អន្តរជាតិ
ការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូងបើកកិច្ចប្រជុំភ្លាមៗ អំឡុងពេលកូរ៉េខាងជើងបាញ់កាំភ្លើងធំ
13, Jun 2022 , 10:37 am        
រូបភាព
លោក Kim Tae-hyo ទីប្រឹក្សាសន្តិសុខជាតិរងទីមួយ។ រូបភាព៖ Yonhap
លោក Kim Tae-hyo ទីប្រឹក្សាសន្តិសុខជាតិរងទីមួយ។ រូបភាព៖ Yonhap
ការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង នៅថ្ងៃទី១២ ខែមិថុនា បានបើកកិច្ចប្រជុំភ្លាមៗ ដើម្បីពិភាក្សាពីការបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង ដែលត្រូវបានសន្មត់ថាបាញ់ពីទម្របាញ់គ្រាប់រ៉ុក្កែត។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ។

 
កូរ៉េខាងជើង នៅថ្ងៃទី១២ ខែមិថុនា ត្រូវបានរាយការណ៍ថា បានបាញ់កាំភ្លើងធំជាច្រើនគ្រាប់នៅចន្លោះម៉ោង ៨ និង០៧នាទីព្រឹក ដល់ ១១ និង០៣ព្រឹក។ ក្នុងវេលាប្រមាណ ១០និង៣០នាទីព្រឹក ការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំភ្លាមៗ ដើម្បីពិភាក្សាពីការបាញ់កាំភ្លើងធំនោះ។ 
 
«អ្នកចូលរួមក្នុងកិច្ចប្រជុំ បានបង្ហាញក្តីបារម្ភថា កូរ៉េខាងជើងបន្តពង្រឹងប្រព័ន្ធអាវុធផ្សេងៗ ដែលបង្កការគំរាមសម្រាប់សន្តិសុខរបស់យើង»។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា អ្នកចូលរួមក៏បានបញ្ជាក់ពីជំហររដ្ឋាភិបាល ដើម្បីឆ្លើយតបដោយស្ងៀមស្ងាត់ និងម៉ត់ចត់ ខណៈពេលក្រុងសេអ៊ូលបន្តពិនិត្យមើលស្ថានការណ៍។ 
 
កិច្ចប្រជុំបន្ទាន់បែបនេះ​ ធ្វើឡើងក្រោមការដឹកនាំរបស់លោក Kim Tae-hyo ទីប្រឹក្សាសន្តិសុខជាតិរងទីមួយ។ ចំណែកលទ្ធផលនៃកិច្ចប្រជុំត្រូវបានផ្តល់ឱ្យទីប្រឹក្សាសន្តិសុខជាតិ លោក Kim Sung-han មុននឹងបន្តទៅដល់ប្រធានាធិបតីកូរ៉េខាងត្បូង លោកយូន សុកយ៉ល។ 
 
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង នៅល្ងាចថ្ងៃដដែលបានជូនដំណឹងថា ការបាញ់នោះមានលក្ខណៈប្រពៃណី ដោយមានការបាញ់មានរយៈចម្ងាយខ្លី និងរយៈកម្ពស់ទាប។ 
 
សូមបញ្ជាក់ថា ការបាញ់កាំភ្លើងធំនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានបង្ហាញពីគោលដៅរបស់ប្រទេស ក្នុងការពង្រឹងអំណាចយោធា និងការស្រាវជ្រាវលើវិស័យការពារជាតិ ដើម្បីការពារអធិបតេយ្យរបស់ខ្លួន៕ 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com