ដោយ ៖ ធន់ សេងហុង
លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាម៉េរិក ប្រកាសបន្តលើកលែងពន្ធក្នុងការនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬបន្ទះសូឡា(Solar) ពីកម្ពុជា ក្នុងរយៈពេល២ឆ្នាំទៀត។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) ដោយបញ្ជាក់ថា ក្រៅពីកម្ពុជា ប្រទេសថៃ ម៉ាឡេស៊ី និងវៀតណាម ក៏ទទួលបានអនុគ្រោះពន្ធនេះ ផងដែរ។
ដើម្បីជំរុញការផលិត និង ប្រើប្រាស់ថាមពលស្អាត(Clean Energy)នៅក្នុងប្រទេស លោក ចូ បៃឌិន (Joe Biden)សម្រេចបន្តលើកលែងពន្ធនាំចូលបន្ទះសូឡាពីកម្ពុជា វៀតណាម ថៃ និងម៉ាឡេស៊ី នារយៈពេល២ឆ្នាំទៀត។ លោក ចូ បៃឌិន បានថ្លែងបែបនេះ កាលពីថ្ងៃទី៦មិថុនា ឆ្នាំ២០២២។ ការសម្រេចលើកលែងពន្ធនេះ គឺធ្វើឡើងស្របដែលក្រសួងពាណិជ្ជកម្មអាម៉េរិក កំពុងស៊ើបអង្កេតយ៉ាងស៊ីជម្រៅទៅលើក្រុមហ៊ុនចំនួន៨ ដែលផលិតបន្ទះសូឡានៅប្រទេសទាំង៤នេះ ដើម្បីគេចវេសពីការបង់ពន្ធ។
លោក ចូ បៃឌិន បានបញ្ជាក់ថា គោលដៅនៃការបន្តលើកលែងពន្ធនាំចូលគ្រឿងបន្លាស់សម្រាប់ផលិតផ្ទាំងសូឡានេះ គឺដើម្បីសម្រួលបណ្តោះអាសន្ននូវការដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យ ដោយធានាថាអាម៉េរិកនឹងមានការផ្គត់ផ្គង់ថាមពលព្រះអាទិត្យគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការផលិតអគ្គិសនីរបស់ខ្លួន ខណៈការផលិតក្នុងស្រុកអាចបង្កើនប្រតិបត្តិការ។ លោកសង្កត់ធ្ងន់ថា៖ «បច្ចេកវិទ្យាថាមពលស្អា តគឺជាផ្នែកមួយដ៏សំខាន់ដូចនឹងឃ្លាំងអាវុធផងដែរ ដែលអាម៉េរិកត្រូវតែប្រើប្រាស់ ដើម្បីកាត់បន្ថយថ្លៃដើមថាមពលសម្រាប់គ្រួសារ, កាត់បន្ថយហានិភ័យចំពោះបណ្តាញអគ្គិសនីរបស់ខ្លួន និងដោះស្រាយបន្ទាន់ វិបត្តិនៃការប្រែប្រួលអាកាសធាតុ »។
ជុំវិញនៃការបន្តលើកលែងពន្ធនេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខា និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់សារព័ត៌មានថ្មីៗ នាថ្ងៃទី៨មិថុនា ថា បច្ចុប្បន្ន ការនាំចេញផលិតផលបន្ទះសូឡារបស់កម្ពុជាទៅទីផ្សារអាម៉េរិក គឺបង់ពន្ធ ដែលគិតតាមគោលការណ៍MFN (The Most-Favoured-Nations)។ MFN គឺសំដៅលើប្រទេសដែលគួរទទួលបានការអនុគ្រោះពន្ធបំផុត។ MFN ជាប្រភេទនៃប្រព័ន្ធអនុគ្រោះពន្ធមួយដល់ប្រទេសដែលគេមើលឃើញថាគួរតែទទួលបានការអនុគ្រោះពន្ធបំផុត។ ប្រទេសទាំងនោះ គឺជាប្រទេសក្រីក្រ សេដ្ឋកិច្ចមិនមានសក្កានុពលខ្លាំងក្លា និងមានការរីកចម្រើន តិចតួច។
លោក ប៉ែន សុវិជាតិ បាននិយាយដូច្នេះ៖ «នៅក្នុងតារាងពន្ធ MFN របស់អាម៉េរិក ការនាំចូលបន្ទះសូឡាពីកម្ពុជា និងប្រទេស៣ [វៀតណាម ថៃ និងម៉ាឡេស៊ី]ទៀត គឺសូន្យ។ ការលើកឡើងបែបនេះ ដោយសារតែអាម៉េរិកមានបំណងដាក់ពន្ធ ក្រោយពីមានការស៊ើបអង្កេតរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិកក្រុមហ៊ុននាំចូលទាំងនោះមានការតវ៉ា និងនាំចូលនៅបរិមាណតិចជាងមុន» ។
បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ កម្ពុជាជាប្រទេសដែលផលិតតិចតួចនូវបន្ទះសូឡា ដោយភាគច្រើន កម្ពុជាទិញទំនិញពាក់កណ្តាលសម្រេច ដើម្បីមកដំឡើងជាផលិតសម្រេចដើម្បីនាំចេញ ។
បើយោងតាមរបាយករណ៍របស់ក្រុមហ៊ុន Rystad Energy បានបង្ហាញថា កាលឆ្នាំ២០២១ អាម៉េរិក នាំចូលបន្ទះសូឡា ពីកម្ពុជា វៀតណាម ថៃ និងម៉ាឡេស៊ី ក្នុងអត្រា៨៥ភាគរយនៃការនាំចូលសមត្ថភាពថាមពលពន្លឺព្រះអាទិត្យសរុប។ ដោយឡែក ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២២ អាម៉េរិក នាំចូលបន្ទះសូឡាពីប្រទេសទាំង៤នេះ រហូតដល់ ៩៩ភាគរយ។
បច្ចុប្បន្ន អាម៉េរិកកំពុងបង្កើនសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យនៅក្នុងស្រុក ឱ្យបានបីដងនៃថាមពលពន្លឺព្រះអាទិត្យ ពី៧៥០០MW (មេកាវ៉ាត់) ឱ្យដល់ចំនួន២២៥០០MW (មេកាវ៉ាត់)នៅត្រឹមឆ្នាំ២០២៤។ ចំនួននេះ គ្រប់គ្រាន់ក្នុងការផ្តល់លទ្ធភាពឱ្យពលរដ្ឋរស់នៅជាង ៣,៣លានខ្នងផ្ទះ អាចប្តូរទៅប្រើថាមពលពន្លឺព្រះអាទិត្យស្អាតជារៀងរាល់ឆ្នាំបាន៕