ជាតិ
ពលរដ្ឋនៅភ្នំគូលែន ចូលព្រៃជ្រៅដើម្បីរក «ស្លឹកតោតម៉ា» ខណៈមិនសូវសម្បូរដូចមុន
12, Jun 2022 , 8:39 pm        
រូបភាព
ដោយ:
សៀមរាប៖ តោតម៉ា ជាប្រភេទស្លឹកមានទ្រនុងវែង ស្រដៀងនឹងស្លឹកស្វាយ។ ស្លឹកនេះមានដុះនៅលើភ្នំគូលែន នាខេត្តសៀមរាប។ ប្រជាជនភាគច្រើននៅទីនោះ យកស្លឹកតោតម៉ា មកដោតខ្ទាស់ៗ ភ្ជាប់គ្នាជាកណ្ដបសម្រាប់ប្រក់ផ្ទះ។ លើសពីនេះស្លឹកតោតម៉ាក៏ ជាប្រភពចំណូលដ៏សំខាន់សម្រាប់ពួកគេ។ បច្ចុប្បន្នស្លឹកតោតម៉ា លក់បានថ្លៃជាងមុន។ ប៉ុន្តែ​អនុផលព្រៃឈើប្រភេទនេះ មិនសម្បូរដូចមុនឡើយ ដូច្នេះប្រជាជនត្រូវចំណាយពេលយូរ ចូលព្រៃជ្រៅ។


 
ផ្ទះស្លឹក សង់ខ្ពស់ពីដីប្រមាណ ១ម៉ែត្រ ជាច្រើនខ្នងនៅលើភ្នំគូលែន​។ ប្រជាជនភាគច្រើននៅភូមិថ្មី​ ស្រុកស្វាយលើ រស់នៅពឹងផ្អែកលើអនុផលព្រៃឈើដែលមានលើភ្នំគូលែន។ អនុផលទាំងនោះមានដូចជា ប្រទាលថ្លើមឆ្កែ ផ្លែឈើព្រៃ វល្លិ៍ និងស្លឹកឈើផងដែរ។​ ក្នុងនោះស្លឹកតោតម៉ា ដែលប្រជាជនទីនោះតែងនិយមហៅថាស្លឹកឃុនមារ បានដើរតួយ៉ាងសំខាន់សម្រាប់ជីវភាពរស់នៅរបស់ពួកគេតកូន តចៅមកហើយ។ 

អ្នកស្រី ចែម​ ហឿន ប្រជាជននៅភូមិថ្មី ឃុំខ្នងភ្នំ។
 
ប្រជាជននៅ ឃុំខ្នងភ្នំ បានចូលព្រៃបេះស្លឹកតោតម៉ា សម្រាប់យកមកដេរដើម្បីប្រកផ្ទះ និងធ្វើជញ្ជាំងផ្ទះ។ អ្នកខ្លះចំណាយពេល ១ថ្ងៃ ឬ២ថ្ងៃ ចូលព្រៃជ្រៅ ដើម្បីបេះស្លឹកទាំងនោះមកដេរជាភ្ជាប់នឹងផ្ដៅ។ អ្នកស្រី ចែម​ ហឿន អង្គុយមុខផ្ទះដែលប្រក់ស្លឹកតោតម៉ា កំពុងបិតផ្ដៅយកមកដេរស្លឹកតោតម៉ា ដើម្បីលក់ឱ្យភ្ញៀវដែលបានកក់ទុក លើកឡើងថាការដេរស្លឹកតោតម៉ា​មិនពិបាកទេ តែការបេះស្លឹកទៅវិញទេដែលពិបាក។


 
បើតាមស្ត្រីរូបនេះ បច្ចុ​ប្បន្នស្លឹកតោតម៉ា មិនសម្បូរដូចមុនឡើយ ដូច្នេះពេលមានភ្ញៀវបញ្ជាទិញ ប្រជាជនទីនោះត្រូវចូលព្រៃជ្រៅដើម្បីបេះស្លឹកនេះ។ អ្នកស្រី ចែម ហឿន រៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះ៖ « ដេរស្លឹកឃុនមារ(តោតម៉ា) អត់ពិបាកទេ ពិបាកតែបេះ។ យើងទៅព្រៃធំ ពេលបេះបានយើងច្រកការុង ហើយនាំគ្នាដើររុករកទៀត។ បើថាគេកម្មង់ច្រើន ដូចត្រូវការ៥ដុំអី បេះ៤-៥ថ្ងៃបានបាន។ ដាក់បាយ ដាក់អីទៅហូបក្នុងព្រៃ។ ទៅបេះម្ដងៗប្រមូលគ្នា ២-៣នាក់ទៅ​»។
 
ស្រ្តីវ័យ៦៤ឆ្នាំរូបនេះបន្តថា មូលហេតុដែលស្លឹកតោតម៉ាមិនសម្បូរដូចមុន ព្រោះនៅលើភ្នំគូលែនបច្ចុប្បន្នមានចម្ការស្វាយចន្ទីច្រើន ដែលធ្វើឱ្យស្លឹកតោតម៉ាមិនអាចដុះច្រើនបាន។ ប្រជាជននៅភូមិថ្មីនេះមិនបានយកស្លឹកតោតម៉ានេះមកដាំបន្តនៅក្នុងភូមិឡើយ ដូច្នេះពួកគេត្រូវតែចូលព្រៃដើម្បីប្រមូលផល។ នាដូវវស្សាស្លឹកនេះចាប់ផ្ដើមលាស់ឡើងវិញ ដូច្នេះអ្នកភូមិត្រូវរង់ចាំដល់រដូវប្រាំង ទើបអាចប្រមូលផល។ 
 
អ្នកស្រី ចែម ហឿន​ រកចំណូលពីរបរដេរស្លឹកតោតម៉ា​ តាំងពីឆ្នាំ១៩៩៥មក។ របរនេះបានចិញ្ចឹមគ្រួសារអ្នកស្រី ក្រៅតែពីរបរជាកម្មករក្នុងចម្ការស្វាយចន្ទី។ ពីមុន អ្នកស្រីអាចលក់កណ្ដបស្លឹកតោតម៉ា ១ម៉ែត្រ ៣ពាន់ ទៅ៥ពាន់រៀល។ មកទល់ពេលនេះកណ្ដបស្លឹកតោតម៉ា ១ម៉ែត្រមានតម្លៃរហូតដល់ ១ម៉ឺន៥ពាន់រៀល៕














 
 

Tag:
 សម្ភាស
  វីដេអូ
  សៀមរាប
  ស្លឹកតោតម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com