អន្តរជាតិ
សភាអឺរ៉ុប អនុម័ត​​លើការហាមរថយន្តប្រើសាំងនិងម៉ាស៊ូតចាប់ពីឆ្នាំ២០៣៥
13, Jun 2022 , 8:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
សមាជិកសភាអឺរ៉ុប នៅថ្ងៃទី ៨ ខែមិថុនា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការហាមប្រាមលក់រថយន្តដែលប្រើប្រេងឥន្ធនៈផូស៊ីលនៅសហភាពអឺរ៉ុប (EU) ចាប់ពីឆ្នាំ ២០៣៥ តទៅ។ សំណើច្បាប់ដែលត្រូវបានអនុម័តនេះ ជាការបោះជំហានដ៏សំខាន់មួយសម្រាប់ EU ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ជាមួយការជំរុញឱ្យមានការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីកាន់តែលឿន។

 
ក្រោយចរចាអស់រយៈពេលមួយឆ្នាំ សមាជិកសភាអឺរ៉ុប (EU) នៅថ្ងៃទី៨ ខែមិថុនា បានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់ស្តីពីការការពារអាកាសធាតុចំនួន៨។ សេចក្តីព្រាងច្បាប់មួយក្នុងចំណោមនោះគឺតម្រូវឱ្យក្រុមហ៊ុនផលិតរថយន្តនៅ EU​ កាត់បន្ថយការផលិតរថយន្តដែលបំភាយឧស្ម័នកាបូនឱ្យបាន១០០ភាគរយត្រឹមឆ្នាំ ២០៣៥។ មានន័យថា ការលក់រថយន្តដែលប្រើសាំង និងម៉ាស៊ូត នឹងត្រូវបានហាមឃាត់ទាំងស្រុងនៅប្លុកអឺរ៉ុបចាប់ពីពាក់កណ្តាលទសវត្សរ៍ក្រោយ។ 
 
សំណើច្បាប់នេះត្រូវបានអនុម័តអំឡុងកិច្ចប្រជុំនៅទីក្រុង Strasbourg ទឹកដីបារាំង ដោយទទួលបានសំឡេងគាំទ្រពីសមាជិកសភាអឺរ៉ុបចំនួន៣៣៩ ទល់នឹងសំឡេងប្រឆាំង២៤៩ ខណៈ ២៥សំឡេងទៀតបោះឆ្នោតអនុបវាទ។ 
 
« ១៥ភាគរយនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សរុបរបស់ EU មានប្រភពមកពីការដឹកជញ្ជូន ឬការធ្វើដំណើរតាមផ្លូវ។ ការកាត់បន្ថយការបំភាយឧស្ម័នទាំងនេះរួមចំណែកសំខាន់ណាស់ដើម្បីសម្រេចគោលដៅអាកាសធាតុរបស់យើង»។ សមាជិកសភាអឺរ៉ុបមកពីក្រុមបក្សបៃតងសរសេរបែបនេះនៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី៨ ខែមិថុនា ក្រោយការបោះឆ្នោត។
 
ក្នុងសេចក្ដីស្នើច្បាប់មួយនេះដែរ សមាជិកសភាអឺរ៉ុបក៏គាំទ្រចំពោះការកាត់បន្ថយឧស្ម័នកាបូនដែលបំភាយពីរថយន្តឱ្យបាន៥៥ភាគរយត្រឹមឆ្នាំ ២០៣០ ធៀបនឹងកម្រិតឆ្នាំ ២០២១ ផងដែរ។ 
 
នៅប្លុកអឺរ៉ុបនាពេលបច្ចុប្បន្ន រថយន្តរួមចំណែកដល់ការបញ្ចេញឧស្ម័នកាបូនប្រមាណ១២ភាគរយ ខណៈ ការដឹកជញ្ជូន ឬការធ្វើដំណើរតាមរយៈមធ្យោបាយផ្សេងទៀតបំភាយឧស្ម័នកាបូនសរុបប្រហែល ២៥ភាគរយ។ 
 
 
ពាក់ព័ន្ធនឹងរឿងនេះ រដ្ឋាភិបាលនៃរដ្ឋ EU ទាំង ២៧ នឹងត្រូវផ្តល់ការសម្រេចចិត្ត ឬមតិរបស់ពួកគេទៅលើច្បាប់នេះក្នុងប៉ុន្មានខែមុខ មុនពេល EU អាចធ្វើការលើសេចក្តីសម្រេចចុងក្រោយ ហើយដាក់ច្បាប់ខាងលើឱ្យចូលជាធរមានតែម្តង៕

Tag:
 បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com