អន្តរជាតិ
ប្រេសិតអាម៉េរិក៖ កូរ៉េខាងជើង អាចសាកល្បងនុយក្លេអ៊ែរបានគ្រប់ពេល
08, Jun 2022 , 10:08 am        
រូបភាព
លោក សុង គីម ប្រេសិតពិសេសអាម៉េរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង។ រូបភាព៖ AFP
លោក សុង គីម ប្រេសិតពិសេសអាម៉េរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង។ រូបភាព៖ AFP
ប្រេសិតពិសេសអាម៉េរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង លោក សុង គីម នៅថ្ងៃទី៧ ខែមិថុនា បានអះអាងថា ក្រុងព្យុងយ៉ាងអាចសាកល្បងនុយក្លេអ៊ែរបានគ្រប់ពេល។ បើតាមមន្រ្តីអាម៉េរិករូបនេះ កូរ៉េខាងជើង បានត្រៀមខ្លួនរួចហើយ សម្រាប់ការសាកល្បងនុយក្លេអ៊ែររបស់ខ្លួន។ ទន្ទឹមនេះ លោក គីម បានបន្ថែមថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានឆន្ទៈចូលតុចរចាគ្រប់ពេល ប៉ុន្តែក្រុងព្យុងយ៉ាង ហាក់មិនចាប់អារម្មណ៍លើកិច្ចចរចាឡើយ។


 
 
មួយរយៈចុងក្រោយនេះ អាម៉េរិក និងកូរ៉េខាងត្បូង បានបង្ហាញក្តីបារម្ភថា កូរ៉េខាងជើង អាចសាកល្បងនុយក្លេអ៊ែរជាថ្មីនៅក្រោមដី បន្ទាប់ពីអាក់ខានតាំងពីឆ្នាំ២០១៧ មក មុនពេលចរចារំសាយកម្មវិធីនុយក្លេអ៊ែរជាមួយរដ្ឋបាលរបស់លោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នៅក្នុងឆ្នាំ២០១៨។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រេសិតពិសេសអាម៉េរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក សុង គីម បានព្រមានថា ក្រុងព្យុងយ៉ាង អាចសាកល្បងនុយក្លេអ៊ែរ បានគ្រប់ពេល។
 
«ខ្ញុំមិនមានអ្វីច្រើនទេ។ ពួកគេ (កូរ៉េខាងជើង) ពិតណាស់បានត្រៀមខ្លួនរួចហើយ...តាមការដឹងរបស់ខ្ញុំ ពួកគេអាចធ្វើតេស្តបានគ្រប់ពេល»។ លោក គីម បានប្រាប់ទៅអ្នកសារព័ត៌មានបែបនេះ នៅឥណ្ឌូណេស៊ី ក្នុងថ្ងៃទី៧ ខែមិថុនា ដោយបន្តថា នាពេលថ្មីៗនេះ ក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីលប៉ាលីស្ទិករហូតដល់៨គ្រាប់ក្នុងមួយថ្ងៃ ដែលជាចំនួនដ៏ច្រើនបំផុតក្នុងមួយថ្ងៃ និងមិនធ្លាប់មាន។ 
 
ប្រេសិតពិសេសអាម៉េរិករូបនេះ បានបន្ថែមថា កូរ៉េខាងជើងទំនងជាសាកល្បងមីស៊ីលប៉ាលីស្ទិកបន្តទៀត ខណៈត្រឹមខែមិថុនា ក្នុងឆ្នាំ២០២២ ប៉ុណ្ណោះ ប្រទេសមួយនេះ បានសាកល្បងមីស៊ីលរហូតដល់៣១គ្រាប់។ នៅក្នុងឆ្នាំ២០១៩ ក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលចំនួន ២៥គ្រាប់ ដែលជាចំនួនដ៏ច្រើនបំផុតនាពេលកន្លងមក។ 
 
ជុំវិញទណ្ឌកម្មបន្ថែម លោក គីម ដែលជាអគ្គរដ្ឋទូតប្រចាំនៅឥណ្ឌូណេស៊ីផងនោះ មិនបានបញ្ជាក់ពីចំណាត់ការជាក់លាក់ដែលអាម៉េរិក និងសម្ព័ន្ធមិត្តអាចដាក់លើកូរ៉េខាងជើងឡើយ ប៉ុន្តែមន្រ្តីរូបនេះ បានបង្ហាញក្តីសង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាចនឹងឆ្លើយតប។ លោក គីម បានទទូចឱ្យចិន និងរុស្ស៊ី ដែលបានប្រើសិទ្ធិវេតូលើសេចក្តីព្រាងទណ្ឌកម្មកន្លងមក ជួយបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើងរំសាយកម្មវិធីនុយក្លេអ៊ែរផងដែរ។ 
 
បន្ថែមពីនេះ មន្រ្តីទូតអាម៉េរិក បានលើកឡើងពីកិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរ ដែលបានជាប់គាំងតាំងពីឆ្នាំ ២០១៩ មក។ បើតាមលោកគីម រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មានឆន្ទៈក្នុងការចូលតុចរចា ប៉ុន្តែក្រុងព្យុងយ៉ាង ហាក់មិនចាប់អារម្មណ៍ពីបញ្ហានេះឡើយ។ 
 
សូមបញ្ជាក់ថា កូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់លោក យូន សុកយ៉ល បានបង្ហាញជំហរយ៉ាងម៉ត់ចត់ចំពោះកូរ៉េខាងជើង។ បន្ទាប់ពីក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីលចំនួន ៨គ្រាប់ ក្រុងសេអ៊ូល និងសម្ព័ន្ធមិត្ត បានបាញ់មីស៊ីលយុទ្ធសាស្រ្តចំនួន ៨គ្រាប់ និងសម្ញែងយន្តហោះចម្បាំងចំនួន ២០គ្រឿង ដើម្បីបង្ហាញសាច់ដុំដាក់វិញ៕ 
 

Tag:
 អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com