អន្តរជាតិ
រដ្ឋមន្រ្តីហិរញ្ញវត្ថុវៀតណាម៖ រដ្ឋាភិបាលក្រុងហាណូយ ពិចារណាកាត់បន្ថយពន្ធប្រេងឥន្ធនៈ
08, Jun 2022 , 9:29 pm        
រូបភាព
រូបភាព៖ VnExpress
រូបភាព៖ VnExpress
រដ្ឋាភិបាលក្រុងហាណូយ កំពុងពិចារណាកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ ដើម្បីជួយកាត់បន្ថយតម្លៃប្រេង ដែលហក់ឡើងយ៉ាងខ្លាំង និងការពារតម្លៃទំនិញនៅក្នុងទីផ្សារ។ រដ្ឋមន្រ្តីហិរញ្ញវត្ថុវៀតណាម លោក Ho Duc Phoc បានបញ្ជាក់បែបនេះ នៅថ្ងៃទី៨ ខែមិថុនា។

 
តម្លៃប្រេងឥន្ធនៈនៅវៀតណាម បានកើនឡើង២៧,២៦ភាគរយ បើគិតចាប់ពីដើមឆ្នាំ២០២២។ តាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម តម្លៃប្រេងឥន្ធនៈប្រភេទធម្មតាមានតម្លៃ១,៣០ដុល្លារក្នុងមួយលីត្រ ខណៈប្រេងឥន្ធនៈប្រភេទ ស៊ុបពែរមានតម្លៃ១,៣៦ដុល្លារ ក្នុងមួយលីត្រ ដោយគិតចាប់ពីថ្ងៃទី១ ខែមិថុនា។ 
 
ដោយតម្លៃហក់ឡើងបែបនេះ រដ្ឋាភិបាលវៀតណាម ពិចារណាកាត់ពន្ធលើប្រេងឥន្ធនៈ ដើម្បីជួយបន្ថយការចំណាយរបស់ប្រជាជន និងតម្លៃទំនិញ ក៏ដូចជាថ្លៃដឹកជញ្ជូននៅក្នុងទីផ្សារ។ ពន្ធលើប្រេងឥន្ធនៈរបស់វៀតណាម មានទំហំ៣០ភាគរយនៃតម្លៃប្រេងលក់រាយនៅក្នុងទីផ្សារ ដោយគិតលើពន្ធនាំចូល,​ ពន្ធនៃការប្រើប្រាស់ពិសេស និងពន្ធលើការការពារបរិស្ថាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។ 
 
«ការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ នឹងជួយបន្ថយតម្លៃទំនិញ និងកាត់បន្ថយការចំណាយលើថ្លៃផលិតសម្រាប់ធុរកិច្ចរួមទាំងធ្វើឱ្យមានកំណើនសេដ្ឋកិច្ច»។ លោក Ho Duc Phoc រដ្ឋមន្រ្តីហិរញ្ញវត្ថុវៀតណាម បានសង្កត់ធ្ងន់បែបនេះក្នុងកិច្ចប្រជុំសភានៅថ្ងៃទី៨ ខែមិថុនា។ យ៉ាងណាមិញ មន្រ្តីជាន់ខ្ពស់វៀតណាមរូបនេះ មិនបានបញ្ជាក់ពីទំហំពន្ធ និងប្រភេទពន្ធដែលត្រូវកាត់ឡើយ។ 
 
គម្រោងកាត់បន្ថយពន្ធលើប្រេងឥន្ធនៈនេះ ធ្វើឡើងស្របពេលវៀតណាមរងសម្ពាធនៃអតិផរណានៅក្នុងប្រទេស ដោយសារតែកើនឡើងនៃតម្លៃប្រេងនាំចូល សម្ភារ ជី និងឧបករណ៍ផ្សេងទៀត។ ប៉ុន្តែបញ្ហានេះ ត្រូវបានរដ្ឋមន្រ្តីហិរញ្ញវត្ថុវៀតណាម និយាយការពារថា អតិផរណានៅវៀតណាម ស្ថិតក្នុងកម្រិតគ្រប់គ្រងបានដោយមានទំហំ២,២៥ភាគរយ។ វៀតណាម បានកំណត់អតិផរណាឱ្យនៅក្រោម៤ភាគរយក្នុងឆ្នាំ២០២២។ 
 
បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ច្រវាក់ផលិតកម្មអាហារក្នុងស្រុក បានជួយកាត់បន្ថយការកើនឡើងអតិផរណា។ វៀតណាម ជាប្រទេសមួយនៃចេញអង្ករធំជាងគេបំផុតនៅក្នុងពិភពលោក បន្ទាប់ពីឥណ្ឌា និងថៃ។ 
 
ពន្ធ ជាពិសេសពន្ធលើប្រេងឥន្ធនៈ ជាចំណូលដ៏សំខាន់សម្រាប់ថវិកាជាតិ។ បានន័យថា ការកាត់បន្ថយពន្ធលើប្រេង ក៏នាំឱ្យចំណូលជាតិធ្លាក់ចុះដែរ។ ប៉ុន្តែដោយសារតម្លៃប្រេងខ្ពស់ វាអាចធ្វើឱ្យថ្លៃទំនិញ និងការដឹកជញ្ជូនកើនឡើង។ 
 
ទាក់ទិននឹងបញ្ហានេះ សមាជិកសភាវៀតណាម លោក Tran Hoang Ngan បានយល់ថា វាជារឿងដែលអាចទទួលយកបានប្រសិនបើចំណូលជាតិត្រូវធ្លាក់ចុះក្នុងគោលបំណងគាំទ្រអាជីវកម្ម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជួយកាត់បន្ថយការចំណាយរបស់ប្រជាជន។ មិនតែប៉ុណ្ណោះ វាក៏អាចកាត់បន្ថយអតិផរណាបានផងដែរ៕
 

Tag:
 វៀតណាម
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com