អន្តរជាតិ
ការបំពុលបរិស្ថានជាបញ្ហាដ៏ធំ ដែលសម្លាប់​មនុស្សប្រមាណ ៩លាន​នាក់រៀងរាល់ឆ្នាំ
12, Jun 2022 , 7:59 pm        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
ការបំពុលបរិស្ថាន ជាបញ្ហាដ៏ធំមួយដែលពិភពលោកកំពុងព្រួយបារម្ភយ៉ាងខ្លាំង។ របាយ​ការណ៍មួយ បានបង្ហាញថា ការបំពុល​បរិស្ថាន បានធ្វើឱ្យមានអ្នកស្លាប់ប្រមាណ ៩លាននាក់​ជារៀងរាល់ឆ្នាំ ដោយភាគច្រើនបណ្ដាល​មកពីបញ្ហាបំពុលខ្យល់។ អត្រាអ្នកស្លាប់ដោយសារការ​បំពុលបរិស្ថាន ភាគច្រើនកើតមាន​នៅក្នុងបណ្ដាប្រទេសក្រីក្រ និងប្រទេសមានចំណូល​មធ្យម។

 
ការបំពុលបរិស្ថាន ត្រូវបានរាប់បញ្ចូលទាំងការបំពុលដី បំពុលទឹក និងបំពុលខ្យល់។ វាជាបញ្ហា​គំរាមកំហែងជីវិតមនុស្សដ៏ធំមួយនាពេលបច្ចុប្បន្ន ដោយបានសម្លាប់មនុស្សប្រមាណ ៩លាន​នាក់ជារៀងរាល់ឆ្នាំ ក្នុងពិភពលោក។ ក្នុងនោះ ការបំពុលខ្យល់ ជាបញ្ហាប្រឈមខ្លាំងជាងគេ​ដែលបង្កឱ្យមានការស្លាប់ ៦,៥លាននាក់ក្នុងមួយឆ្នាំៗ។ នេះបើតាមរបាយការណ៍ចុះផ្សាយលើ​ទិនានុប្បវត្តិ Lancet Planetary Health។
 
យ៉ាងណាមិញ បញ្ហាកខ្វក់ខ្យល់ បានបង្កផលប៉ះពាល់ដល់សុខភាពមនុស្សទាំងអស់ ក្នុងពិភព​លោក តែក្នុងកម្រិតខុសគ្នា។ អត្រាអ្នកស្លាប់ ដោយការបំពុលបរិស្ថានប្រមាណ ៩២ភាគរយ​ឯណោះកើតឡើងចំពោះប្រទេសក្រីក្រ និងប្រទេសមានចំណូលមធ្យម។ ជាការពិត ប្រទេស​ចំណូលខ្ពស់​ក៏រងការ​ប៉ះពាល់ដោយសារការបំពុលបរិស្ថានដែរ ​ពិសេសការបំពុលខ្យល់។ តាមការ​ប៉ាន់ស្មាន​របស់អង្គការ​សុខភាពពិភពលោក ប្រជាជនពិភពលោក ៩៩ភាគរយទៅហើយដែល​ស្រូបយក​ខ្យល់មិន​​បរិសុទ្ធ តាមដំណកដង្ហើម។ 
 
កត្តាបង្កការបំពុលបរិស្ថានធំជាង​គេ គឺការបំពុលដោយសារធាតុគីមីដែលបានសម្លាប់មនុស្សជិត ២លាននាក់ជារៀងរាល់ឆ្នាំ។ សារធាតុគីមី ត្រូវបានរកឃើញទាំងនៅក្នុងដី ក្នុងទឹក និងខ្យល់។ សារធាតុគីមីក្នុងដី និងទឹកភាគច្រើន បង្កពីការប្រើជីគីមី ក្នុងវិស័យកសិកម្ម និងសំណល់ប្លាស្ទិក​ជាដើម។ ចំណែក ការបំពុលខ្យល់បណ្ដាលមកពីការបំភាយចេញពីយានយន្ត រោងចក្រ និង​ចេញពីធម្មជាតិដោយភ្លើងឆេះព្រៃ ឬបន្ទុះភ្នំភ្លើងជាដើម។ 
 
សហអ្នកនិពន្ធរបាយការណ៍ លោកស្រី Rachael Kupka បានកត់សម្គាល់អំពីផលិតផលមានសារធាតុ​គីមីជាច្រើនក្នុងទីផ្សារបច្ចុប្បន្នដែលកំពុងធ្វើពាណិជ្ជកម្ម ដោយមិនបានឆ្លងកាត់ការធ្វើតេស្ត​សុវត្ថិភាពត្រឹមត្រូវ។ អ្នកជំនាញបានប៉ាន់ប្រមាណថា មានសារធាតុគីមីសិប្បនិម្មិតប្រហែល ៣៥ម៉ឺនប្រភេទផ្សេងគ្នា កំពុងចរាចរក្នុងទីផ្សារពិភពលោក ហើយផលិតផលផ្ទុកសារធាតុគីមី​ទាំងនេះ​ នឹងកើនឡើងបន្ថែម​ក្នុងទសវត្សរ៍ខាងមុខដោយសារតម្រូវការមនុស្ស។ 
 
គួររំលឹកថា ការបំពុលបរិស្ថានមួយផ្នែកធំ ត្រូវបានបង្កឡើងដោយសកម្មភាពមនុស្ស ហើយការ​បំពុលទាំង​អស់នេះមានទំនាក់ទំនងបន្តជាមួយការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានផល​ប៉ះពាល់ដល់សុខភាពមនុស្ស។ ហេតុនេះមនុស្សចាំបាច់បញ្ឈប់ ឬកាត់បន្ថយសកម្មភាពបង្កឱ្យ​មាន​ការបំពុលផ្សេងៗ ដើម្បីជាប្រយោជន៍សម្រាប់សុខភាពមនុស្សត្រឡប់មកវិញ។ មនុស្សគួរ​តែយកចិត្តទុកដាក់ខ្លាំងទៅលើការការពារបរិស្ថាន ខណៈវាកំពុងបង្កផលប៉ះពាល់មកលើ​មនុស្សវិញម្តង​បន្តិចៗហើយ៕ 
 

Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com