កីឡាជាតិ
លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌានៅកម្ពុជា ទូរស័ព្ទសុំទោស លោក សៅ សុខា និងសុំជួបប៉ាវអាហារជម្រើសជាតិកម្ពុជា
09, Jun 2022 , 6:04 pm        
រូបភាព
លោក សៅ សុខា​  ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
លោក សៅ សុខា​ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោកស្រី Devyani Khobragade បានទូរស័ព្ទមកសុំទោស លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយគ្រោងនឹងប៉ាវអាហារ ដល់ជម្រើសជាតិកម្ពុជា ក្រោយចប់ការប្រកួត AFC Asian Cup 2023 Qualifiers នៅទីក្រុង Kolkata ។



លោក សៅ សុខា ក៏ដូចជាអ្នកគាំទ្រកម្ពុជា បានប្រតិកម្មយ៉ាងធ្ងន់ៗទៅកាន់ភាគីឥណ្ឌា ក្រោយពីម្ចាស់ផ្ទះពូល D នៃការប្រកួត AFC Asian Cup 2023 Qualifiers មិនមានការយកចិត្តទុកដាក់លើជម្រើសជាតិកម្ពុជា ដូចជាមិនមានទង់ជាតិកម្ពុជា ភ្លេងជាតិ នៅក្នុងការប្រកួត និងរបបអាហាមិនគ្រប់គ្រាន់។

«ខ្ញុំ បានព្រមាន ដោយត្រៀមយន្ដហោះ យកជម្រើសជាតិកម្ពុជា ត្រឡប់មកវិញ ព្រោះម្ចាស់ផ្ទះ មិនបានយកចិត្តទុក្ខដាក់រៀបចំ មិនត្រូវតាមស្ដង់ដារ និងមានការលម្អៀង ចំពោះកម្ពុជា។ ខ្ញុំបានទុកពេលឲ្យគេ៣ម៉ោងសម្រាប់ឆ្លើយតប។ ខ្ញុំ ត្រៀមជើងហោះហើរ៣កន្លែង ដើម្បីទៅយកជម្រើសជាតិកម្ពុជា ត្រឡប់មកវិញប្រសិន ជាមិនមានការដោះស្រាយ ដល់កម្ពុជា»។ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជារូបនេះ បានប្រាប់បែបនេះ មកកាន់សារព័ត៌មានថ្មីៗ។

ដើម្បីជ្រាបច្បាប់សូមអញ្ជើញលោក-អ្នកស្តាប់ប្រសាសន៍របស់លោក សៅ សុខា ដែលផ្តល់បទសម្ភាសឱ្យ លោក គឹម មករា អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗខាងក្រោមដូចតទៅ៖ 



សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា បានចេញលិខិតសុំទោសជាផ្លូវការដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាភ្លាមៗ ក្រោយពីទទួលបានប្រតិកម្មពីភាគីកម្ពុជា។ ម្យ៉ាងវិញទៀត ទូតឥណ្ឌាប្រចាំនៅកម្ពុជា បានទាក់ទងទៅ លោក សៅ សុខា ដើម្បីសុំទោសផងដែរ។

«ហើយមុននេះលោកជំទាវទូតឥណ្ឌា ក៏បានទូរសព្ទមកខ្ញុំ លោកស្រីក៏បាននិយាយទាក់ទងសុំការអធ្យាស្រ័យសុំទោស និងបានផ្ដល់ដំណឹងទៅកាន់អាជ្ញាធរជាន់ខ្ពស់របស់ឥណ្ឌាហើយ។ ហើយគាត់ក៏បានមានប្រសាសន៍ថា នៅពេលដែលកីឡាករកម្ពុជាបញ្ចប់ការប្រកួតមកស្រុកខ្មែរវិញ គាត់សុំអនុញ្ញាតសុំអញ្ជើញកីឡាករជួបផ្ទាល់ »។ នេះបើតាមលោក សៅ សុខា។

លោក សៅ សុខា បានបន្ថែមថា៖ «យើង តែងគោរពបទបញ្ជាក់ផ្សេងៗទាក់ទងទៅនិងការប្រកួត នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះម្ដងៗ។ ខ្ញុំ មិនដែលរើសអើងភ្ញៀវ មកប្រកួតនៅកម្ពុជាទេ ទោះប្រទេសមាន ឬក្រ ពណ៌សម្បុរណា ឬសាសនាណាទេ។ ខ្ញុំតែងទទួលគេស្មើរៗគ្នា។ គេខ្វះអី គេសុំខ្ញុំ ខ្ញុំឲ្យគេ រហូតមានដល់ប្រទេសខ្លះ ដល់សហព័ន្ធខ្លះ ខ្ចីលុយមកប្រកួតក៏មានដែរ។ តើហេតុអ្វីបានជាឥណ្ឌា មកធ្វើបែបនេះ? » លោកប្រធានរូបនេះ បន្ថែមថា រឿងនេះ មិនអាចបន្ទោសឥណ្ឌាតែមួយទេ គឺត្រូវបន្ទោសសហព័ន្ធបាល់ទាត់អាស៊ី ដែលរៀបចំកម្មវិធី ដែលព្រងើយកន្ដើយមិនយកចិត្តទុកដាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com