កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែប្រយុទ្ធ Darwin Nunez ផ្ទេរទៅ Liverpool តម្លៃខ្លួនជាង ១០៥លានដុល្លារ
13, Jun 2022 , 2:01 pm        
រូបភាព
ក្លិប SL Benfica បានយល់ព្រមសំណើរលក់ខ្សែប្រយុទ្ធ Darwin Nunez វ័យ២២ឆ្នាំ ទៅឱ្យក្លិប Liverpool ក្នុងតម្លៃជាង ១០០លានអឹរ៉ូ(១០៥លានដុល្លារ)។ នេះបើតាមគេហទំព័រផ្លូវការក្លិប SL Benfica។



Liverpool នឹងត្រូវចំណាយប្រាក់ប្រមាណ ៨០លានអឹរ៉ូ (៨៤លានដុល្លារ) សម្រាប់តម្លៃខ្លួនខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយវ័យ២២ឆ្នាំតែម្តង រួមទាំងប្រាក់បូកបន្ថែម (Add-On) ជាង ២០លានអឺរូ (២១លានដុល្លារ) ។ Nunez នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ឆាប់ៗខាងមុខនេះ ដើម្បីធ្វើតេស្តសុខភាពមុនចូលរួមហ្វឹកហាត់ជាមួយក្រុម។
 
កីឡាករវ័យ២២ឆ្នាំ បានក្លាយជាកីឡាករមានតម្លៃខ្លួនថ្លៃជាងគេប្រចាំក្លិប Liverpool ក្រោយយល់ព្រមកិច្ចសន្យារយៈពេល ៦ឆ្នាំ។ Nunez មានតម្លៃខ្លួនថ្លៃ ១០៥លានដុល្លារជាតម្លៃឯកត្តកម្មរបស់ Liverpool ថ្លៃជាងខ្សែការពារ Virgil van Dijk តម្លៃ៧៩លានដុល្លារ ដែលផ្ទេរពី Southampton កាលឆ្នាំ ២០១៨។
 
រដូវកាល ២០២១-២២ Nunez គឺជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេប្រចាំក្របខណ្ឌកំពូលព័រទុយហ្គាល់ ដោយរកបាន ២៦គ្រាប់ ក្នុងចំណោម ៣៤គ្រាប់រាល់គ្រប់ការប្រកួតរបស់ SL Benfica។ កាលពីខែមេសាកន្លងទៅ ក្នុងជំនួប Champions League រវាង SL Benfica តទល់ Liverpool ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះក៏បានស៊ុតបំប៉ោងសំណាញ់ទីលើហង្សក្រហមទាំងពីរជើង។


 
«យើងនឹងជូនដំណឹងបន្ថែមទៀតអំពីកិច្ចសន្យានេះ ហើយរឿងបន្ទាប់គឺស្ថិតលើការចុះកិច្ចសន្យាជាមួយកីឡាករនិងក្លិប Liverpool។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប​ Benfica។
យ៉ាងណាមិញសម្រាប់លោក Jurgen Klopp បាននិយាយថា ខ្សែប្រយុទ្ធវ័យ២២ឆ្នាំគឺជាកីឡាករ ដែលអាចលេងបានគ្រប់កាលៈទេសៈ​ ហើយបើគេបន្តរក្សាទម្រង់បែបនេះ អនាគតគេនឹងកាន់តែល្អខ្លាំងឡើង។ 
 
«រាងកាយរឹងមាំ រហ័យរហួន បូករួមទាំងចិត្តធ្ងន់ក្នុងការបញ្ចប់សំណាញ់ទី ក្រោយពេលស៊ុតបាល់បញ្ជូលទីគេងាចរក្សាចិត្តរបស់គេធ្ងន់បានល្អ ពិតជាល្អខ្លាំង។ យើងមិនដឹងថានិយាយថាបែបណាសម្រាប់រូបគេក្នុងកាលៈទេសៈនេះឡើយ ប្រសិនបើរូបគេស្ថិតនៅបែបនេះដោយសុខភាពល្អ នោះអនាគតអាជីពដ៏ធំនឹងមករករូបគេ។»។ Klopp និយាយបែបនេះ៕
 

Tag:
 Darwin Nunez
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com