សុខភាព
អន្តរជាតិ
ថ្នាំជក់ បំផ្លាញបរិស្ថាន និងសម្លាប់ជីវិតមនុស្សជាង ៨លាននាក់ជារៀង​រាល់ឆ្នាំ
13, Jun 2022 , 8:29 am        
រូបភាព
រូបភាព៖ Unslash
រូបភាព៖ Unslash
ថ្នាំជក់ ជាឃាតករសម្លាប់មនុស្សជាង ៨លាននាក់ក្នុងពិភពលោកជារៀងរាល់ឆ្នាំ ដោយមនុស្សចំនួន​ ៧លាន​នាក់ បានស្លាប់ដោយសារតែការប្រើប្រាស់ផ្ទាល់ និងជាង១លាននាក់ទៀតស្លាប់ ដោយសារមិនផ្ទាល់។ ក្រៅពីបង្កបញ្ហាសុខភាព ថ្នាំជក់ ក៏បានបំផ្លាញ​បរិស្ថានច្រើនដែរ ដោយគិតតាំងពីពេលផលិតរហូតដល់​ពេលប្រើប្រាស់។

 
ថ្នាំជក់ គឺជាបញ្ហាគំរាមកំហែងសុខភាពសាធារណៈដ៏ធំបំផុតមួយរបស់ពិភពលោក ដែលបាន​សម្លាប់ប្រជាជនជាង ៨លាននាក់ជារៀងរាល់ឆ្នាំ។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មនុស្ស​ប្រមាណ ១,២លាននាក់បានស្លាប់ដោយសារប៉ះពាល់ផ្សែងដោយប្រយោល។ ពួកគេមិនមែន​ជាអ្នកប្រើប្រាស់ថ្នាំជក់ទេ តែបានស្រូបយកផ្សែងពីអ្នកជក់នៅក្បែរខ្លួន។ ចំណែក ៨លាន​នាក់​ទៀត គឺជាអ្នកប្រើប្រាស់ផ្ទាល់។ 
 
ផលិតផលថ្នាំជក់រួមមានបារីកញ្ចប់ បារីអេឡិចត្រូនិច ថ្នាំជក់មូរជាមួយស្លឹករុក្ខជាតិ ថ្នាំជក់ស្ងួត​សម្រាប់បៀម ខ្សៀ និងមានប្រភេទជាច្រើនផ្សេងទៀត។ ថ្នាំជក់គ្រប់ទម្រង់ សុទ្ធតែបង្ក​គ្រោះ​ថ្នាក់ មិនថាប្រើតិច ឬច្រើននោះទេ។ បារីគឺជាទម្រង់នៃថ្នាំជក់ដែលត្រូវបានប្រើច្រើន​ជាងគេនៅទូទាំង​ពិភពលោក។ អ្នកប្រើប្រាស់ថ្នាំជក់ភាគច្រើន ស្ថិតនៅបណ្ដាប្រទេសក្រីក្រ និងប្រទេសមាន​ចំណូលមធ្យម។ 
 
ថ្នាំជក់ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមាត់ និងធ្មេញមនុស្ស។ អ្នកប្រើថ្នាំជក់ ​អាចមានបញ្ហាខូតធ្មេញ រហូតដល់ពុកនិងបាក់ធ្មេញ មានជំងឺអញ្ចាញធ្មេញ ហើយ​អ្នកជក់យូរឆ្នាំ​នឹងមានបញ្ហាមហារីកមាត់។ ចំណែកប្រភេទថ្នាំជក់បៀមដែលគ្មានផ្សែង អាច​បង្កឱ្យមានជំងឺមហារីកផ្លូវ​អាហារ និងលំពែងថែមទៀត។ ស្ត្រីមានផ្ទៃពោះដែលប្រើថ្នាំជក់​ប្រភេទបៀម អាចបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃដូចជា កូនកើតមិនគ្រប់ខែ រារាំងការលូតលាស់ខួរ​ក្បាលរបស់កូនក្នុងផ្ទៃ បង្កើនហានិភ័យជំងឹបេះដូង និងស្ត្រូក។ អ្នកមិនប្រើថ្នាំជក់ តែបានស្រូប​ផ្សែងបារី ក៏អាចមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។
 
ជាក់ស្ដែង ឥណ្ឌាជាប្រទេសដែលមានរងគ្រោះខ្លាំង ដោយសារបញ្ហាថ្នាំជក់ ខណៈប្រទេសនេះមាន​យុវជន ២៦៧លាននាក់ឯណោះ ប្រើប្រាស់ថ្នាំជក់។ ជិតមួយភាគបីនៃអត្រាអ្នកកើតជំងឹមហា​រីកមាត់ធ្មេញក្នុងពិភពលោក  សុទ្ធតែប្រជាជន​ឥណ្ឌា។ អត្រានេះបានកើនឡើង ៦៨ភាគរយ ក្នុង​រយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងប្រហែល ២៦ភាគ​រយបន្ថែមនៅក្នុងឆ្នាំ២០៣០។ ឥណ្ឌាបានចំណាយលុយ ប្រហែល ៣២២លានដុល្លារក្នុងឆ្នាំ ២០២០ លើការព្យាបាលជំងឺមហារីកមាត់របស់ប្រជាជន​ហើយវានឹងកើនឡើងដល់ជាង ៣,២​ពាន់​លានដុល្លារនៅ ១០ឆ្នាំខាងមុខ ដែលជាបន្ទុកសេដ្ឋ​កិច្ចដ៏ធំរបស់ប្រទេស។
 
ក្រៅពីបង្ក​បញ្ហាសុខភាព ថ្នាំជក់បានបំផ្លាញបរិស្ថានយ៉ាងខ្លាំង តាំងពីពេលផលិតថ្នាំជក់ រហូត​ដល់ពេល​មនុស្សប្រើថ្នាំជក់នោះ។ ព្រៃឈើសរុបក្នុងពិភពលោកប្រហែល ៣,៥លានហិកតា​ត្រូវបំផ្លាញសម្រាប់យកដីដាំថ្នាំជក់ជារៀងរាល់ឆ្នាំ។ នៅពេលមនុស្សប្រើប្រាស់ ផ្សែងថ្នាំជក់ក៏​បានបំពុលខ្យល់អាកាសឱ្យអាប់អួថែមទៀត។ សំណល់ថ្នាំជក់ដូចជា កន្ទុយបារី រួមទាំងសំបក​ប្លាស្ទិកនៃកញ្ចប់បារី សុទ្ធតែផ្ទុកសារធាតុគីមីដែលបំពុលដល់ដី ទឹក និងខ្យល់។ 
 
ដូច្នេះគោលការណ៍ទប់ស្កាត់ការផលិត និងប្រើប្រាស់គួរតែត្រូវបានដាក់ចេញ និងលើកទឹកចិត្ត​ឱ្យប្រជាជនអនុវត្តឱ្យបានតឹងរឹង ដើម្បីការពារផលប៉ះពាល់សុខភាព និងបរិស្ថាន។ គោលការណ៍​ទាំងនោះ អាច​មានដូចជា ការណែនាំពី​ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ ការទប់ស្កាត់ការផ្សាយពាណិជ្ជ​កម្ម ការផ្ដល់ជំនួយទៅឱ្យសហគ្រាសផលិត និងការដំឡើងពន្ធថ្នាំជក់ជាដើម៕
 

Tag:
 សុខភាព
  ថ្នាំជក់
© រក្សាសិទ្ធិដោយ thmeythmey.com