អន្តរជាតិ
ស៊ុយអែត នឹងព្យាយាមចរចាជាមួយតួកគីជុំវិញការចូលជាសមាជិកណាតូ
11, Jun 2022 , 10:04 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសស៊ុយអែត Ann Linde ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសស៊ុយអែត Ann Linde ។ រូបថត AFP
ដោយ:
ស៊ុយអែតនឹងស្វែងរកកិច្ចចរចាបន្តប្រកបដោយស្ថាបនាជាមួយតួកគីជុំវិញការចូលជាសមាជិកសម្ព័ន្ធយោធាណាតូ។ រដ្ឋមន្រ្តីការបរទេសស៊ុយអែត អាន លីនដេ បញ្ជាក់បែបនេះនៅថ្ងៃទី១០ ខែមិថុនា។តួកគី បានចេញមុខប្រឆាំងនឹងបេក្ខភាពរបស់ក្រុងស្តុកខុលក្នុងការក្លាយជាសមាជិកសម្ព័ន្ធយោធាណាតូដោយអះអាងថា បានគាំទ្រក្រុមបក្សពលករឃើដដែលក្រុងអង់ការ៉ាចាត់ទុកជាភេរករ។

 
ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យចូលជាសមាជិកណាតូជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា។ ប៉ុន្តែ បេក្ខភាពរបស់ប្រទេសអឺរ៉ុបខាងជើងទាំងពីរ ពិសេសស៊ុយអែតត្រូវបានតួកគីជំទាស់។ បើទោះជា ប្រទេសទាំងបីបានចរចាហើយខ្លះក៏ដោយ នៅដើមខែមិថុនា ក្រុងអង់ការ៉ាអះអាងថា ខ្លួនមិនទាន់ទទួលបានសេចក្តីស្នើណាមួយតាមការទាមទាររបស់ខ្លួនឡើយដែលមានដូចជា ឈប់គាំទ្របក្សពលករឃើដ និងក្រុមផ្សេងទៀតដែលតួកគីចាត់ទុកថាជាភេរវករ និងដកបម្រាមលក់អាវុធជាដើម។ 
 
ស្របពេលតួកគីនៅតែរក្សាជំហរប្រឆាំង បញ្ហានេះទំនងជាបន្លារាំងស្ទះដល់ដំណើរការក្លាយជាសមាជិកណាតូឆាប់រហ័សរបស់បេក្ខភាពស៊ុយអែត និងហ្វាំងឡង់។ ជុំវិញរឿងនេះ រដ្ឋមន្រ្តីការបរទេសស៊ុយអែតលោកស្រី អាន លីនដេ នៅថ្ងៃទី១០ ខែមិថុនា ប្រកាសស្វែងរកកិច្ចចរចាបន្ថែមដើម្បីទទួលបានការយល់ព្រមពីតួកគី មុនកិច្ចប្រជុំកំពូលសម្ព័ន្ធយោធាណាតូនៅទីក្រុងម៉ាឌ្រីដនាថ្ងៃទី ២៩-៣០ មិថុនា។ ដើម្បីក្លាយជាសមាជិកណាតូ ប្រទេសបេក្ខភាពត្រូវតែទទួលបានការយល់ព្រមពីសមាជិកណាតូទាំង៣០។​
 
«ពាក្យស្នើសុំរបស់យើងទទួលបានការគាំទ្រយ៉ាងច្រើនក្នុងចំណោមសមាជិកណាតូ»។ រដ្ឋមន្រ្តីការបរទេសស៊ុយអែតលោកស្រី អាន លីនដេ បញ្ជាក់បែបនេះក្នុងសេចក្តីប្រកាសពីគោលនយោបាយការបរទេសនៅសភាស៊ុយអែត។ 
 
បើតាមប្រមុខការទូតស៊ុយអែតរូបនេះ មហិច្ឆតារបស់ស៊ុយអែតទៅលើបញ្ហាចោទដែលតួកគីព្រួយបារម្ភ ត្រូវតែវិវឌ្ឍទៅមុខប្រកបដោយស្មារតីស្ថាបនា ហើយស៊ុយអែតឈរជាមួយសម្ព័ន្ធមិត្តដើម្បីប្រឆាំងនឹងភេរវកម្ម។ ដោយមិនសំដៅទៅលើការទាមទារតួកគី លោកស្រី លីនដេ ក៏បង្ហើបដែរថា សមាជិកភាពស៊ុយអែតនៅណាតូអាចផ្លាស់ប្តូរលក្ខខណ្ឌនៃបទប្បញ្ញត្តិស៊ុយអែតក្នុងការនាំចេញអាវុធ៕

Tag:
 ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com