អន្តរជាតិ
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា នឹងបង្កើតកម្លាំងប៉ូលិសផ្ទាល់ខ្លួនដើម្បីប្រឆាំងរបបសឹក
08, Jun 2022 , 8:29 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា (NUG) នៅថ្ងៃទី៧ ខែមិថុនា បានប្រកាសថា ខ្លួននឹងបង្កើតកម្លាំងប៉ូលិសផ្ទាល់ខ្លួន ដើម្បីពង្រឹងការអនុវត្តច្បាប់។ យ៉ាងណាមិញ រដ្ឋាភិបាលប្រឆាំងរបបសឹក មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ ក្នុងការបង្កើតកម្លាំងប៉ូលិសនោះឡើយ។

 
ខណៈដែលមានកម្លាំងយោធាដែលកំពុងធ្វើប្រតិបត្តិការប្រឆាំងរដ្ឋាភិបាលយោធានោះ រដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) ត្រៀមរៀបចំកម្លាំងប៉ូលិសផ្ទាល់ខ្លួន ដើម្បីជំរុញឱ្យមានការអនុវត្តច្បាប់ប្រឆាំងនឹងរបបសឹក។ 
 
ក្នុងសេចក្តីថ្លែងការណ៍មួយចេញថ្ងៃទី៧ ខែមិថុនា រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានអះអាងថា ខ្លួនបានត្រៀមខ្លួនជាស្រេចលើការទទួលខុសត្រូវ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ជាមួយកម្លាំងប៉ូលិសដែលទទួលស្គាល់ដោយប្រជាជន។ 
 
«គោលបំណងនៃការបង្កើតនេះ គឺដើម្បីចាត់វិធានការផ្លូវច្បាប់ប្រឆាំងក្រុមប្រឹក្សាយោធា ចំពោះការប្រព្រឹត្តអំពើបំពានសិទ្ធិមនុស្ស, ឧក្រិដ្ឋកម្មសង្រ្គាម និងសកម្មភាពភេរវកម្មលើប្រជាជន»។ រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា បានសង្កត់ធ្ងន់បែបនេះ។ យ៉ាងណាមិញ រដ្ឋាភិបាលស្រមោលមួយនេះ មិនបានបញ្ជាក់ពីពេលវេលា ដែលកម្លាំងប៉ូលិសរបស់ខ្លួន ត្រូវបង្កើត ត្រូវធ្វើប្រតិបត្តិការ រួមទាំងចំនួននៃកម្លាំងជាក់លាក់ឡើយ។ 
 

កន្លងមក រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានដាក់គណៈកម្មាធិការតំណាងសភា, រដ្ឋាភិបាលស្រមោល និងកម្លាំងការពារប្រជាជន ក្នុងបញ្ជីភេរវករ។ សមាជិករបស់ក្រុមនេះ ភាគច្រើនចេញមកពីសមាជិកសភាជាប់ឆ្នោតក្នុងខែវិច្ឆិកា ឆ្នាំ២០២០, សមាជិកបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) និងក្រុមប្រឆាំងយោធាផ្សេងទៀត។ 
 
នៅក្នុងឆ្នាំ២០២១ កន្លងទៅ ក្រុមប្រឆាំងយោធាមីយ៉ាន់ម៉ាមួយនេះ បានបង្កើតយុទ្ធនាការជាច្រើនដើម្បីស្វែងរកថវិកាចូលមូនិធិរបស់ខ្លួន និងបង្អាក់ការក្ដោបអំណាចរបស់យោធា ក្នុងនោះមានដូចជាការប្រាប់ឱ្យប្រជាជនពហិកាក្នុងការបង់ពន្ធដល់រដ្ឋបាលយោធា និងការលក់ប័ណ្ណបំណុលដែលដាក់លើនិវេសនដ្ឋានរបស់លោកមីន អ៊ុងឡាំង នៅក្បែរបឹងក្នុងក្រុងយ៉ាំងហ្គោនផងដែរ៕ 
 

Tag:
 មីយ៉ាន់ម៉ា
  របបសឹក
© រក្សាសិទ្ធិដោយ thmeythmey.com