ជាតិ
ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងសហគមន៍វាលកន្សែងខេត្តក្រចេះ ថតបានសត្វខ្ទីងចំនួន៥ក្បាល
12, Jun 2022 , 1:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន៣គ្រឿងដាក់បង្កប់នៅក្នុងដីសហគមន៍វាលកន្សែងនៅក្នុងខេត្តក្រចេះ អាចថតជាប់សត្វខ្ទីងចំនួន៥ក្បាល។ ម៉ាស៊ីនថតនេះ ត្រូវបានដាក់ត្រង់ចំណុច អូរតាភីន អូរតាឯក និងផ្លូវខ្មោចគក់ ក្នុងព្រៃសហគមន៍វាលកន្សែង។


 
សត្វខ្ទីងចំនួន៥ក្បាលបានបង្ហាញខ្លួននៅក្នុងសហគមន៍វាលកន្សែងខេត្តក្រចេះនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ បើតាមលោក ស៊ុំ សារាយ ប្រធានសហគមន៍វាលកន្សែង នៅក្នុងព្រៃសហគមន៍នេះ មានសត្វព្រៃច្រើនប្រភេទ មិនត្រឹមតែសត្វខ្ទីងនោះទេ ជារួមមានសត្វទន្សោង ខ្ទីង ជ្រូកព្រៃ ឈ្លូស ក្ងោក កេងកងតូច-ល-។
 
«សត្វនៅទីនេះមានច្រើន បើតាមយើងដឹង។ ទន្សោងខ្ញុំឃើញផ្ទាល់ភ្នែកជាហ្វូងចន្លោះពី១០ទៅ១៥ក្បាល។ ចំណែកឯ ខ្ទីងយើងធ្លាប់ឃើញតាមម៉ាស៊ីនថតស្វ័យប្រវត្តិថតបាន ចាប់ពីឆ្នាំ២០២១មក។ សត្វខ្លះពេលថ្ងៃវាមិនចេញឱ្យយើងឃើញទេ ដូច្នេះទាល់តែម៉ាស៊ីនថតទើបចាប់បាន»។ នេះជាការលើកឡើងរបស់ លោក សារាយ ដោយបានបន្ថែមថា ទីតាំងដែលដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន៣ទីតាំងនោះ គ្របដណ្ដប់ត្រឹមផ្ទៃដីជិត៤០០ហិកតាប៉ុណ្ណោះ ក្រៅពីនេះមិនទាន់មានម៉ាស៊ីនសម្រាប់ថតសត្វនៅឡើយទេ។

រូបភាព Guar Veal Kanseng 2
 
ប្រធានសហគមន៍ខាងលើ បញ្ជាក់ថា​ សមាជិកក្នុងសហគមន៍កំពុងពិភាក្សា ដើម្បីទិញម៉ាស៊ីនថតស្វ័យប្រវត្តិបន្ថែម​ សម្រាប់ដាក់ក្នុងព្រៃ ដើម្បីតាមដាននិងអង្កេតរបាយសត្វដែលរស់នៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន។  លោក សារាយ លើកឡើងដូច្នេះ៖ «សត្វយើងដឹងថាមាន ប៉ុន្ដែបើឱ្យកំណត់ថា​មានប្រភេទអ្វីខ្លះ មិនទាន់អាចកំណត់បាន ដោយសារសហគមន៍ទើបនឹងបង្កប់ម៉ាស៊ីនថតស្វ័យប្រវត្តិនៅខែមេសា រហូតដល់ខែ មិថុនាប៉ុណ្ណេះ។ ក្នុងព្រៃសហគមន៍នេះ នៅអំឡុងឆ្នាំ២០២១ រដ្ឋបាលព្រៃឈើធ្លាប់ដាក់បង្កប់ម៉ាស៊ីនថតដែរ ប៉ុន្ដែមិនទាន់អាចបញ្ជាក់ថា មានប្រភេទសត្វអ្វីខ្លះនៅឡើយ»។
 
បច្ចុប្បន្នសហគមន៍នេះ មានការគាំទ្រ និងទទួលការឧបត្ថម្ភថវិកាពី WWF-Belgium និងគម្រោងLeading the Change ដើម្បីគ្រប់គ្រងដីព្រៃសរុបចំនួន ១,៦២៤ហិកតា ដែលមានទីតាំងនៅតំបន់ព្រៃលិចទឹក មេគង្គកម្ពុជា។ ទន្ទឹមនេះ សហគមន៍នៅតែត្រូវការការចូលរួមសហគមន៍បន្ថែម ដើម្បីអាចការពារ និងថែរក្សាប្រភេទសត្វកម្រ ពីមជ្ឈដ្ឋានជុំវិញ  ដើម្បីធ្វើយ៉ាងណាឱ្យការអភិរក្សមាននិរន្តភាព។

រូបភាព ដោយ លោក ស៊ុ សារាយ ប្រធានសហគមន៍វាលកន្សែង ( រូបភាពថតបាននៅឆ្នាំ២០២១
 
បើតាមលោក ស៊ុំ សារាយ អ្វីដែលជាការបារម្ភសម្រាប់សហគមន៍ គឺអន្ទាក់នៅតែមានក្នុងដីសហគមន៍ ទោះមិនច្រើនដូចមុនក្តី ប៉ុន្ដែវានៅជាបញ្ហាដែលត្រូវ សម្រាប់កិច្ចការពារសត្វព្រៃនៅក្នុងសហគមន៍។
 
«បច្ចុប្បន្នក្នុងមួយខែ អាចដកអន្ទាក់បានចន្លោះពី៥០ទៅ៦០។ ចំនួននេះថយចុះប្រមាណ៣០ភាគរយ បើធៀបនឹងឆ្នាំមុន។ ប៉ុន្ដែអន្ទាក់នៅតែជាបញ្ហាសម្រាប់សត្វព្រៃ ទោះបីជាមានត្រឹមអន្ទាក់មួយ ឬពីរនៅក្នុងព្រៃក៏ដោយ»។ នេះជាការបញ្ជាក់របស់លោកសារាយ ដោយលោកបានបន្ថែមថា នៅក្នុងអំឡុងឆ្នាំ២០២០ មានសត្វខ្ទីងចំនួនពីបានងាប់។
សហគមន៍វាលកន្សែង មានទំហំព្រៃដី១៦២៤ហិកតា ស្ថិតក្នុងភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ៕
 

Tag:
 សត្វខ្ទីង
  សហគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com