ជាតិ
សង្គមជាតិ
ភរិយាលួចបើកយកប្រាក់ខែរបស់មន្រ្តីម្នាក់ដែលស្លាប់ ធ្វើឲ្យស្វាមីជាអនុប្រធានពន្ធនាគារ រងទណ្ឌកម្មផ្នែកវិន័យ
09, Jun 2022 , 12:59 pm        
រូបភាព
មន្រ្តីពន្ធនាគារខេត្តកំពង់ស្ពឺ និងប៉ូលិសខេត្តកំពង់ស្ពឺ ប្រជុំរួមគ្នា កាលពីឆ្នាំ២០២០។ រូបពីទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានពន្ធនាគារ
មន្រ្តីពន្ធនាគារខេត្តកំពង់ស្ពឺ និងប៉ូលិសខេត្តកំពង់ស្ពឺ ប្រជុំរួមគ្នា កាលពីឆ្នាំ២០២០។ រូបពីទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានពន្ធនាគារ
ដោយ៖ ទេពញាណ 
 
មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគារ យល់ថា ភរិយារបស់អនុប្រធានពន្ធនាគារនោះ គួររងវិធានការច្បាប់ បើអំពើរបស់ភរិយានោះ ស្ថិតក្នុងករណីលួចលុយរដ្ឋ។



ដោយសារទង្វើរបស់ភរិយា ដែលបើកយកប្រាក់ខែរបស់មន្រ្តីពន្ធនាគារខេត្តកំពង់ស្ពឺម្នាក់ ដែលស្លាប់ទៅហើយ បូករួមទាំងខ្លួនឯងបានដឹងដែរ តែធ្វើពើជាមិនដឹង លោក សិដ្ឋ តារា ជាស្វាមី ដែលមានតំណែងជាអនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ បានប្រឈមមុខជាមួយថ្នាក់លើ និងទីបំផុត ឈានដល់ការទទួលទណ្ឌកម្មផ្នែកវិន័យ ពីសំណាក់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ការដាក់ទណ្ឌកម្មផ្នែកវិន័យលើលោក សិដ្ឋ តារា ធ្វើឡើងតាមរយៈប្រកាស ដែលចេញតាំងពីខែឧសភា ឆ្នាំ២០២១ តែទើបត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម និងតាមបណ្តាញសារព័ត៌មាន នៅដើមខែមិថុនា ឆ្នាំ២០២២នេះ។ 
 
ប្រកាសរបស់សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ បានសម្រេចដូច្នេះថា៖ «អនុវត្តទណ្ឌកម្មខាងវិន័យ ចំពោះលោកវរអគ្គានុរក្សថ្នាក់លេខ១ សិដ្ឋ តារា បច្ចុប្បន្នជាអនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ឲ្យទទួលទណ្ឌកម្មវិន័យ តាមរូបភាពអប់រំ ព្រមាន ស្តីបន្ទោស»។ សម្តេច ចេញប្រកាសដាក់ទណ្ឌកម្មលើលោក សិដ្ឋ តារា ដោយយោងតាមលិខិតស្នើសុំ របស់លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលជាអង្គភាពមួយ ស្ថិតក្រោមឱវាទរបស់ក្រសួងមហាផ្ទៃ។

រឿងរ៉ាវរបស់លោក សិដ្ឋ តារា និងភរិយា បានកើតឡើងតាំងពីអំឡុងឆ្នាំ២០២១មក ហើយលោក ឆែម សាវុធ បានសរសេរលិខិតរាយការណ៍ជូនសម្តេច ស ខេង ក្នុងអំឡុងឆ្នាំ២០២១នោះឯង។ លោក ជម្រាបដំណើរដើមទងដល់សម្តេចថា មន្រ្តីពន្ធនាគារខេត្តកំពង់ស្ពឺម្នាក់ ឈ្មោះ សុទ្ធ ភឿន ដែលមុនទទួលមរណភាព បានលក់ប្រាក់បៀវត្សរបស់ខ្លួន ទៅឲ្យភរិយារបស់លោក សិដ្ឋ តារា ហើយភរិយារបស់លោក សិដ្ឋ តារា បានទទួលកាតវីង ពីលោក សុទ្ធ ភឿន សម្រាប់បើកប្រាក់បៀវត្សរបស់ លោក សុទ្ធ ភឿន ជាប្រចាំខែ។ 
 
តាមធម្មតា នៅពេលមន្រ្តីណាម្នាក់ បាត់បង់ជីវិត ប្រាក់បៀវត្សរបស់មន្រ្តីនោះ ត្រូវបង្កក ដោយមិនអាចបើកបានទៀតឡើយ។ ចំពោះករណីមន្រ្តីពន្ធនាគារខេត្តកំពង់ស្ពឺឈ្មោះ សុទ្ធ ភឿន, លោក ឆែម សាវុធ ផ្តល់ព័ត៌មានដល់សម្តេច ស ខេង ថា ពេលលោក សុទ្ធ ភឿន ទទួលមរណភាព លោក សិដ្ឋ តារា ដែលពេលនោះ ជាមន្រ្តីជំនាញ ពុំបានរៀបចំឯកសារ ដើម្បីស្នើសុំឲ្យបង្កកប្រាក់បៀវត្សរបស់លោក សុទ្ធ ភឿន ឡើយ។ តែផ្ទុយទៅវិញ ប្រាក់បៀវត្សរបស់លោក សុទ្ធ ភឿន ត្រូវបានបន្តបើកជាប្រចាំខែដោយភរិយារបស់លោក សិដ្ឋ តារា។ 
 
ក្នុងឆ្នាំ២០២១ ជាអំឡុងពេលដែលភរិយាខ្លួន ប្រព្រឹត្តអំពើនេះ លោក សិដ្ឋ តារា មិនទាន់ឡើងជាអនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺនោះទេ ដោយលោក នៅធ្វើជាមន្រ្តីជំនាញ ក្នុងឋានៈជាប្រធានការិយាល័យរដ្ឋបាលសរុប នៃពន្ធនាគារខេត្តកំពង់ស្ពឺ។  
 
លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ថា តាមលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ពេលមន្រ្តីណាម្នាក់ ទទួលមរណភាព រដ្ឋ នឹងបើកកញ្ចប់ថវិកាជូនដល់ក្រុមគ្រួសារតែម្តងប៉ុណ្ណោះ ដែលហៅថា កញ្ចប់ថវិកាសម្រាប់មរណភាព ហើយចំពោះប្រាក់បៀវត្សរបស់មន្រ្តីដែលទទួលមរណភាពនោះ មិនអាចបន្តបើកបានទៀតឡើយ។ 

ភរិយារបស់លោក សិដ្ឋ តារា «ទិញ» ប្រាក់បៀវត្សរបស់មន្រ្តីឈ្មោះ សុទ្ធ ភឿន ក្នុងតម្លៃប៉ុន្មាន មន្រ្តីឈ្មោះ សុទ្ធ ភឿន នោះ មានតំណែងអ្វីក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ និងទទួលមរណភាពដោយសារជំងឺអ្វី អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ មិនអាចបញ្ជាក់បានឡើយ ដោយលោក លើកហេតុផលថា លោក ពុំបានចាំ ព្រោះសំណុំរឿងនេះ មានរយៈពេលយូរមកហើយ ដូច្នេះ លុះត្រាតែលោក ទៅពិនិត្យមើលសំណុំរឿងឡើងវិញសិន ទើបអាចផ្តល់ព័ត៌មាននេះបាន។

តាមរយៈលិខិត ដែលដាក់ជូនសម្តេច ស ខេង លោក ឆែម សាវុធ លើកឡើងថា លោក សិដ្ឋ តារា បានដឹងពីទង្វើរបស់ភរិយាខ្លួនដែរ តែលោក ធ្វើមិនដឹងមិនឮ។ អគ្គនាយកពន្ធនាគារ បានស្នើដល់សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ ដូច្នេះថា៖«ដើម្បីចៀសវាងគំរូមិនល្អដល់មន្រ្តីដទៃទៀត ក្នុងការដឹកនាំគ្រប់គ្រង និងដោយអនុលោមតាមក្រមសីលធម៌ និងវិន័យមន្រ្តីអនុរក្ស [...] អគ្គនាយកដ្ឋានពន្ធនាគារ គោរពស្នើសុំគោលការណ៍អនុវត្តទណ្ឌកម្មខាងវិន័យ ចំពោះលោក សិដ្ឋ តារា តាមរូបភាពអប់រំ ព្រមាន ស្តីបន្ទោស»។ 
 
ក្រោយភរិយារបស់ខ្លួន ប្រព្រឹត្តអំពើនេះ លោក សិដ្ឋ តារា ក៏ត្រូវបានលោក ឆែម សាវុធ ធ្វើលិខិតទៅណែនាំដែរ។ លោក ឆែម សាវុធ ដាក់លិខិតណែនាំទៅលោក សិដ្ឋ តារា មុនលោក ដាក់លិខិតជូនទៅសម្តេចរដ្ឋមន្រ្តីមហាផ្ទៃ។ ក្នុងលិខិតដែលផ្ញើជូនលោក សិដ្ឋ តារា លោក ឆែម សាវុធ សរសេរថា ការណ៍ដែលលោក សិដ្ឋ តារា បានដឹងពីអំពើខុសឆ្គងរបស់ភរិយា តែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ក៏ធ្វើជាមិនដឹងបែបនេះ គឺខុសទៅនឹងក្រមសីលធម៌ និងវិន័យរបស់មន្រ្តីពន្ធនាគារ។
 
លោកអគ្គនាយកពន្ធនាគារ បានបង្គាប់លោក សិដ្ឋ តារា ឲ្យបង្វែរប្រាក់បៀវត្សរបស់សពមន្រ្តីឈ្មោះ សុទ្ធ ភឿន ដែលភរិយារបស់លោក សិដ្ឋ តារា បានបើកជាប្រចាំខែនោះ សងទៅរដ្ឋវិញ នៅត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ជាកំហិត។ គេមិនទាន់ដឹងថា លោក សិដ្ឋ តារា និងភរិយា បានប្រគល់ប្រាក់បៀវត្សទាំងនោះ ជូនទៅរដ្ឋវិញ តាមកាលកំណត់របស់លោក ឆែម សាវុធ ឬក៏នៅនោះទេ។

ទាំងក្នុងលិខិតណែនាំ ដែលផ្ញើឲ្យលោក សិដ្ឋ តារា ទាំងក្នុងលិខិត ដែលដាក់ជូនសម្តេច ស ខេង លោក ឆែម សាវុធ ពុំបានរំលេចពីភរិយារបស់លោក សិដ្ឋ តារា ដែលត្រូវមានទោសអ្វី ឬក៏មិនមានទោសនោះទេ។ លោក នុត សវនា ក៏មិនហ៊ានអារកាត់ដែរថា ភរិយារបស់លោក សិដ្ឋ តារា គួរមានទោស ឬមិនគួរមានទោស តែលោក នៅតែបញ្ចេញយោបល់ខ្លី ចំពោះទង្វើដែលប្រព្រឹត្តដោយភរិយារបស់លោក សិដ្ឋ តារា។ 
 
អគ្គនាយករងពន្ធនាគាររូបនេះ មានយោបល់ដូច្នេះថា៖«ខ្ញុំ អត់ច្បាស់ថា គាត់លួចលុយរដ្ឋទេ។ មែនទែនទៅ ខាងជំនាញ គួរចាត់វិធានការតាមច្បាប់ទៅ។ អាហ្នឹង វាស្មើនឹងករណីលួចលុយរដ្ឋហើយ បើពិតមែន។ អាហ្នឹងគ្រាន់តែជាយោបល់ខ្ញុំទេ អត់មានថា ខាងយើង ធ្វើអីទេ»។
 
លោកអគ្គនាយករង ថ្លែងថា ចំពោះលោក សិដ្ឋ តារា មិនមានទោសព្រហ្មទណ្ឌឡើយ ដោយលោក មានទោសផ្នែករដ្ឋបាល ដែលទោសផ្នែករដ្ឋបាលនេះ ធ្វើឲ្យលោក ត្រូវទទួលទណ្ឌកម្មផ្នែកវិន័យ៕
 

Tag:
 ពន្ធនាគារ
  លួចបើកប្រាក់របស់មន្រ្តីដែលស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com