អន្តរជាតិ
កូរ៉េខាងត្បូងនិងអាម៉េរិក សម្ញែងយន្តហោះចម្បាំង២០គ្រឿង ដើម្បីបញ្ចេញសាច់ដុំដាក់កូរ៉េខាងជើង
07, Jun 2022 , 5:29 pm        
រូបភាព
សមយុទ្ធយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង និងអាម៉េរិក នៅថ្ងៃទី៧ ខែមិថុនា។ រូបភាព៖ Yonhap
សមយុទ្ធយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង និងអាម៉េរិក នៅថ្ងៃទី៧ ខែមិថុនា។ រូបភាព៖ Yonhap
កូរ៉េខាងត្បូង និងអាម៉េរិក នៅថ្ងៃទី៧ ខែមិថុនា បានបញ្ចេញយន្តហោះចម្បាំងរួមគ្នាប្រមាណ ២០គ្រឿង ហោះនៅលើសមុទ្រលឿងដើម្បីបង្ហាញសាច់ដុំដាក់កូរ៉េខាងជើង ដែលទើបតែបាញ់មីស៊ីលប៉ាលីស្ទិកចម្ងាយខ្លីចំនួន៨គ្រាប់ទៅក្នុងសមុទ្រខាងកើត។ កូរ៉េខាងត្បូង បានអះអាងថា ការហោះហើររួមគ្នានេះ ធ្វើឡើងក្នុងគោលបំណងត្រៀមខ្លួនឆ្លើយតបនឹងសកម្មភាពបង្ករឿងពីសំណាក់កូរ៉េខាងជើង។


បន្ទាប់ពីបាញ់មីស៊ីលយុទ្ធសាស្រ្ត៨គ្រាប់ ជាការឆ្លើយតបនឹងការបាញ់មីស៊ីលរបស់ក្រុងព្យុងយ៉ាង កូរ៉េខាងត្បូង និងអាម៉េរិក ក៏សម្ញែងអានុភាពផ្លូវការរួមគ្នា​តាមរយៈការរហោះហើរយន្តហោះចម្បាំង២០គ្រឿងពីលើសមុទ្រលឿង។
 
«កូរ៉េខាងត្បូង និងអាម៉េរិក បានបង្ហាញពីសមត្ថភាពដ៏ខ្លាំងដើម្បីវាយប្រហារឱ្យបានរហ័ស និងត្រឹមត្រូវក្នុងហេតុការណ៍កូរ៉េខាងជើងបង្ករឿង ក៏ដូចជាមានបំណងធ្វើរឿងបែបនោះ»។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៧ ខែមិថុនា ដោយបន្ថែមថា យោធាកូរ៉េខាងត្បូង ដោយមានការសម្របសម្រួលពីអាម៉េរិក បានត្រៀមជំហររបស់ខ្លួនរួចជាស្រេច។ 
 
ក្នុងការបង្ហាញកម្លាំងផ្លូវអាកាសនេះ យន្តហោះចូលរួមចំនួន២០គ្រឿង ដោយកូរ៉េខាងត្បូង បានបញ្ជូនយន្តហោះចម្បាំង F-35A, យន្តហោះចម្បាំង F-15K និងយន្តហោះចម្បាំង KF-16 ខណៈអាម៉េរិកមានយន្តហោះចម្បាំង F-16 ចំនួន៤គ្រឿង។ 
 
សមយុទ្ធយន្តហោះចម្បាំងខាងលើ បានប្រព្រឹត្តឡើងអំឡុងដំណើរទស្សនកិច្ចរបស់ អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកស្រី Wendy Sherman នៅក្រុងសេអ៊ូល។ ក្នុងជំនួបជាមួយអនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី Sherman បានព្រមានថា អាម៉េរិកនឹងឆ្លើយតបឱ្យបានខ្លាំងបំផុត ប្រសិនបើកូរ៉េខាងជើង ហ៊ានសាកល្បងនុយក្លេអ៊ែរ។ 
 
វត្តមានរបស់មន្រ្តីជាន់ខ្ពស់អាម៉េរិកនៅក្រុងសេអ៊ូល ធ្វើឡើងស្របពេល មានពាក្យលេចលឺថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង អាចសាកល្បងនុយក្លេអ៊ែរលើកទី៧ ក្រោមដីឆាប់ៗ។
 
 
 
ចំណែកលោក Cho Hyun-dong អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង បានលើកឡើងថា ប្រសិនបើក្រុងព្យុងយ៉ាងហ៊ានសាកល្បងនុយក្លេអ៊ែរ ក្រុងសេអ៊ូលគ្មានជម្រើសផ្សេងឡើយ ក្រៅពីពិចារណាដាក់ទណ្ឌកម្មបន្ថែមដែរ ដោយមានការសម្របសម្រួលជាមួយអាម៉េរិក និងសគមន៍អន្តរជាតិ៕ 
 
មកទល់ពេលនេះ កូរ៉េខាងជើង បានសាកល្បងនុយក្លេអ៊ែរចំនួន៦លើកហើយ ដោយសាកល្បងលើកចុងក្រោយនៅក្នុងឆ្នាំ ២០១៧ មុនពេលចូលតុចរចាជាមួយអាម៉េរិក។ កន្លងមក នុយក្លេអ៊ែរចំនួន ៦លើកនេះ បានសាកល្បងនៅតំបន់ Punggye-ri៕
 

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com