ពីបណ្តាប្រទេសអឺរ៉ុបមួយចំនួន បានបិទដែនអាកាសសម្រាប់យន្តហោះរបស់រុស្ស៊ី។ បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន សហភាពអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀត បានហាមឃាត់ការហោះហើររបស់យន្តហោះរុស្ស៊ី ក្នុងដែនអាកាសរបស់ខ្លួន ដើម្បីដាក់សម្ពាធឱ្យបញ្ឈប់សង្រ្គាម៕ 
 

Tag:
 រុស្ស៊ី
  ស៊ែប
© រក្សាសិទ្ធិដោយ thmeythmey.com