អន្តរជាតិ
ស្ត្រីអាម៉េរិកម្នាក់បង្កើតកូនភ្លោះដែលមានគម្លាតខុសពេលគ្នាដល់ទៅ៣ថ្ងៃ
12, Jun 2022 , 9:59 pm        
រូបភាព
ដោយ: ធីតា
អ្នកស្រី Carmen Martinez នៅក្រុង Winters រដ្ឋតិចសាស់ សហរដ្ឋអាម៉េរិក បានបង្កើតកូនស្រីភ្លោះ Gabby និង Bella ដែលមានគម្លាតរយៈពេលខុសគ្នាដល់ទៅ៣ថ្ងៃ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Fox News Digital។

 
អ្នកស្រី Martinez បានបង្កើតកូនស្រីឈ្មោះ Gabriella (Gabby) Grace Hernandez កាលពីថ្ងៃទី៧ ខែមីនា ហើយនៅថ្ងៃទី១០ ខែមីនា បានបង្កើតកូនស្រីឈ្មោះ Isabella (Bella) Rose Hernandez ម្នាក់ទៀត នៅមន្ទីរពេទ្យ Hendrick Health ក្រុង Abilene រដ្ឋតិចសាស់ ដដែល។ 
 
«Gabby កើតក្រោយពរពោះបាន២៤សប្តាហ៍ និង៥ថ្ងៃ រីឯ Bella កើតក្រោយពរពោះបាន២៥សប្តាហ៍ត្រឹម»។ ស្រ្តីដែលបច្ចុប្បន្ន មានកូន៣នាក់ បានអះអាងយ៉ាងដូច្នេះ។ ជាធម្មតា ស្ត្រីពរពោះរយៈពេល៤០សប្តាហ៍ ប៉ុន្តែ Martinez បង្ហាញពីសញ្ញាដែលត្រូវសម្រាលកូនមុនកំណត់។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានពន្យាការកើតបន្ថែម ដើម្បីទារកក្នុងផ្ទៃអភិវឌ្ឍប្រសើរ។ 


 
«គ្រូពេទ្យរបស់ខ្ញុំ បានពិនិត្យសព្វបែបយ៉ាង ហើយឃើញថា កូនៗមានស្ថានភាពប្រក្រតី»។ អ្នកស្រី Martinzer បានរៀបរាប់ ដោយពន្យល់ថា កូនទាំងពីរមានសុក និងថង់ដាច់ដោយឡែកពីគ្នា ខណៈ Gabby មានទម្ងន់តិចជាង២ផោន ដែលត្រូវស្ថិតក្រោមការថែទាំជាពិសេស។
 
ក្រោយបង្កើតបាន Gabby ដោយធម្មជាតិ អ្នកស្រី Martinez ទទួលបានការណែនាំឲ្យពន្យាបង្កើតកូនទីពីរ ជាមួយនឹងក្តីរំពឹងរស់ច្រើន។ គាត់បានអះអាងថា ការរង់ចាំគម្លាតកើត ក៏មិនមានការឈឺចាប់អ្វីនោះដែរ ហើយ៣ថ្ងៃក្រោយមក ក៏បង្កើតបាន Bella ដែលចំខួប៣៧ឆ្នាំរបស់ឪពុក។
 
Martinez និងមិត្តប្រុស Johnny Hernandez មានកូនប្រុសច្បងឈ្មោះ Ethan អាយុ១៥ឆ្នាំ។ ករណីបង្កើតកូនភ្លោះដែលមានគម្លាតខុសគ្នា៣ថ្ងៃនេះ ពួកគាត់មិនបានបញ្ជាក់ប្រាប់ទៅសមាជិកគ្រួសារផ្សេងទៀតឡើយ ប៉ុន្តែម្នាក់ៗសុទ្ធតែបង្កប់នូវចម្ងល់ ដោយសារពួកគេឃើញតែរូប Gabby ដំបូង។
 
វេជ្ជបណ្ឌិត James L. Tadvick បានអះអាងប្រាប់ Fox News Digital តាមអ៊ីម៉ែលថា នេះជាករណីដំបូងដែលលោកបានជួបប្រទះក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន ហើយទារិកាទាំងពីរបន្តស្ថិតក្រោមការថែទាំជាពិសេស។
 
មកដល់ខែមិថុនា នេះ ទារិកាទាំងពីរ មានអាយុ៣ខែហើយ ដោយពួកគេសុទ្ធតែមានសុខភាពល្អ និងកើនទម្ងន់ប្រសើរជាងពេលកើត។ «ពួកគេនៅមន្ទីរពេទ្យនៅឡើយ ដោយពួកគេអាចអភិវឌ្ឍសួតកាន់តែប្រសើរ។ យើងរង់ចាំពួកគេនៅផ្ទះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com