សុខភាព
អន្តរជាតិ
ការសិក្សា៖ ការទទួលទានកាហ្វេ ជាប្រចាំអាចជួយឱ្យអ្នកមានអាយុវែង
12, Jun 2022 , 8:59 am        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
ការសិក្សាថ្មីមួយ បានបង្ហាញថា ការទទួលទានកាហ្វេជាប្រចាំអាចជួយឱ្យអ្នកមានអាយុវែងជាងអ្នកមិនទទួលកាហ្វេ ពោលគឺមិនថាអ្នកដាក់ស្ករ ឬអត់នោះទេ។ អ្នកទទួលទានកាហ្វេផ្អែមទទួលបានអត្ថប្រយោជន៍ច្រើនជាងអ្នកទទួលទានកាហ្វេមិនផ្អែមទៅទៀត។ ទោះជាយ៉ាងនេះក្ដី ការទទួលទានកាហ្វេប្រចាំថ្ងៃ គួរស្ថិតក្នុងកម្រិតសមរម្យ និងដាក់ស្ករក្នុងបរិមាណសមល្មម។

 
កាហ្វេមានប្រជាប្រិយភាពយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ហើយថែមទាំងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ ថ្មីៗនេះការសិក្សាមួយ បានបង្ហាញថា ការទទួលទានកាហ្វេជាប្រចាំអាចជួយឱ្យអ្នកមានអាយុវែងជាងអ្នកដែលមិនទទួលទានកាហ្វេ។ កាហ្វេដាក់ស្ករ ឬមិនដាក់ស្ករសុទ្ធតែមានផលល្អចំពោះសុខភាព។ ការសិក្សាបានធ្វើឡើងលើអ្នកចូលរួមជាង ១៧ម៉ឺននាក់ ដែលជាជនជាតិអង់គ្លេស ក្នុងរយៈពេល ៧ឆ្នាំ និងបានចេញផ្សាយលើទិនានុប្បវតិ្ត Annals of Internal Medicine។ 
 
ការស្រាវជ្រាវដែលចេញនៅថ្ងៃទី៣១ ខែឧសភានេះ បានប្រៀបធៀបអ្នកទទួលទានកាហ្វេដាក់ស្ករ និងមិនដាក់ស្ករជាមួយអ្នកមិនទទួលទានកាហ្វេសោះ។ ចំពោះអ្នកទទួលទានកាហ្វេមិនដាក់ស្ករ ការសិក្សាបានបង្ហាញថា ពួកគេកាត់បន្ថយហានិភ័យនៃការស្លាប់បានប្រមាណ ១៦ទៅ២១ភាគរយធៀប នឹងអ្នកមិនទទួលទានកាហ្វេសោះ។ ចំណែកអ្នកដែលទទួលទានកាហ្វេដាក់ស្ករជាប្រចាំ ពួកគេបានកាត់បន្ថយហានិភ័យនៃការស្លាប់ ២៩ទៅ៣១ភាគរយឯណោះ បើធៀបនឹងអ្នកមិនទទួលទានកាហ្វេសោះ។ នេះអាចបញ្ជាក់ថា អ្នកទទួលទានកាហ្វេផ្អែមអាចកាត់បន្ថយហានិភ័យនៃការស្លាប់បានច្រើនជាងអ្នកដែលទទួលទានកាហ្វេមិនផ្អែមទៅទៀត។ 
 
ក្រុមអ្នកស្រាវជ្រាវនៃការសិក្សា បានអះអាងថា ការទទួលទានកាហ្វេគួរតែស្ថិតក្នុងកម្រិតសមល្មម។ មូលហេតុនាំឱ្យមានការអះអាងថា កាហ្វេអាចជួយឱ្យមានអាយុវែង ព្រោះវាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺជាច្រើនដូចជា ជំងឺបេះដូង ជំងឺថ្លើម ជំងឺមហារីកសរីរាង្គមួយចំនួន ជំងឺក្រលៀន ជំងឺទឹកនោមផ្អែម និងជំងឺប្រព័ន្ធប្រសាទផ្សេងៗ។ 
 
ទន្ទឹមនឹងអត្ថប្រយោជន៍ច្រើន ការស្រាវជ្រាវផ្សេងទៀត បានរកឃើញថា ការទទួលទានកាហ្វេច្រើនខ្លាំងពេកលើសពី ៤ពែងក្នុងមួយថ្ងៃ ឬលើសពី ៤០០មីលីក្រាម អាចបង្កើនហានិភ័យសុខភាពផងដែរ។ ការទទួលទានកាហ្វេ លើសកម្រិតនឹងធ្វើឱ្យចង្វាក់បេះដូងលោកញាប់ ឈឺក្បាល ញ័រខ្លួន ដេកមិនលក់ជាដើម។ 
 
គួរបញ្ជាក់ថា ការទទួលទានកាហ្វេដាក់ស្ករក្នុងបរិមាណសមរម្យមិនបង្កឱ្យមានជំងឺទឹកនោមផ្អែមឡើយ។ អ្នកជំនាញបានណែនាំថា អ្នកអាចបន្ថែមស្ករពី ១ទៅ២កូនស្លាបព្រាកាហ្វេ ក្នុងកាហ្វេមួយពែងដោយមិនបាច់បារម្ភពីបញ្ហាឡើងជាតិស្ករក្នុងឈាមទេ ព្រោះកាហ្វេមានសមត្ថភាពជួយកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមផងដែរ៕
 

Tag:
 សុខភាព
  កាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com