អន្តរជាតិ
លោកឡូរិន វ៉ង នឹងធ្វើជានាយករដ្ឋមន្រ្តីសិង្ហបុរីស្តីទីមួយសប្តាហ៍ ជំនួសលោកលី សៀនឡុង
13, Jun 2022 , 9:29 pm        
រូបភាព
លោក ឡូរិន វ៉ង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរី។ រូបភាព៖ Facebook-Lawrence Wong
លោក ឡូរិន វ៉ង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរី។ រូបភាព៖ Facebook-Lawrence Wong
លោក ឡូរិន វ៉ង (Lawrence Wong) ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរី  បានកាន់តំណែងជានាយករដ្ឋមន្រ្តីសិង្ហបុរីស្តីទីមួយសប្តាហ៍ បន្ទាប់ពីលោក លី សៀនឡុងបានប្រកាសដាក់ច្បាប់ឈប់សម្រាកចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមិថុនា។ ការទទួលតំណែងមួយសប្តាហ៍នេះ ធ្វើឡើងបន្ទាប់ពីលោកត្រូវបានតែងតាំងជាមេដឹកនាំជំនាន់ទី៤ នៃបក្សសកម្មភាពប្រជាជន (PAP)។

 
តាមរយៈសារបង្ហោះលើបណ្តាសង្គម Facebook នៅថ្ងៃទី១២ ខែមិថុនា លោកលី សៀនឡុង ប្រមុខរដ្ឋាភិបាលសិង្ហបុរី បានប្រកាសដាក់ច្បាប់ឈប់សម្រាកមួយសប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមិថុនា។ នាយករដ្ឋមន្រ្តីសិង្ហបុរីរូបនេះ នឹងប្រើរយៈពេលនោះ ដើម្បីអានសៀវភៅ ក៏ដោយពិនិត្យមើលស្ថានភាពប្រទេសខ្លួន។ 
 
ក្នុងអំឡុងពេលអវត្តមានរបស់លោកលី លោក ឡូរិន វ៉ង រដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរី ត្រូវបានតែងតាំងនាយករដ្ឋមន្រ្តីស្តីទី។ ការទទួលបានតំណែងនេះ ធ្វើឡើងក្នុងថ្ងៃតែមួយ ដែលលោកវ៉ង ឡើងតំណែងជាឧបនាយករដ្ឋមន្រ្តីសិង្ហបុរីជាផ្លូវការ។ 
 
ការធ្វើជានាយករដ្ឋមន្រ្តីស្តីទីបែបនេះ អាចជាការសាកល្បងសមត្ថភាពមួយរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុវ័យ ៤៩ឆ្នាំ ដែលអាចក្លាយជានាយករដ្ឋមន្រ្តីសិង្ហបុរីនៅថ្ងៃខាងមុខ។​ នៅក្នុងខែមេសា លោក វ៉ង ត្រូវបានជ្រើសជាមេដឹកនាំជំនាន់ទី៤ របស់បក្សសកម្មភាពប្រជាជនសិង្ហបុរី។ ការជ្រើសរើសនេះ ជាការត្រួសត្រាយផ្លូវសម្រាប់លោក វ៉ង ឱ្យក្លាយជាប្រមុខរដ្ឋាភិបាលសិង្ហបុរីថ្មីនាពេលខាងមុខ បន្ទាប់ពីលោកលី។ 
 
សូមបញ្ជាក់ថា ពេញមួយសប្តាហ៍នេះ លោក វ៉ង ត្រូវធ្វើជារដ្ឋមន្រ្តីហិរញ្ញវត្ថុ, ឧបនាយករដ្ឋមន្រ្តី និងជានាយករដ្ឋមន្រ្តីស្តីទី រួមទាំងដឹកនាំកិច្ចការមួយចំនួនផង៕ 
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com